
ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំក្រើនរំឮក ដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម ក្នុងរដូវវស្សា ព្រមទាំងបញ្ជូនអ្នកជំងឺទៅទទួលការព្យាបាលនៅ មន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់។
ក្នុងនោះក្រសួងបានបញ្ជាក់ថា រដូវវស្សាបង្កឱ្យមានវត្ថុដក់ទឹកជាច្រើន ដែលជាកន្លែងបង្កាត់ពូជមូសខ្លា ស្របពេលកម្ពុជាកំពុងទទួលឥទ្ធិពលបាតុភូត El Niño ដែលអាចជំរុញឱ្យចំនួនមូសខ្លា និងករណីជំងឺគ្រុនឈាមកើនឡើង។ ហេតុដូចនេះ ការចូលរួមរបស់ប្រជាពលរដ្ឋ គ្រួសារ និងសហគមន៍ មានសារៈសំខាន់ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ។
ក្រសួងណែនាំឱ្យប្រជាពលរដ្ឋ ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅខ្លាំងពី ៣៩ ទៅ ៤០ អង្សាសេ ជាពិសេសក្នុងរយៈពេល ៤៨ ម៉ោងដំបូង។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឱ្យសហគមន៍ចូលរួមលុបបំបាត់ប្រភពបង្កាត់ពូជមូសខ្លា ដោយសម្អាតទីកន្លែងដក់ទឹក ផ្លាស់ប្តូរទឹកក្នុងពាង និងអាងទឹកជាប្រចាំ គ្របធុងទឹកឱ្យជិត កម្ចាត់សម្ភារចាស់ៗដែលអាចដក់ទឹក ព្រមទាំងប្រើវិធានការការពារខ្លួន ដូចជា គេងក្នុងមុង ស្លៀកពាក់សម្លៀកបំពាក់ការពារ និងប្រើថ្នាំបាញ់ ឬថ្នាំលាបការពារមូស។
លើសពីនេះ ក្រសួងបានជំរុញឱ្យម្ចាស់ការដ្ឋានសំណង់ និងអាជីវករលក់សំបកកង់ ចាត់ចែងសម្ភារ និងបរិវេណអាជីវកម្មឱ្យបានស្អាត មិនឱ្យមានទឹកដក់ ដែលអាចក្លាយជាប្រភពបង្កាត់ពូជមូស ខណៈមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងជំរុញការអនុវត្តវិធានការបង្ការឱ្យមានប្រសិទ្ធភាព។
ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍៕
ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាលទាន់ពេលវេលា
មន្ត្រី ក.ប.ប. ខេត្តជាប់ព្រំដែនខាងកើត២ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាព និងគ្មានឯកសារសរុបជាង ១៦តោន
សង្គមស៊ីវិលអំពាវនាវឲ្យអាស៊ានលើកម្ពស់សិទ្ធិជនមានពិការភាព
03-កក្តដា-2026 - ម៉ោង 10:26:AM
02-កក្តដា-2026 - ម៉ោង 11:03:AM
01-កក្តដា-2026 - ម៉ោង 02:23:PM
30-មិថុនា-2026 - ម៉ោង 03:25:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា