
ដោយ៖ សំនៀង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីផ្សព្វផ្សាយស្តីពី ភាពតានតឹងដោយកម្តៅ ការដុតកម្ទេចក្រណាត់ និងសុវត្ថិភាពអគ្គិភ័យ នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ជា សុខនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី រួមជាមួយបុគ្គលិកទទួលបន្ទុកផ្នែករដ្ឋបាល ធនធានមនុស្ស គ្រូពេទ្យសហគ្រាស ក្រុមការងារសុវត្ថិភាពនិងសុខភាពការងារ និងតំណាងកម្មករនិយោជិត ប្រមាណជាង ៥០០នាក់។
តាមរយៈកម្មវិធីដែលរៀបចំឡើងតាមប្រព័ន្ធនិម្មិត ZOOM លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវស្វែងយល់ឱ្យកាន់តែច្បាស់អំពីផលប៉ះពាល់ នៃភាពតានតឹងដោយកម្តៅ (Heat Stress) ការដុតកម្ទេចក្រណាត់ និងសុវត្ថិភាពអគ្គិភ័យនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បីដាក់ចេញជាមធ្យោយបាយ និងវិធានការនានា ក្នុងការគ្រប់គ្រងកម្តៅ ការដុតកម្ទេចក្រណាត់ និងគ្រោះថ្នាក់ដោយអគ្គិភ័យនៅកន្លែងធ្វើការប្រកបដោយប្រសិទ្ធភាព។ លោកជំទាវ បានសង្កត់ធ្ងន់ពីយុទ្ធសាស្ត្រគន្លឹះចំនួន ៦ ដែលក្រសួងកំពុងយកចិត្តទុកដាក់ យុទ្ធសាស្ត្រទាំងនោះរួមមាន ការរៀបចំក្របខ័ណ្ឌច្បាប់ និងគោលនយោបាយឱ្យស្របតាមបទដ្ឋានអន្តរជាតិ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារ ទាំងថ្នាក់ជាតិ និងសហគ្រាស ការពង្រឹងការអនុវត្តច្បាប់តាមរយៈអធិការកិច្ចការងារ ការបង្កើនកិច្ចសហការរវាងនិយោជកនិងកម្មករនិយោជិត ការលើកកម្ពស់បរិយាកាសការងារក្នុងសហគ្រាសខ្នាតតូចនិងមធ្យម និងការលុបបំបាត់ពលកម្មកុមារព្រមទាំងការបង្ការជំងឺផ្សេងៗនៅកន្លែងធ្វើការ។
ជាមួយគ្នានេះ លោកជំទាវ បានរំលេចនូវបញ្ហាចំនួន ៣សំខាន់ៗ ដែលត្រូវបានលើកយកមកធ្វើបទបង្ហាញក្នុងពិធីនាពេលនេះរួមមាន៖ ភាពតានតឹងនៃកម្តៅ សុវត្ថិភាពឡចំហាយ និងផលប៉ះពាល់ពីការដុតកម្ទេចក្រណាត់ក្នុងឡចំហាយ និងសុវត្ថិភាពអគ្គិភ័យនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ។ ជារួម បញ្ហាទាំងបីនេះ បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ដែលធ្វើឱ្យផលិតភាពការងារថយចុះនៅពេលដែលសមត្ថភាពធ្វើការរបស់កម្មករនិយោជិតកាត់បន្ថយដោយសារអាកាសធាតុក្តៅ ឬត្រូវការពេលសម្រាកច្រើន ឬអវត្តមានពីការងារដោយសារបញ្ហាសុខភាព។ ផលប៉ះពាល់ដោយសារកម្តៅនៅកន្លែងធ្វើការងារ ដែលជាបញ្ហាសកល មិនបានបញ្ចប់ត្រឹមកន្លែងធ្វើការទេ ប៉ុន្តែបានបន្តប៉ះពាល់ដល់គ្រួសារ និងសហគមន៍ថែមទៀតផង។
លោកជំទាវ បញ្ជាក់បន្ថែមថា ក្រសួងកំពុងពន្លឿនការកសាងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ក្រោមការជួយជ្រោមជ្រែងពីជំនាញការនៃសាធារណរដ្ឋកូរ៉េ និងអង្គការ ILO ដើម្បីធានាបាននូវបរិយាកាសការងារល្អ និងបង្កើនផលិតភាពការងារ។ ក្រៅពីការរៀបចំច្បាប់ ក្រសួងក៏បានដាក់ចេញនូវកម្មវិធីគាំទ្រជាក់ស្តែងជាច្រើនដើម្បីដោះស្រាយបញ្ហាឱ្យដល់សហគ្រាស ក្រុមហ៊ុន រោងចក្រផងដែរ៕
កម្មករជិត១០០នាក់ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា
ក្មេងទំនើងជិត៨រយនាក់ ត្រូវបានផ្ទេរទៅព័ន្ធនាគារខេត្តជាប់ព្រំដែនចំនួន២ ដើម្បីបង្វឹកបង្វឺនជំនាញ
ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង៨លានដុល្លារដល់ កម្ពុជា សម្រាប់អនុវត្តគម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម
សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ
ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក
22-ឧសភា-2026 - ម៉ោង 09:38:AM
22-ឧសភា-2026 - ម៉ោង 09:36:AM
20-ឧសភា-2026 - ម៉ោង 09:55:AM
18-ឧសភា-2026 - ម៉ោង 11:52:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា