សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានថ្កោលទោសជនអនាមិកគប់គិតគ្នារំលោភដីព្រៃកោងកាងក្នុងខេត្តកោះកុង

24-គុម្ភះ-2026 - ម៉ោង 01:28:PM

 

ដោយ៖ វិចិត្រ

 

ក្រសួងបរិស្ថាន បានធ្វើការថ្កោលទោសចំពោះជនអនាមិកដែលបានគប់គិតគ្នារំលោភយកដីព្រៃកោងកាង ដែលជាតំបន់ការពារធម្មជាតិ និងជាសម្បត្តិរដ្ឋ ព្រមទាំងប្តេជ្ញាក្នុងការអនុវត្ត ច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអ្នកប្រព្រឹត្តទាំងនោះ។

 

តាមរយៈលិខិតនៅថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងបរិស្ថាន បានធ្វើការថ្កោលទោសចំពោះបុគ្គល ដែលបានគប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ក្នុងភូមិ តាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ដងពែង ដែលជាតំបន់ការពារធម្មជាតិ និងជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយសកម្មភាពនេះជា អំពើខុសច្បាប់។

 

ក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៣៨៤ ត្រង់ចំណុច គ បានបញ្ជត្តិយ៉ាងច្បាស់ថា ការកាប់ ផ្តួល រំលំ គៀវ កាប់បំផ្លាញដើមឈើ បំពុល ឬគាស់រម្លើងគល់ឈើ និងត្រង់ចំណុច ឍ បានបញ្ញត្តិថា ការចាក់លុប ឬចាក់បំពេញដី ដែនទឹក ផ្ទៃរងទឹកភ្លៀង ផ្លូវទឹក បឹងធម្មជាតិ ដីសើម តំបន់ទំនាប ទឹកផុសក្រោមដី ឬ អាងទឹក ដោយគ្មានការអនុញ្ញាត ត្រូវ​បាន​ហាម​ឃាត់​ក្នុងតំបន់ការពារធម្មជាតិ។

 

ក្នុងនោះមាត្រា៣៨៦ នៃក្រមដដែលនេះ ក៏បានបញ្ញត្តិដែរថា បុគ្គលពុំមានសិទ្ធិផ្តល់ការ​អនុញ្ញា​ត ទោះដោយផ្ទាល់ក្តីឬដោយប្រយោលក្តីឱ្យរានដីព្រៃ កាន់កាប់ដី កាប់ដើមឈើ ចាប់សត្វ​ព្រៃ​គ្រប់​ប្រភេទ ឬ ធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីប្រមូលផល អនុផលធនធានធម្មជាតិក្នុងតំបន់​ការពារធម្មជាតិ ដែលផ្ទុយ នឹងបទប្បញ្ញត្តិនៃក្រមនេះ។ ការគប់គិតគ្នាធ្វើសកម្មភាពចាក់ដី និង ទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ដោយពុំមានការអនុញ្ញាត ពីរាជរដ្ឋាភិបាលត្រូវបាន​ចាត់​​​ទុកថាជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ​ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី១រយលានរៀល ទៅ ៥រយលានរៀល ចំពោះបុគ្គលដែល​ប្រព្រឹ​ត្ត​​សកម្មភាពល្មើសនឹងចំណុច ដ នៃមាត្រា៨៥០ និងជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែល​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ ចំពោះបុគ្គលដែល​ប្រព្រឹត្តសកម្មភាព​ល្មើ​ស​​នឹងចំណុច ច នៃមាត្រា៨៥១។

 

ជាមួយគ្នានេះក្រសួងបរិស្ថានបានប្រកាសថ្កោលទោស និងធ្វើការអនុវត្តច្បាប់ចំពោះជនដែល​ប្រព្រឹត្តបទល្មើសធនធានធម្មជាតិ គប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃក្នុងតំបន់ ការពារធម្មជាតិ ដោយគ្មានការអនុញ្ញាត៕

ព័ត៌មានទាក់ទង

អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតម​ន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦ មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញ​ភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម