សារព័ត៌មានបៃតងប៉ុស្តិ៍

ហ្វូងសត្វក្ងោកបៃតងចំនួន២០ក្បាលត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

14-មករា-2026 - ម៉ោង 12:55:PM

ដោយ៖ វិចិត្រ

 

ក្រសួងបរិស្ថានបានឱ្យដឹងថា ហ្វូងសត្វក្ងោកបៃតងចំនួន២០ក្បាល ត្រូវបាន​ប្រទះឃើញ​កំពុង​ដើររកស៊ីចំណីនៅតាមជើងភ្នំ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពង់ស្ពឺ។ ការប្រទះឃើញហ្វូងសត្វក្ងោកទាំងនេះ កើតឡើងនៅក្នុងការដើរល្បាតរបស់​មន្ត្រីឧទ្យានុ​រក្ស​សហការជាមួយគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍​ធម្ម​ជាតិកម្ពុជា» នៃក្រ​សួ​ង​បរិស្ថានដោយប្រើប្រាស់ប្រព័ន្ធស្មាត(SMART) កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។

 

ក្ងោកបៃតង ឬ ក្ងោក មានឈ្មោះជាភាសាអង់គ្លេសហៅថា Green Peafowl ហើយដែល​ឈ្មោះ​វិទ្យាសាស្រ្តហៅថា Pavo muticus។ ក្ងោកឈ្មោលមានបណ្តោយខ្លួនធំ ជើងវែង កវែង ស្លាប និងខ្លួនមានពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែងមានដៅពណ៌លឿងលាយ​ខៀវ​ដូចជាភ្នែករាប់រយ ហើយញីមានរូបរាងស្រដៀងឈ្មោលដែរ ប៉ុន្តែពណ៌ស្រអាប់​ជាង​ និង​មាន​កន្ទុយខ្លី។

 

ក្ងោកមានវត្តមាននៅស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ដែលភាគច្រើនរស់នៅតំបន់ព្រៃ ល្បោះចម្រុះ តាមមាត់ទឹក ជាយព្រៃឬស្សី ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ ក្ងោកស្ថិត​ក្នុងក្រុមប្រភេទសត្វមានដោយកម្រ តាមចំណាត់ប្រទេសកម្ពុជា និងបានចុះក្នុងបញ្ជីក្រហម​អាយយូស៊ីអិន IUCN (EN) ជាប្រភេទជិតផុតពូជ និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ២ នៃអនុ​សញ្ញាសាយតេស CITES។ ជាមួយគ្នានេះក្ងោកកំពុងប្រឈមរងគ្រោះដោយសារការទាក់ចាប់ និងបាត់បង់ទីជម្រក។

 

សត្វក្ងោកបៃតងនេះ ត្រូវបានគេរកឃើញវត្តមានរបស់ពួកវានៅតាមបណ្តាប្រទេសជាច្រើន ចាប់ពី​ប្រ​ទេ​សចិន រហូតដល់ប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម និងថៃ។ ប៉ុន្តែគួរ​ឱ្យ​សោ​ក​ស្តាយ ក្ងោកប្រភេទនេះជាច្រើនត្រូវបានបាត់បង់ ហើយបច្ចុប្បន្នត្រូវបានចាត់ទុកថា ផុតពូជ នៅ​ក្នុង​ប្រទេសបង់ក្លាដែស ឥណ្ឌា និងម៉ាឡេស៊ី។

 

ក្រសួងបរិស្ថានបញ្ជាក់ថា ខ្លួនបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុប​បំ​បាត់ និងបង្ក្រាប​នូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើស​បរិ​ស្ថាន ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេស​ក្រម​បរិស្ថាន និងធនធានធម្មជាតិ៕

 

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតម​ន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦ មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញ​ភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ អង្គការអុកស្វាម និងសហគមន៍តាមដងទន្លេមេគង្គរួមគ្នាអបអរសាទរទិវាពិភពលោកទឹក និងទន្លេ មន្ទីរបរិស្ថានខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធធ្វើយុទ្ធនាការសម្អាតអនាម័យក្នុងក្រុងក្រចេះ ត្រៀមរៀបចំបុណ្យទន្លេ កម្ពុជាឈានមុខគេនៅក្នុងថាមពលកកើតឡើងវិញ និងត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល រដ្ឋមន្ត្រីក្រសួងបរិស្ថានគាំទ្រការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ ក្រសួងបរិស្ថានចាត់វិធានការលើអាជីវកម្មគ្រឿងអលង្ការមួយកន្លែង ឱ្យបញ្ឈប់ការចម្រាញ់​មាស​នៅលើទីវាល ដែលជា​ប្រភព​ធ្វើឱ្យ​គុណភាព​ខ្យល់​ធ្លាក់ចុះ និង​ប៉ះពាល់​ដល់​​សុខភាព​សាធារណៈ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម