សារព័ត៌មានបៃតងប៉ុស្តិ៍

អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦

30-មិនា-2026 - ម៉ោង 03:03:PM

ដោយ៖សំនៀង

 

អង្គការអុកស្វាមកម្ពុជា បានរៀបចំកម្មវិធីសម្ពោធររបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦ របស់អង្គការសហប្រជាជាតិ (WWDR) ដែលបោះពុម្ពដោយអង្គការយូណេស្កូ ក្នុងនាម UN-Water។ របាយការណ៍នេះបានចេញផ្សាយនៅថ្ងៃទី ១៩ ខែមីនា មុនទិវាទឹកពិភពលោកឆ្នាំ ២០២៦ នៅថ្ងៃទី២២ ខែមីនា។ ប្រធានបទទិវាទឹកពិភពលោកឆ្នាំនេះ គឺយេនឌ័រ និងទឹក ហើយប្រធានបទនៃយុទ្ធនាការគឺ “កន្លែងដែលទឹកហូរ គឺជាកន្លែងដែលសមភាព និងការរីក​ចម្រើន​ត្រូវបានបង្កើតឡើង”។

 

កម្មវិធីសម្ពោធរបាយការណ៍នេះធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមាន​អ្នកចូលរួមប្រមាណជាង ៧០ នាក់មកពីស្ថាបន័រដ្ឋាភិបាល ទីភ្នាក់ងារអង្គការ​សហ​ប្រជា​ជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល យុវជន និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានចូលរួម ហើយ​នឹងបានពិភាក្សាអំពីវិធីក្នុងការពង្រឹងសមភាពយេនឌ័រ និងការធ្វើឱ្យមាន​បរិយាបន្ន​លើ​គោល​នយោបាយ និងការអនុវត្តបញ្ហាទឹកស្អាត និងអនាម័យនៅកម្ពុជា។

លោកជំទាវ ងិន​​ លីណា​​ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងបរិស្ថាន មានប្រសាសន៍ថា “សន្តិសុខទឹកសម្រាប់ទាំងអស់គ្នា គឺជាអាទិភាពគោលនយោបាយរបស់ រាជរដ្ឋាភិបាល ហើយវាបាននឹងកំពុងកៀងគរកិច្ចសហការពីវិស័យជាច្រើន និងភាពជាដៃគូ សម្រាប់ការអនុវត្តអភិបាលកិច្ចទឹកដែលប្រកបដោយបរិយាបន្នឱ្យកាន់តែប្រសើរឡើង។ បរិយា​កាស​ និង​សកម្មភាពជាច្រើន​ ត្រូវបានគាំទ្រដែលធ្វើឱ្យប្រសើរឡើងនូវភាពជា អ្នកដឹកនាំរបស់ស្ត្រី និងការចូលរួមក្នុងការសម្រេចចិត្តការងារអភិបាលកិច្ចទឹក រួមទាំងការពាក់ ព័ន្ធនឹងលទ្ធភាពទទួលបានហិរញ្ញវត្ថុដែលមានតម្លៃសមរម្យសម្រាប់សហគ្រិនភាពរបស់ស្ត្រី”។

ក្នុងនោះលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានគូសបញ្ជាក់ពីការប្តេជ្ញា​ចិត្ត​យូរអង្វែងរបស់អង្គការអុកស្វាមក្នុងការគាំទ្រ និងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី​ក្នុង​ការងារ​អភិបាលកិច្ចទឹក និងភាពធន់នឹងអាកាសធាតុ។ លោកស្រីបានមានប្រសាសន៍ថា “អង្គការអុកស្វាម និងដៃគូបានសហការរៀបចំវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតជាច្រើន ដែលពង្រឹងការអនុវត្ត និងគោលនយោបាយអភិបាលកិច្ចធនធានធម្មជាតិដែលប្រកបដោយ​បរិយាបន្នយេនឌ័រនៅកម្ពុជា។ វិធីសាស្រ្តរបស់យើងតែងតែនាំមកនូវការផ្លាស់ប្តូរជាប្រព័ន្ធ ដោយ​ធ្វើការលើមូលហេតុចម្បងមួយចំនួនដែលនាំឱ្យមានវិសមភាព និងគម្លាតនិងការ​ក​សាង ​សមត្ថភាពសម្រាប់ឱ្យមានលទ្ធផលរយៈពេលវែង”។

 

ជាមួយគ្នានេះដែរតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក Flavio Bonetti បានលើកឡើង ពីការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូក្នុងការពង្រឹងទំនាក់ទំនងរវាងអភិបាលកិច្ចទឹក សមភាព យេនឌ័រ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅក្នុងអាងទន្លេមេគង្គក្រោម អង្គការ យូណេស្កូកំពុងធ្វើការទាក់ទងនិងគម្លាតរវាង ទិន្នន័យ​និងសមត្ថភាពក្នុងការគ្រប់គ្រងទឹក ក្រោមដីឆ្លងព្រំដែន ព្រមទាំងការងារលើកកម្ពស់ការចូលរួមដោយស្មើភាពរបស់ស្ត្រីតាមរយៈ ចំណុចបង្គោលយេនឌ័រ និងផែនការសកម្មភាពយេនឌ័រទឹកក្រោមដី។ លើសពីនេះទៀត គម្រោងបម្រុងជីវមណ្ឌលបឹងទន្លេសាប (TSBR) បានបង្កើតយន្តការស្ត្រីជាអ្នកដឹកនាំកម្រិត ខ្ពស់ ក្នុងកិច្ចការសម្របសម្រួលដើម្បីធានាអភិបាលកិច្ចរឹងមាំ និងបញ្ចូលសមភាពយេនឌ័រក្នុង ការអនុវត្តផែនការយុទ្ធសាស្ត្ររបស់គម្រោង។

 

កម្មវិធីសម្ពោធរបាយការណ៍នេះធ្វើឡើងរួមគ្នាដោយអង្គការអុកស្វាម ដែលជាផ្នែកមួយនៃ គម្រោងបរិយាបន្នអភិបាលកិច្ចទឹកទន្លមេគង្គ និងគម្រោងភាពធន់នឹងអាកាសធាតុ ដែលផ្តល់ មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហ ប្រតិបត្តិការ (SDC) និងការិយាល័យអង្គការយូណេស្កូកម្ពុជា៕

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃ​ឆែប-ព្រះរការ អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតម​ន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម