សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងការងារ និង OHCHR ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែប្រសើរ

14 ម៉ោងមុន

 ដោយ៖ កែវ រតនៈ

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ាទីលដា បូកន័រ (Matilda Bogner) តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ៦ នៅទីស្តីការក្រសួង ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិការងារ រួមមានសិទ្ធិគាំពារសង្គម សិទ្ធិពលករទេសន្តរប្រវេសន៍ សិទ្ធិការងារសម្រាប់ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ។

ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកស្រី ម៉ាទីលដា បូកន័រ ដែលទទបានការតែងតាំងជាអ្នកតំណាងប្រចាំប្រទេសនៃ OHCHR ប្រចាំកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ OHCHR ចំពោះកិច្ចសហការល្អជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ កិច្ចសន្ទនាប្រកបដោយស្ថាបនា កិច្ចសហប្រតិបត្តិការបច្ចេកទេស និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព ភាពជាដៃគូជាមួយ OHCHR ក៏បានរួមចំណែកក្នុងការពង្រឹងស្ថាប័ន លើកកម្ពស់នីតិរដ្ឋ បង្កើនការយល់ដឹងពីសិទ្ធិមនុស្ស និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងជំរុញការអភិ​វឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នផងដែរ។


 ឯកឧត្ដម ហេង សួរ ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំពោះពលករដែលវិលត្រឡប់ពីប្រទេសថៃចាប់តាំងពីពេលពួកគាត់មកដល់ច្រកព្រំដែន ដូចជា៖ ការរៀបចំមណ្ឌលសំចត ផ្តល់មធ្យោបាយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតដោយឥតគិតថ្លៃ ផ្តល់អាហារសម្រន់ សម្រួលឯកសារអត្តសញ្ញាណកម្ម ចែកខិត្តបណ្ណពីឱកាសការងារ និងការចុះឈ្មោះស្វែងរកការងារឱ្យធ្វើក្រោមយុទ្ធនាការ “ខ្មែរជួយខ្មែររកការងារឱ្យធ្វើ” ជាដើម។ ជាមួយនឹង យុទ្ធនាការចុះឈ្មោះផ្តល់ការងារតាមប្រព័ន្ធទូរស័ព្ទ និងអនឡាញ ក្រសួងក៏កំពុងរៀបចំវេទិកាការងារដល់មូលដ្ឋាន ដោយនាំតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅជួបសម្ភាសផ្តល់ការងារផ្ទាល់តែម្តង។ បន្ថែមពីនេះ ក្រសួងក៏រៀបចំកម្មវិធីអប់រំបណ្តុះបណ្តាល​ប​ច្ចេក​ទេស និងវិជ្ជាជីវៈ និងការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុនជូនពួកគាត់ដោយមិនគិតថ្លៃផងដែរ។

ជាការឆ្លើយតប លោកស្រី ម៉ាទីលដា បូកន័រ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានជម្រាបជូនពីការងារ និងគោលនយោបាយគាំទ្រដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ ហើយបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសភាពរីកចម្រើននៃរបបសន្តិសុខសង្គម និងវិធានការដ៏មានប្រសិទ្ធភាពនៃការគាំទ្រដល់អតីតពលករពីប្រទេសថៃ។ លោកស្រីបានបញ្ជាក់ថា OHCHR ត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចពិភាក្សា និងការគាំទ្រដល់ក្រសួងសម្រាប់ភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕

 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ក្រសួងការងារ និង OHCHR ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែប្រសើរ សង្គមស៊ីវិលអំពាវនាវឲ្យអាស៊ានលើកម្ពស់សិទ្ធិជនមានពិការភាព ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ រដ្ឋមន្ត្រីក្រសួងការងាប្តេជ្ញារក្នុងការដឹកនាំកែទម្រង់ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់គ្រឹះស្ថាន TVET ក្លាយជាកន្លែងផ្ដល់ជំនាញត្រឹមត្រូវតាមទីផ្សារការងារ ប្រមុខរដ្ឋស្តីទីព្រមានមន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ជុំវិញការនាំចូលទំនិញថៃខុសច្បាប់ ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែងជូនដល់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបនៅថ្ងៃស្អែកនេះ ក្រសួងសាធារណការ គ្រោងបង្កើតប្រព័ន្ធសេនស័រ Sensor បំពាក់លើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកជញ្ចូន ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករ​មកពី​ថៃនិងអ្នកកំពុងរកការងារធ្វើ ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម