សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជា ឈានមួយជំហានទៀតក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ

9 ម៉ោងមុន

ភ្នំពេញ៖ កម្ពុជាបានបោះជំហានសំខាន់មួយទៀតឆ្ពោះទៅការរៀបចំក្របខណ្ឌច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ (Occupational Safety and Health – OSH) ខណៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិលើកទី២ ស្តីពី សេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាព និងសុខភាពការងារ» ដើម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ មុនឈានទៅការអនុម័តជាផ្លូវការ។

 

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ និងអន្តរជាតិ អង្គការនិយោជក សហជីពកម្មករនិយោជិត និងអ្នកជំនាញជាច្រើន ដើម្បីពិភាក្សា និងប្រមូលមតិយោបល់លើសេចក្តីព្រាងច្បាប់ដែលមាន ៩ជំពូក និង៦៧មាត្រា

 

ថ្លែងបើកសិក្ខាសាលា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព និងសុខភាពការងារ បានមានប្រសាសន៍ថា ការរៀបចំច្បាប់នេះ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ និងផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧។

 

ឯកឧត្តមបានបញ្ជាក់ថា ចក្ខុវិស័យរបស់កម្ពុជាគឺ «គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារត្រឹមត្រូវ ដើម្បីលុបបំបាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ» ដែលនឹងរួមចំណែកបង្កើនផលិតភាពការងារ លើកកម្ពស់សុខុមាលភាពកម្មករនិយោជិត និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជានៅលើឆាកអន្តរជាតិ។

 

ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានចងក្រងឡើងដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តិ និងសេចក្តីប្រកាសពាក់ព័ន្ធជាង២០ ដែលកំពុងអនុវត្តស្រាប់ ហើយការបង្កើតច្បាប់នេះ គឺជាការឆ្លើយតបទាន់ពេលវេលាចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យកម្ពុជាមានក្របខណ្ឌច្បាប់ស្របតាមស្តង់ដារអន្តរជាតិ និងបំពេញតាមតម្រូវការនៃការធ្វើធុរកិច្ចសម័យទំនើប។

 

ឯកឧត្តមបានបន្តថា ច្បាប់នេះក៏នឹងជួយគាំទ្រដល់ការអនុវត្ត ការត្រួតពិនិត្យការអនុវត្តច្បាប់ពាក់ព័ន្ធសិទ្ធិមនុស្ស និងបរិស្ថាន (HREDD) ដែលកំពុងក្លាយជាតម្រូវការសំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល និងទីផ្សារអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងថា ការរៀបចំច្បាប់នេះប្រកាន់យកគោលការណ៍ យន្តការត្រីភាគី ដោយមានការចូលរួមពីរាជរដ្ឋាភិបាល និយោជក និងសហជីពកម្មករ ព្រោះច្បាប់ដែលមានគុណភាព និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព គឺត្រូវកើតចេញពីកិច្ចសន្ទនាបើកចំហ ស្មើភាព និងស្មោះត្រង់ពីគ្រប់ភាគី។

 

លោក ទុន សុភ័ណ មន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO ប្រចាំកម្ពុជា លោកឧកញ៉ា ស គីណាល់ អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា និងលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករ និងជាអនុប្រធានអនុគណៈកម្មាធិការជាតិ OSH បានសម្តែងការគាំទ្រចំពោះការរៀបចំសេចក្តីព្រាងច្បាប់នេះ ដោយចាត់ទុកថា ជាជំហានសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ស្របតាមគុណតម្លៃរបស់អង្គការ ILO និងជួយពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារពិភពលោក។ ពួកគេបានលើកឡើងថា ការមានច្បាប់ជាក់លាក់មួយ នឹងជួយលើកកម្ពស់វប្បធម៌សុវត្ថិភាពនៅកន្លែងធ្វើការ និងជំរុញចលនា «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ឱ្យកាន់តែមានប្រសិទ្ធភាព។

 

ជាមួយគ្នានេះ លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំច្បាប់នេះ និងបានជំរុញឱ្យរាជរដ្ឋាភិបាលអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខ។ លោកបានកត់សម្គាល់ថា ខ្លឹមសារចាប់ពីមាត្រា២៧ ដល់មាត្រា៣៩ ដែលពាក់ព័ន្ធនឹងវិស័យសំណង់ នៅមានចំណុចមួយចំនួនដែលត្រូវបំពេញបន្ថែម ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃការងារសំណង់ ដែលជាវិស័យមានហានិភ័យខ្ពស់ចំពោះគ្រោះថ្នាក់ការងារ។

 

ទោះជាយ៉ាងណា លោកបានវាយតម្លៃថា សេចក្តីព្រាងច្បាប់នេះ គឺជាការរីកចម្រើនដ៏សំខាន់មួយ ព្រោះវានឹងក្លាយជាស្តង់ដារអប្បបរមាសម្រាប់កំណត់ការទទួលខុសត្រូវរបស់និយោជក ក្នុងការធានាសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត និងជំរុញឱ្យវិស័យឯកជនអនុវត្តតាមបទដ្ឋានការងារកាន់តែមានប្រសិទ្ធភាព។

 

អ្នកចូលរួមក្នុងសិក្ខាសាលាបានចាត់ទុកថា ការបន្តពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រព័ន្ធការងារដែលមានសុវត្ថិភាព មានសុខភាពល្អ ស្របតាមស្តង់ដារអន្តរជាតិ និងអាចឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងការប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិបទសកល។ ច្បាប់នេះក៏ត្រូវបានរំពឹងថា នឹងក្លាយជាមូលដ្ឋានច្បាប់ដ៏សំខាន់សម្រាប់ការការពារកម្មករនិយោជិត ការពង្រឹងទំនុកចិត្តរបស់វិនិយោគិន និងការអភិវឌ្ឍទីផ្សារការងារកម្ពុជាប្រកបដោយចីរភាព។

ព័ត៌មានទាក់ទង

កម្ពុជា ឈានមួយជំហានទៀតក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ K01 ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើយុវជនម្នាក់ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តី ពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាលឱ្យកាន់តែស៊ីជម្រៅ ៣សប្តាហ៍មកនេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ជាង៣០០នាក់ បញ្ជូនទៅតុលាការ និងពន្ធនាគារ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យ​បាន​លឿន និងត្រូវស្រាវជ្រាវមិនលើសពី៤៨ម៉ោង ក្រុមសង្គមស៊ីវិល និងសហជីពជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាC-១៩០ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺននាក់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម