
ដោយ៖ វិចិត្រ
មន្ត្រី ក.ប.ប ក្នុងខេត្តជាប់ព្រំដែនភាគកើតចំនួន ក្នុងនោះរួមមាន ខេត្តតាកែវ និងខេត្តកណ្តាល កាលពីពេលថ្មីៗនេះ បានអនុវត្តដកហូត និងដុតកម្ទេចចោលទំនិញខូចគុណភាព និងគ្មានឯកសារ សរុបជាង ១៦តោន ដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែមិថុនា បានចូលរួមសហការជាមួយការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដិន មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ និងធ្វើតេស្តបឋមលើទំនិញប្រហិតហតដកចំនួន ១៤បាវ ស្មើនឹង ៤៣៤គីឡូក្រាម និងប្រហិតសាច់ក្តាមចំនួន ៥កេស ស្មើនឹង ៥០គីឡូក្រាម ដែលត្រូវបានឃាត់ទុក។
បើតាម ក.ប.ប ក្នុងកិច្ចប្រតិបត្តិការនោះ មន្ត្រីជំនាញបានរកឃើញថា ទំនិញទាំងនេះត្រូវបានដឹកជញ្ជូនមិនស្របតាមលក្ខណៈបច្ចេកទេស ខ្វះអនាម័យ បណ្តាលឱ្យខូចគុណភាព និងមិនមានឯកសារបញ្ជាក់ត្រឹមត្រូវ។ ដោយមានការឯកភាពពីសមត្ថកិច្ចចម្រុះ ទំនិញសរុបចំនួន ៤៨៤គីឡូក្រាម ត្រូវបានដកហូត និងដុតកម្ទេចចោលតាមនីតិវិធីជាធរមាន។
ដោយឡែក នៅខេត្តកណ្តាល មន្ត្រីសាខា ក.ប.ប. បានសហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ក្រោមការសម្របសម្រួលនីតិវិធី និងការឯកភាពពីអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីដុតកម្ទេចចោលទំនិញជាសាច់បង្កក និងផលិតផលប្រហិតខូចគុណភាព សរុបចំនួន ១៦,២៤០គីឡូក្រាម ដែលត្រូវបានរកឃើញ និងដកហូតពីឃ្លាំងស្តុក និងទីតាំងចែកចាយមួយចំនួនក្នុងខេត្តកណ្តាលនាពេលកន្លងមក។ ការដុតកម្ទេចត្រូវបានអនុវត្តនៅទីលានសម្រាមខណ្ឌដង្កោ ស្របតាមនីតិវិធីច្បាប់។ នេះបើតាមការឱ្យដឹងបន្ថែមពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។
ក្នុងនោះអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជំហរថា ខ្លួននឹងបន្តពង្រឹងការអនុវត្តច្បាប់ និងវិធានការត្រួតពិនិត្យទំនិញនៅលើទីផ្សារ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ ព្រមទាំងធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាព និងសុចរិត។
ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ឱ្យបន្តចូលរួមសហការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអំពើដែលប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ ឬសុវត្ថិភាពម្ហូបអាហារ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបានទាន់ពេលវេលា៕
មន្ត្រី ក.ប.ប. ខេត្តជាប់ព្រំដែនខាងកើត២ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាព និងគ្មានឯកសារសរុបជាង ១៦តោន
សង្គមស៊ីវិលអំពាវនាវឲ្យអាស៊ានលើកម្ពស់សិទ្ធិជនមានពិការភាព
ប្រមុខរដ្ឋស្តីទីព្រមានមន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ជុំវិញការនាំចូលទំនិញថៃខុសច្បាប់
ម្សិលមិញ ម៉ោង 02:23:PM
30-មិថុនា-2026 - ម៉ោង 03:25:PM
26-មិថុនា-2026 - ម៉ោង 10:24:AM
25-មិថុនា-2026 - ម៉ោង 10:09:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា