
កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យភូមិសាស្ត្រដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីពិនិត្យស្ថានភាពបទល្មើសកាប់ទន្ទ្រានព្រៃឈើ និងពង្រឹងវិធានការការពារធនធានធម្មជាតិ។
ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ ក្រុមការងារបានចុះពិនិត្យទីតាំងព្រៃឡង់មួយកន្លែងនៅតំបន់អូរកង់ ដែលត្រូវបានជនល្មើសលួចកាប់ទន្ទ្រានក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីកន្លងទៅ មានទំហំប្រមាណពី ៥ ទៅ ៦ ហិកតា។
ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់ និងបានដាក់បទបញ្ជាឲ្យមន្ទីរបរិស្ថានខេត្ត រៀបចំនីតិវិធីដកហូតដីដែលត្រូវបានកាប់ទន្ទ្រានយកមកធ្វើជាសម្បត្តិរដ្ឋវិញជាបន្ទាន់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីស្រាវជ្រាវរកមុខសញ្ញាជនប្រព្រឹត្ត និងអ្នកពាក់ព័ន្ធនៅពីក្រោយខ្នង យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។
អភិបាលខេត្តកំពង់ធំបានថ្លែងបន្តថា រដ្ឋបាលខេត្តនឹងផ្ដល់រង្វាន់លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឬបុគ្គលណាដែលផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពកាប់ទន្ទ្រានព្រៃឈើ និងមុខសញ្ញាជនល្មើស ដើម្បីឲ្យសមត្ថកិច្ចអាចឈានទៅចាប់ខ្លួន និងអនុវត្តតាមផ្លូវច្បាប់បានទាន់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តម នួន ផារ័ត្ន ក៏បានដាក់បទបញ្ជាឲ្យកងកម្លាំងទាំងបីប្រភេទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បន្តសហការគ្នាកែសម្រួល និងពង្រឹងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាល ក្នុងភូមិសាស្ត្រឃុំសុចិត្រ ស្រុកសណ្ដាន់ ដើម្បីបង្កើនការគ្រប់គ្រង និងល្បាតឃ្លាំមើលជាប្រចាំ ទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើជាថ្មី និងចាប់ខ្លួនជនល្មើសបញ្ជូនទៅតុលាការដោយគ្មានការលើកលែង។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានមានប្រសាសន៍ថា លោកប្តេជ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់អភិបាលខេត្ត និងបន្តសហការជាមួយស្ថាប័នជំនាញ និងកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងការការពារ និងថែរក្សាធនធានធម្មជាតិឲ្យបានគង់វង្ស សម្រាប់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ។
តំណាងសហគមន៍ព្រៃឡង់ក្នុងខេត្តកំពង់ធំ បានលើកឡើងថា ព្រៃឡង់មិនមែនគ្រាន់តែជាតំបន់ព្រៃធម្មជាតិសម្រាប់ទស្សនានោះទេ ប៉ុន្តែជាប្រភពជីវិត និងជាឆ្នាំងបាយរបស់ប្រជាសហគមន៍ដែលរស់នៅអាស្រ័យផលដោយផ្ទាល់។ ប្រជាពលរដ្ឋទទួលបានចំណូលពីការដងជ័រទឹក ការរកទឹកឃ្មុំ និងការប្រមូលអនុផលព្រៃឈើផ្សេងៗ ដែលជួយទ្រទ្រង់ជីវភាព និងការអប់រំរបស់កូនចៅ។
លើសពីតម្លៃសេដ្ឋកិច្ច ព្រៃឡង់ក៏ត្រូវបានចាត់ទុកជាមរតកវប្បធម៌ និងជំនឿរបស់ជនជាតិដើមភាគតិចកួយ ដែលបានរស់នៅ និងថែរក្សាព្រៃនេះតាំងពីបុរាណកាលមក។ សហគមន៍បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាការពារព្រៃឡង់ ដើម្បីធានាប្រភពទឹក សន្តិសុខស្បៀង និងជីវភាពរស់នៅប្រកបដោយនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ។
គួរបញ្ជាក់ថា ព្រៃឡង់ គឺជាព្រៃទឹកភ្លៀងតំបន់ទំនាបដ៏ធំជាងគេនៅតំបន់ឥណ្ឌូចិន ដែលលាតសន្ធឹងលើខេត្តចំនួនបួន រួមមាន កំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង។ តំបន់នេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិរក្សជីវចម្រុះ ការរក្សាតុល្យភាពអេកូឡូស៊ី និងជាប្រភពទឹកដ៏សំខាន់សម្រាប់វិស័យកសិកម្ម និងការរស់នៅរបស់ប្រជាជនរាប់លាននាក់នៅតំបន់ទន្លេមេគង្គ និងបឹងទន្លេសាប។









កម្ពុជារងឥទ្ធិពលប្រយោលពីព្យុះ ហ៊ីហ្គោស និងមេខឡា ខណៈភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់អាចកើតមាននៅតំបន់មួយចំនួន
រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ក្រសួងបរិស្ថានចែកកូនឈើដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ
ក្រសួងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
មន្ទីរបរិស្ថានខេត្តព្រះវិហារ រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែមួយនៅខេត្តមណ្ឌលគិរី អនុវត្តតាមច្បាប់ ចៀសវាងផលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ
រាជរដ្ឋាភិបាលចេញអនុក្រឹត្យនិរាករណ៍ការកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា
ក្រសួងបរិស្ថាន បន្តយុទ្ធនាការ «ពន្លកបៃតង» បណ្តុះកូនឈើជាង ៦ម៉ឺនដើម នៅទូទាំងប្រទេស
ម្សិលមិញ ម៉ោង 10:19:AM
23-មិថុនា-2026 - ម៉ោង 02:31:PM
15-មិថុនា-2026 - ម៉ោង 11:06:AM
12-មិថុនា-2026 - ម៉ោង 02:23:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា