
ដោយ៖ វិចិត្រ
ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា កម្ពុជាបន្តសម្រេចបានសមិទ្ធផលដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ដោយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ មិនបានរកឃើញករណីឆ្លងថ្មីក្នុងស្រុកឡើយ ខណៈពុំមានករណីស្លាប់ដោយសារជំងឺនេះ ចាប់តាំងពីឆ្នាំ២០១៨មក។
យោងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ របស់ក្រសួងសុខាភិបាល សមិទ្ធផលនេះគឺជាជំហានដ៏សំខាន់ បន្ទាប់ពីប្រទេសកម្ពុជាបានលុបបំបាត់ការចម្លងជំងឺគ្រុនចាញ់ក្នុងស្រុកចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២៥ តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ប្រកបដោយប្រសិទ្ធភាព។
ក្រសួងបានបញ្ជាក់ថា ការថយចុះ១០០ភាគរយនៃករណីឆ្លងក្នុងស្រុក គឺជាលទ្ធផលនៃការអនុវត្តវិធានការរុករក ព្យាបាល បង្ការ តាមដាន និងឆ្លើយតបរហ័សចំពោះករណីជំងឺគ្រុនចាញ់ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក (WHO) ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍នៅទូទាំងប្រទេស។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបានព្រមានថា កម្ពុជានៅតែប្រឈមហានិភ័យពីការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស និងការឆ្លងតាមរយៈសត្វស្វា ខណៈប្រទេសកំពុងស្ថិតក្នុងដំណាក់កាលទប់ស្កាត់ការកកើតជំងឺឡើងវិញ ដើម្បីឈានទៅទទួលវិញ្ញាបនបត្រលុបបំបាត់ជំងឺគ្រុនចាញ់ពីអង្គការសុខភាពពិភពលោកនៅឆ្នាំ២០៣០។
បច្ចុប្បន្ន កម្ពុជាកំពុងដំណើរការប្រព័ន្ធតាមដាន និងរាយការណ៍ជំងឺគ្រុនចាញ់រយៈពេល២៤ម៉ោង (Real-time) នៅទូទាំងប្រទេស តាមរយៈបណ្តាញអ្នកស្ម័គ្រចិត្តភូមិ និងមូលដ្ឋានសុខាភិបាលសាធារណៈ ដើម្បីធានាការរកឃើញ និងឆ្លើយតបបានទាន់ពេលវេលា។ ជាលទ្ធផល រហូតមកដល់ពាក់កណ្តាលឆ្នាំ២០២៦ មិនមានករណីសង្ស័យជំងឺគ្រុនចាញ់ឆ្លងក្នុងស្រុកណាមួយត្រូវបានរកឃើញនៅតាមតំបន់ព្រំដែននោះទេ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមបង្ការជំងឺគ្រុនចាញ់ដោយដេកក្នុងមុង ការពារខ្លួនពីមូសខាំ និងស្វែងរកការពិនិត្យធ្វើតេស្ត និងព្យាបាលឱ្យបានឆាប់រហ័ស នៅពេលមានរោគសញ្ញាសង្ស័យ ដើម្បីរក្សាសមិទ្ធផលនៃការលុបបំបាត់ជំងឺគ្រុនចាញ់ និងទប់ស្កាត់ការកើតមានជំងឺឡើងវិញ៕
កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុតនៃជំងឺគ្រុនឈាម
ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ
ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាលទាន់ពេលវេលា
មន្ត្រី ក.ប.ប. ខេត្តជាប់ព្រំដែនខាងកើត២ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាព និងគ្មានឯកសារសរុបជាង ១៦តោន
10-កក្តដា-2026 - ម៉ោង 10:23:AM
09-កក្តដា-2026 - ម៉ោង 10:20:AM
08-កក្តដា-2026 - ម៉ោង 03:30:PM
03-កក្តដា-2026 - ម៉ោង 10:26:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា