![]()
ដោយ៖ កែវ រតនៈ
លោក ហាន ទៀត កសិករមួយរូបរស់នៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងបានប្រាប់ បៃតងប៉ុស្តិ៍ថា គាត់មានអាយុជាង៦០ឆ្នាំហើយ តែងតែមានជំងឺផ្សេងៗមកបៀតបៀនដូច្នេះលោកត្រូវទៅរកសេវាសុខាភិបាលដើម្បីព្យាបាលជំងឺ ហើយប្រសិនបើគាត់ទៅរកពេទ្យឯកជន ឬពេទ្យរដ្ឋដោយមិនមានបណ្ណអ្វីជួយសម្រាលបន្ទុកចំណាយនោះ លោកនឹងត្រូវចំណាយប្រាក់ច្រើន ប៉ុន្តែលោកមានប័ណ្ណមូលនិធិសមធម៌សុខាភិបាលបានជួយសម្រាលចំណាយលើសេវាសុខាភិបាលនេះជាច្រើន បើទោះជាប័ណ្ណនេះមិនអាចប្រើប្រាស់ជាមួយមន្ទីរពេទ្យឯកជនក្តី។ យ៉ាងនេះក្តីលោកបញ្ជាក់ ប័ណ្ណមូលនិធិសុខាភិបាលនេះហាក់មានសុពលភាពខ្លីធ្វើឱ្យពេលខ្លីមានជំងឺត្រូវទៅព្យាលបាលតែប័ណ្ណសមធម៌មួយនេះបែជាហួសសុពលភាព។
អ្នកស្រី ខៀវ សារ៉ុន កសិករមួយរូបទៀតនៅឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ដែលទើបតែប្រើប្រាស់ប័ណ្ណមូលនិធិសុខាភិបាលដើម្បីព្យាបាលជំងឺនៅពេលថ្មីៗនេះ ឱ្យដឹងថាអ្នកស្រីបានប្រើប្រាស់ប័ណ្ណនេះដើម្បីទទួលសេវាវះកាត់នៅមន្ទីរពេទ្យ ហើយអ្នកស្រីមិនបានចំណាយប្រាក់អ្វីបន្ថែមលើសេវាព្យាបាលនេះនោះទេ ថែមទាំងទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យទៀតផង។ អ្នកស្រីបានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធដែលបានរៀបចំធ្វើប័ណ្ណនេះជូនដល់កសិករ និងប្រជាជនដទៃទៀតព្រោះថា ប័ណ្ណនេះបានរួមចំណែកក្នុងការសង្គ្រោះជីវិត និងថែទាំសុខភាពប្រជាជនជាច្រើន។
យ៉ាងនេះក្តី អ្នកស្រី ខៀវ សារ៉ុន ក៏បានលើកបញ្ហាស្រដៀងគ្នាជាមួយលោក ហាន ទៀត គឺសុពលភាពប័ណ្ណសមធម៌មួយនេះមានរយៈពេលខ្លី។
ករណីនេះ ឯកឧត្តម ហេង សុផាណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានមានប្រសាសន៍ថារហូតមកដល់ចុងខែឧសភា ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម បានចេញប័ណ្ណមូលនិធិសមធម៌សុខាភិបាលដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាសមាជិកសមាគម អង្គការវិជ្ជាជីវៈ និងអ្នកប្រកបរបរសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុប ២០២ ១២៧ប័ណ្ណ។ ចំពោះបញ្ហាបណ្ណ ម ស ស ដែលហួសសុពលភាព ឯកឧត្តម ហេង សុផាណារិទ្ធបញ្ជាក់ថា ការបន្តសុពលភាពប័ណ្ណមូលនិធិសមធម៌សុខាភិបាលនេះ អនុលោមតាមបទប្បញ្ញត្តិជាធរមាន បេឡាជាតិសន្តិសុខសង្គមបានយកចិត្តទុកដាក់រៀប ចំជូនទាន់ពេលវេលា ឱ្យតែគាត់នៅតែជាសមាជិកសមាគម ឬអង្គការវិជ្ជាជីវៈ ឬប្រកបរបរសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ព្រមទាំងលិខិតបញ្ជាក់មុខរបរចេញពីអាជ្ញាធរតាមនីតិវិធី។ យ៉ាងនេះក្តី ចំពោះការពន្យាសុពលភាពរបស់ បណ្ណ ម ស ស ក្នុងការអនុវត្តកម្មវិធីនេះ បេឡាជាតិសន្តិសុខសង្គម មានតួនាទីជាស្ថាប័នមានសមត្ថកិច្ចក្នុងការចុះបញ្ជី និងចេញប័ណ្ណមូលនិធិសមធម៌សុខាភិបាល ដោយស្របមាត្រា១២ នៃប្រកាសអន្តរក្រសួងលេខ៣៥៩ សហវ.ប្រក.អកគ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ការកំណត់សុពលភាពគឺមានរយៈពេល១ (មួយ) ឆ្នាំ៕



ក្រសួងសុខាភិបាលប្រកាសពីការរកឃើញ១ករណី នូវអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទNB.1.8.1
កម្មករជិត១០០នាក់ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា
ក្មេងទំនើងជិត៨រយនាក់ ត្រូវបានផ្ទេរទៅព័ន្ធនាគារខេត្តជាប់ព្រំដែនចំនួន២ ដើម្បីបង្វឹកបង្វឺនជំនាញ
ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង៨លានដុល្លារដល់ កម្ពុជា សម្រាប់អនុវត្តគម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម
4 ម៉ោងមុន
23-ឧសភា-2026 - ម៉ោង 11:31:AM
22-ឧសភា-2026 - ម៉ោង 09:38:AM
22-ឧសភា-2026 - ម៉ោង 09:36:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា