
ដោយ៖ សំនៀង
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈជូនសាធារណជន ចូលទស្សនា កម្សាន្ត ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ នេះបើតាមការជូនដំណឹងរបស់ ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពី ការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដា្ឋនអន្តរជាតិភ្នំពេញចាស់ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
សេចក្ដីជូនដំណឹងបានបន្តថា ប្រជាពលរដ្ឋអាចចូលទស្សនាជុំវិញតំបន់ និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្លិត និងប៉មបញ្ជហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ តំបន់ជុំវិញបរិវេណអគារចេញចូលអ្នកដំណើរវីអាយភី (VIP) ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។
បន្ថែមលើនេះ រដ្ឋាភិបាលបានតុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗដែលមានរូបភាពជាល្បែងប្រពៃណីជាតិខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ ២០២៦ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។
សេចក្តីជូនដំណឹងដដែលនេះបានឱ្យដឹងដែរថា ការបើកសាកល្បងនេះ មានរយៈពេល ៩ ថ្ងៃ គឺ ចាប់ពីថ្ងៃសៅរ៍ ទី១១ រហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញចូល ចាប់ពីម៉ោង ៥:០០ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង ៩:០០ យប់។
សម្រាប់ប្រជាពលរដ្ឋចូលកម្សាន្តដោយថ្មើរជើង ចេញចូលតាមច្រក វីអាយភី (VIP) (ចំណុចលេខ១)។ ប្រជាពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចូលតាមច្រកអគារ Terminal (ចំណុចលេខ ៣)។ ប្រជាពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចេញតាមច្រកអគារ Terminal (ចំណុចលេខ ២)។
ក្នុងនោះក្រុមការងារក៏បានស្នើឱ្យប្រជាពលរដ្ឋត្រូវចូលរួមរក្សាអនាម័យ និងសណ្ដាប់ធ្នាប់ ដោយប្រើប្រាស់បន្ទប់ទឹកចល័ត និងធុងសម្រាមឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ (ចំណុចលេខ ៦, ៧, ៨ និង៩)។
ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមស្លាកសញ្ញា និងការណែនាំ សម្រាប់គ្រប់បរិវេណដែលហាមឃាត់ និងហាមដាច់ខាតមិនឱ្យមានការលក់ដូរ មិនឱ្យមានការយកចូល និងពិសាគ្រឿងស្រវឹង និងមិនឱ្យមាន ការយកចូល និងប្រើប្រាស់កាំជ្រួច និងគ្រឿងផ្ទុះ នានា នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ជាមួយគ្នានេះសេចក្តីជូនដំណឹងនេះក៏បានកំណត់អំពីតម្លៃនៃការផ្ញើយានជំនិះគ្រប់ប្រភេទផងដែរ ដោយក្នុងនោះម៉ូតូមួយគ្រឿងតម្លៃ១ពាន់រៀល ហើយឡានមួយគ្រឿងតម្លៃ២ពាន់រៀល។ ដោយឡែកសម្រាប់ការផ្ញើកង់ ក្រុមការងារកំណត់មិនឱ្យយកថ្លៃផ្ញើឡើយ៕

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ សម្រាប់សាធារណជនចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា»
កម្ពុជាលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនទាំងអស់ ប៉ុន្តែមិនរាប់បញ្ចូលចិនតៃវ៉ាន់
អ្នកនាំពាក្យឱ្យដឹងថាតំបន់ទេសចរណ៍ក្នុងខេត្តឧត្តរមានជ័យនឹងកាន់តែទាក់ទាញការចាប់អារម្មណ៍ប្រសិនបើស្ថានភាពវិលទៅរកស្ថានភាពដូចដើម
ក្នុងខែកក្កដា ឆ្នាំ២០២៥ ប្រាសាទព្រះវិហារទទួលភ្ញៀវទេសចរណ៍សរុប ៩ ៥៣៤នាក់ ខណៈប្រាសាទកោះកេរទទួលបាន ៧ ៣៣៥នាក់
ក្រសួងរៀបចំដែនដី ផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែ ជាសហគមន៍គំរូ រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ក្រសួងកំពុងអភិវឌ្ឍតំបន់អេកូទេសចរណ៍ជាច្រើន ដែលទាក់ទាញ ចំណូលទ្រទ្រង់ជីវភាពប្រជាសហគមន៍
ភ្ញៀវទេសចរជិត២៤លាននាក់ធ្វើដំណើរកម្សាន្តទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ
សង្ក្រាន្តវត្តភ្នំទទួលភ្ញៀវទេសចរជិត៣លាននាក់ ក្នុងរយៈពេល៣ថ្ងៃ
14-គុម្ភះ-2026 - ម៉ោង 08:44:AM
16-មករា-2026 - ម៉ោង 11:04:AM
26-សីហា-2025 - ម៉ោង 10:18:AM
01-សីហា-2025 - ម៉ោង 03:08:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា