![]()
ដោយ៖ កែវ រតនៈ
ក្នុងឱកាសនោះ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អូម៉ូរី ជូនិឈិ (Omori Junichi) នាយកប្រតិបត្តិ និងជាអគ្គនាយកផ្នែកប្រតិបត្តិការសកលនៃក្រុមហ៊ុន Daikin Industries Ltd នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។ ជាក់ស្តែង ការសម្ពោធ “មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ដាយ គីន ដូចូ (DAIKIN DOJO TRAINING CENTER)” នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) កាលពីខែមេសាកន្លងមក បានធ្វើឱ្យវិទ្យាស្ថាននេះក្លាយជាស្ថាប័នអប់រំឈានមុខគេមួយ ហើយដែលភាពជាដៃគូនេះកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពដល់គ្រូ អភិវឌ្ឍន៍កម្មវិធីសិក្សា និងផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាពដល់សិស្ស ធ្វើឱ្យពួកគេទទួលបានការងារល្អ និងប្រាក់ខែសមរម្យពេលបញ្ចប់ការសិក្សា។
ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា កម្ពុជាកំពុងតែវិនិយោគយ៉ាងច្រើនលើកម្មវិធី TVET ដើម្បីបំពាក់ជំនាញឱ្យស្របនឹងតម្រូវការឧស្សាហកម្មដល់យុវជន ជាពិសេសក្នុងការលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មក្នុងឧស្សាហកម្មនៃប្រព័ន្ធកម្ដៅ ខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ (HVAC)។ ឯកឧត្តមគូសបញ្ជាក់ថា TVET គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រកម្ពុជាក្នុងការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និងការរៀនជំនាញថ្មីស្របតាមតម្រូវការឧស្សាហកម្ម។ មហិច្ឆតាកម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ គឺពឹងផ្អែកលើការកសាងកម្លាំងពលកម្មទំនើបដែលមានជំនាញរឹងមាំ និងសមស្របសម្រាប់សេដ្ឋកិច្ចដែលកំពុងវិវត្ត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចាត់ទុកធនធានមនុស្សជាចំណុចស្នូលមួយនៃការអភិវឌ្ឍជាតិ។
ជាការឆ្លើយតប លោក អូម៉ូរី ជូនិឈិ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌល ដាយ គីន ដូចូ នៅវិទ្យាស្ថាន ITI។ លោកបញ្ជាក់ថា ឧស្សាហកម្ម និងការបណ្តុះបណ្តាលផ្នែក HVAC គឺពិតជាមានសារៈសំខាន់ណាស់ ហេតុនេះក្រុមហ៊ុនចង់ពង្រីកសកម្មភាពនៅកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងពិភពលោកផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏មិនមែនគ្រាន់តែលក់ឧបករណ៍បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សេវាកម្មក្រោយការលក់ ដែលធ្វើឱ្យមានតម្រូវការអ្នកបច្ចេកទេសប្រកបដោយចំណេះដឹងត្រឹមត្រូវ ជាពិសេសផ្តល់សេវាកម្មក្រោយការលក់ និងការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យនេះក្នុងទិសដៅដ៏ត្រឹមត្រូវ និងផ្តល់ផាសុកភាពល្អជាងមុនដល់ប្រជាពលរដ្ឋ។
ឯកឧត្តម ហេង សួរ បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Daikin Industries Ltd កម្ពុជាកំពុងបញ្ចូលនវានុវត្តន៍ និង “ស្តង់ដាមាស” នៃគុណភាពជប៉ុនទៅក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះក្រុមហ៊ុនមិនត្រឹមតែមានជំនាញផ្នែកម៉ាស៊ីនត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ឈានមុខគេក្នុងការផ្តល់ដំណោះស្រាយប្រកបដោយចីរភាពបរិស្ថានផងដែរ៕






រូបភាព៖ ក្រសួងការងារ
ក្មេងទំនើងជិត៨រយនាក់ ត្រូវបានផ្ទេរទៅព័ន្ធនាគារខេត្តជាប់ព្រំដែនចំនួន២ ដើម្បីបង្វឹកបង្វឺនជំនាញ
ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង៨លានដុល្លារដល់ កម្ពុជា សម្រាប់អនុវត្តគម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម
សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ
ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក
វិស្វករបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាមានចំនួន ១០ ១៧២នាក់គិតត្រឹមឆ្នាំ២០២៥
18 ម៉ោងមុន
20-ឧសភា-2026 - ម៉ោង 09:55:AM
18-ឧសភា-2026 - ម៉ោង 11:52:AM
12-ឧសភា-2026 - ម៉ោង 04:45:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា