សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបង្ហាញពីវត្តមានសត្វខ្លាត្រីមួយក្បាលនៅតំបន់បឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់

ម្សិលមិញ ម៉ោង 10:54:AM

 

ដោយ៖ វិចិត្រ

 

ក្រសួងបរិស្ថាន តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២ ខែកុម្ភៈនេះបានបញ្ជាក់ពី​វត្តមានសត្វខ្លាត្រី មួយក្បាល ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះ​ឃើញ​ជា​ថ្មីម្តងទៀត នៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្ដារឡើងវិញនៃខេត្តពោធិ៍សាត់ ជុំវិញ​បឹង​ទន្លេ​សាប តាមរយៈរូបភាពចំនួន ៤៦សន្លឹក ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់​កណ្តាល​ឆ្នាំ២០២៥។ បើតាមក្រសួងបរិស្ថាននេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផល វិជ្ជមាននៃកិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការងារគ្រប់គ្រងរយៈពេលជាងមួយទស្សវត្សនេះ តាមរយៈ​កិច្ច​សហការយ៉ាង​ជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយ អង្គការអភិរក្សអន្តរជាតិ ហៅកាត់ថា CI។

 

លោកស្រី Vanessa Herranz Muñoz ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រី (FCEE) និង​ជាសមា​ជិកនៃអ្នកជំនាញ បច្ចេកទេសអភិរក្សខ្លាត្រី ដែលត្រូវបានដកស្រង់នៅក្នុងសេចក្តីប្រកាសព័ត៌​មាននេះ ដោយលោកស្រីបានបញ្ជាក់ថា រូបភាពនេះគឺពិតជារូបសត្វខ្លាត្រីប្រាកដមែន ដោយ​លោកស្រីសង្កត់ធ្ងន់ដែរថា កំណត់ត្រាសត្វនេះនៅអាស៊ីអាគ្នេយ៍គឺមានការខ្វះខាតខ្លាំង ហើយចំនួនវានៅក្នុងប្រទេសកម្ពុជាប្រហែលនៅមានតិចតួចប៉ុណ្ណោះ។ នេះគឺជាកំណត់ត្រា​លើកទីពីរ ដែលត្រូវបានបញ្ជាក់វត្តមាននៃសត្វខ្លាត្រីនៅក្នុងតំបន់ទន្លេសាបទាំងមូល ហើយវា​ផ្តល់ឱ្យយើងនូវក្តីសង្ឃឹមសម្រាប់ការស្តារឡើងវិញនូវប្រភេទសត្វខ្លាដ៏សំខាន់នេះ។

 

សត្វខ្លាត្រី មានដើមកំណើតនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយត្រូវបានចុះក្នុង​បញ្ជីក្រហមរបស់អង្គការIUCN ជាក្រុមងាយរងគ្រោះ ដោយមានចំនួនរបស់វាត្រូវបាន​អ្នក​វិទ្យា​សាស្ត្រ​ប៉ាន់ប្រមាណថា មានតិចជាង១ម៉ឺនក្បាលនៅទូទាំងពិភពលោក។​ សត្វខ្លាត្រីជាប្រ​ភេទ​សត្វមានរូបរាងទាក់ទាញ វាមានមាឌធំជាងឆ្មាស្រុក២ដង ហើយច្រើនរស់នៅតែឯកឯង។ សត្វខ្លាត្រី ប្រមាញ់ និងរកចំណី ដោយប្រើក្រញាំមុខដ៏រឹងមាំរបស់វា។ សត្វនេះអាច ហែលទឹក បានយ៉ាងជំនាញ ហើយមុជទឹកចាប់ត្រីយ៉ាងរហ័ស។ ចំណីចម្បងរបស់វាមានដូចជាសត្វត្រី សត្វកកេរ សត្វស្លាប និងសត្វលូនជាដើម។ នៅប្រទេសកម្ពុជា កំណត់ត្រាដែលបាន​បញ្ជាក់ អំពីខ្លាត្រី ពុំសូវមានច្រើននោះទេ ដោយគេឃើញមានកំណត់ត្រាវត្តមាន នៃសត្វនេះ​នៅតំបន់​មួយចំនួនដូចជាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព តំបន់ព្រៃកោងកាង ឧទ្យានជាតិរាម និង​តំបន់រ៉ាមសារបឹងទន្លេឆ្មារ ជាគំហើញទី១កាលពីឆ្នាំ២០២២។ ការបញ្ជាក់ពីវត្តមានសត្វនេះជា រឿយៗប្រឈមនឹងបញ្ហាកំណត់អត្តសញ្ញាណដោយរូបរាងវាងាយច្រលំនឹងឆ្មារដាវ។

 

ក្នុងនោះលោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា បានកត់សំ​គាល់​ថា ការត្រឡប់មកវិញរបស់ ខ្លាត្រីនេះ គឺជាសក្ខីភាព​នៃការស្ដារតំបន់​ដី​សើម​ដែល​ផ្អែក​មូល​ដ្ឋាន​វិធីសាស្ត្របែបវិទ្យាសាស្ត្ររយៈពេលវែង ជាពិសេស គឺការចូលរួមពីសហគមន៍មូលដ្ឋាន ដោយ​គាំទ្រពីរាជរដ្ឋាភិបាល និងដៃគូនានាផងដែរ។ បើតាមលោក សូនី តាមរយៈការស្តារសុខ​ភាពអេកូឡូស៊ី​ឡើង​វិញ យើងកំពុងរក្សាបាននូវជម្រកដែលមានតម្លៃឥតគណនាសម្រាប់​មនុ​ស្ស និងជីវចម្រុះ ទន្ទឹមនឹងការជម្រុញភាពធន់នឹងអាកាសធាតុ និងពង្រឹងជីវភាពរស់​នៅរបស់​សហគមន៍​ក្នុង​តំ​បន់​នោះផងដែរ។

 

ជាមួយគ្នានេះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាន​ប្រ​សា​ស​ន៍ថា វត្តមាននៃសត្វខ្លាត្រីនៅក្នុងតំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប ជាសូចនាករ​ដ៏​សំខាន់​មួយដែលបង្ហាញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រងធនធានជលផល និងប្រព័ន្ធអេកូឡូស៊ី​ព្រៃ​លិ​ច​​ទឹករយៈពេលវែងរបស់កម្ពុជា។ ឯកឧត្តមបន្តថា ការណ៍នេះសបញ្ជាក់ពីសារៈសំខាន់​នៃ​ការស្តារ​និង​ការ​ពារ​​ជម្រក ព្រៃលិចទឹកឡើងវិញ ដែលមិនត្រឹមតែមានផលប្រយោជន៍ដល់ការ​អភិរក្ស​ជីវៈ​ចម្រុះ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញនិរន្តរភាព នៃការរក្សាធនធានជលផល និង​ពង្រឹងជីវភាព​រស់​នៅ​របស់សហគមន៍ដែលពឹងផ្អែកលើតំបន់ដីសើមនេះផងដែរ។

 

ជុំវិញការប្រទះឃើញឡើងវិញនូវត្តមានសត្វខ្លាត្រីនៅតំបន់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់នេះដែរ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិ​ស្ថាន បានមានប្រសាសន៍ថា របក​គំ​ហើញ​នេះគឺជាភស្តុតាងបង្ហាញពីការរីកចម្រើននៃប្រ​ភេ​ទ​​​ជីវៈចម្រុះ​ដ៏សំខាន់​នៅតាម​តំបន់ការពារ​ធម្ម​ជាតិ​​​នៅកម្ពុជា និងពីការដាក់ចេញ​ដ៏ត្រឹម​ត្រូ​វ​នៃគោលនយោបាយរបស់កម្ពុជា ក្នុងនោះ​មាន​យុទ្ធ​​សាស្រ្តចក្រាវិស័យបរិស្ថាន និងកិច្ច​ខិត​ខំ​ប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអ្នកពាក់​ព័ន្ធ​លើ​ការងារអភិរក្សគ្រប់គ្រង និងអភិវឌ្ឍ​វិស័យ​បរិស្ថាន និងធនធានធម្មជាតិយ៉ាងសកម្ម និង​ប្រកបដោយប្រសិទ្ធភាព ជាពិសេស ការចូល​រួម​កសាង ភាពស្អាត និងពង្រីកភាពបៃតងប្រកប​ដោយចីរភាព នៅក្នុងប្រទេសកម្ពុជានា​ពេល​បច្ចុប្បន្ន សម្រាប់អនាគត។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា វាក៏បាន​ឆ្លុះ​បញ្ចាំង​ទាំងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការ​ចូលរួមជាមួយនឹងពិភពលោកដើម្បីឆ្លើយ​តប​នឹងការ​ប្រែប្រួលអាកាសធាតុ ក្របខ័ណ្ឌ​ជីវៈ​ចម្រុះសកល និងបង្កើនភាពបៃតងនៃភពផែនដី សម្រាប់​អ្នក​ជំនាន់ក្រោយ។

 

ចាប់តាំងពីឆ្នាំ២០១០មក អង្គការអភិរក្សអន្តរជាតិ សហការជាមួយ​សហ​គមន៍​នេសាទ​ក្នុង​ស្រុក​ចំនួន ១៦ រដ្ឋបាលជលផល និងក្រសួងបរិស្ថាន បានស្តារព្រៃលិច​ទឹក​ដែលបាន​ប្រមា​ណ​ជាង ១ ០០០ ហិកតា នៅជុំវិញបឹង ទន្លេសាប។ កិច្ចខិតខំប្រឹង​ប្រែង​រួម​ក្នុង​ការ​ស្ដារតំបន់​ដីសើម​ឡើងវិញរួមមាន ការដាំដើមឈើដើមឡើងវិញ និងការលើកទឹកចិត្ត​ដល់​ការការពារទីជម្រក ដោយល្បាតជាប្រចាំ អនុវត្តវិធានការបង្ការអគ្គីភ័យ និងគាំទ្រដោយ​ផ្ទាល់​ដល់​ជីវភាពរស់នៅ​របស់សហគមន៍ក្នុងតំបន់ជាដើម៕

ព័ត៌មានទាក់ទង

ប្រេស៊ីល និងកម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបរិស្ថាន ដោយវិធានការច្បាប់ជាតិ-អន្តរ​ជាតិសម្រាប់មនុស្សជំនាន់ក្រោយ ក្រសួងបង្ហាញពីវត្តមានសត្វខ្លាត្រីមួយក្បាលនៅតំបន់បឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានសម្រេចផ្អាកសកម្មភាពអាជីវកម្មខ្សាច់១កន្លែង ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ហ្វូងសត្វក្ងោកបៃតងចំនួន២០ក្បាលត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃតាតៃប្រទះឃើញបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថានបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិចំនួន១០០០បង្គោលនៅឆ្នាំ២០២៥ ដើម្បីធានាការគ្រប់គ្រងតំបន់ធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព អាកាសធាតុនៅកម្ពុជានៅបន្តធ្លាក់ត្រជាក់រហូតដល់ពាក់កណ្តាលខែមករា ជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ បានធ្វើឱ្យប៉ះពាល់ប្រជាជនចំនួន​៣,៧៤២គ្រួសារ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ នឹងប្រារព្ធធ្វើឡើងនៅទីរួមខេត្តតាកែវ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម