
ដោយ៖កែវ រតនៈ
យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦បានឱ្យដឹងថា អង្គការអុកស្វាមកម្ពុជា សហការជាមួយអង្គការសង្គមស៊ីវិល សហគមន៍តាមដងទន្លេ និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ បានរួមគ្នាប្រារព្ធអបអរសាទរទិវាសំខាន់ចំនួន៣ ពីថ្ងៃ២៤ដល់២៦ មីនា ២០២៦ រួមមាន ទិវាអន្តរជាតិនារី ទិវាអន្តរជាតិនៃសកម្មភាពសម្រាប់ទន្លេ និងទិវាទឹកពិភពលោក នៅខេត្តស្ទឹងត្រែង។
អ្នកចូលរួមជាង៩០នាក់ រួមមានស្ត្រី យុវជន ជនជាតិដើមភាគតិច ជនមានពិការភាព ស្ថាប័នរដ្ឋាភិបាល ស្ថាប័នសិក្សាស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា បានជួបជុំគ្នាដើម្បីបង្ហាញពីប្រធានបទ "ទឹក ទន្លេ ភាពធន់ និង បរិយាបន្ន (សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម)"។ ការប្រារព្ធពិធីនេះបានប្រមូលផ្តុំនូវវត្តមានចម្រុះមកជួបជុំគ្នា ដើម្បីសិក្សាអំពីគំនិតផ្តួចផ្តើមដឹកនាំដោយសហគមន៍ ចែករំលែកចំណេះដឹង និងជំរុញសកម្មភាពរួមគ្នាសម្រាប់ការគ្រប់គ្រងទឹកប្រកបដោយភាពធន់ និងចីរភាព។
ការប្រារព្ធពិធីនៅខេត្តស្ទឹងត្រែង និងក្រចេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសំខាន់ៗនៅទូទាំងអាងទន្លេមេគង្គ ស្របពេលដែលការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍធនធានទឹក និងការប្រើប្រាស់ធនធានមិនមានចីរភាពគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅរបស់សហគមន៍។ សកម្មភាពក្នុងស្រុកទាំងនេះស្របនឹងការប្តេជ្ញាចិត្តជាសកល ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសគោលដៅទី៦ (ទឹកស្អាត និងអនាម័យ) គោលដៅទី១៣ (សកម្មភាពអាកាសធាតុ) និងគោលដៅទី១៥ (ជីវិតនៅលើដី) និងពង្រឹងការអំពាវនាវរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រាប់ភាពធន់នៃអាកាសធាតុដែលដឹកនាំដោយសហគមន៍។
ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា អាងទន្លេមេគង្គគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។ ការពង្រឹងអភិបាលកិច្ចទឹកមានន័យថាស្តាប់សហគមន៍ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធទាំងអស់ ដូច្នេះការសម្រេចចិត្តនាំឱ្យមានភាពធន់ពិតប្រាកដ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ការការពារប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ មានន័យថា ការការពារសរសៃឈាមជីវិតរបស់សហគមន៍របស់យើង ការលើកកម្ពស់សុខភាពសាធារណៈ ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងឱកាសេស្ឋកិច្ច។ តាមរយៈការដើរជាមួយគ្នាគឺបង្ហាញពីភាពសាមគ្គី និងការទទួលខុសត្រូវរួមរបស់យើងក្នុងការការពារជីវៈចម្រុះ បេតិកភណ្ឌវប្បធម៌ សុខមាលភាព និងជីវភាពរស់នៅនាពេលអនាគតរបស់មនុស្សរាប់លាននាក់ដែលពឹងផ្អែកលើទន្លេ។ ការរៀបចំគម្រោងអភិវឌ្ឍន៍ណាមួយត្រូវពិគ្រោះយោបល់ប្រកបដោយបរិយាបន្ន និងតម្លាភាពជាមួយសហគមន៍ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍មានទំនួលខុសត្រូវខាងសង្គមសេដ្ឋកិច្ច និងបរិស្ថាន ហើយយុវជនគឺជាកម្លាំងស្នូល ដែលត្រូវចូលរួមចំណែកទទួលខុសត្រូវ»។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមកម្ពុជា បានមានប្រសាសន៍ថា “នៅចំពោះមុខការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងដល់អត្ថិភាព ការការពារទន្លេតម្រូវឱ្យមានអភិបាលកិច្ចបែបបរិយាបន្ន កិច្ចសហប្រតិបត្តិការឆ្លងដែន និងការអនុវត្តប្រកបដោយចីរភាព។ ការចូលរួម និងសំឡេងជាពិសេសរបស់ក្រុមងាយរងគ្រោះបំផុតគឺជាការចាំបាច់។ នៅពេលដែលសំឡេងចម្រុះ ត្រូវបានឮសម្រាប់ការធ្វើការសម្រេចចិត្ត ទន្លេត្រូវបានគ្រប់គ្រងប្រកបដោយចីរភាពដែលមានភាពធន់ និងសមធម៌សម្រាប់មនុស្សជំនាន់ក្រោយៗទៀត”។
លោក ម៉ែន គង់ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ”ទឹកទន្លេមេគង្គ និងទន្លេងផ្សេងៗទៀត មានសារ:សំខាន់ណាស់ក្នុងការរក្សាប្រ័ន្ធជីវៈចម្រុៈ និនជីវភាពរបស់ប្រជាជនតាមដងទន្លេទាំងនៅខេត្តស្ទឹងត្រែង និងក្នុងតំបន់មេគង្គ។ ការគ្រប់គ្រងធនធានទឹកតាមសហគមន៍មានសារៈសំខាន់ណាស់ដើម្បីធានាបរិយាបន្ន និងនិរន្តរភាព”។
កញ្ញា ចេង ភារុន តំណាងស្រ្តី មកពីសហគមន៍កោះក្រូច ខេត្តស្ទឹងត្រែង បាននិយាយថា “ជំនាន់របស់យើងកំពុងទទួលមរតកទាំងសម្រស់ធម្មជាតិ និងបញ្ហាប្រឈមនៃទន្លេមេគង្គ។ តាមរយៈការធ្វើការរួមគ្នា និងភាពជាអ្នកដឹកនាំរបស់សហគមន៍ ជាពិសេសជនជាតិដើមភាគតិច និងស្ត្រី យើងកំពុងបង្ហាញថា ការការពារទន្លេ មិនមែនសម្រាប់តែការរស់រានមានជីវិតប៉ុណ្ណោះ ប៉ុន្តែជាយុត្តិធម៌នៃការប្រើប្រាស់ធនធាន អត្តសញ្ញាណ និងអនាគតរួមរបស់យើង”។
អ្នកចូលរួម បានស្នើដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពង្រឹងគោលនយោបាយការពារទន្លេ ដើម្បីធានាសិទ្ធិរស់រានមានជីវិត សិទ្ធិសេដ្ឋកិច្ច សង្គម និងបរិស្ថាន របស់ស្រ្តី កុមារ ជនមានពិការភាព យុវជន និងជនងាយរងគ្រោះផ្សេងៗ។ រាល់គម្រោងអភិវឌ្ឍន៍ដែលទាក់ទងនឹងទន្លេត្រូវមានការសិក្សា និងពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយ ដើម្បីធានាថា សំណូមពរ និងកង្វល់របស់សហគមន៍ត្រូវបានពិចារណា និងរៀបចំផែនការត្រឹមត្រូវសម្រាប់ការការពារបរិស្ថាន វប្បធម៌ និងសង្គមប្រកបដោយចីរភាព៕






រូបភាព៖ អង្គការអុកស្វាម
អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ
UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ
អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព
មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន
វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី
រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតមន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ
គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប
អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦
មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ
07-ឧសភា-2026 - ម៉ោង 09:51:AM
06-ឧសភា-2026 - ម៉ោង 04:59:PM
04-ឧសភា-2026 - ម៉ោង 10:13:AM
28-មេសា-2026 - ម៉ោង 10:18:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា