
ភ្នំពេញ៖ ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួនកំពុងបង្ហាញក្តីបារម្ភថា ការប្រែប្រួលអាកាសធាតុក្នុងរដូវវស្សាឆ្នាំ២០២៦ អាចបង្កឱ្យមានការខូចខាតដល់ស្រែចម្ការ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ ខណៈក្រសួងធនធានទឹក និងឧតុនិយមព្យាករថា ឆ្នាំនេះនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន អមដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងហានិភ័យជំនន់នៅតំបន់មួយចំនួន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពអាកាសធាតុក្នុងឆ្នាំ២០២៦ ស្ថិតក្រោមឥទ្ធិពល ENSO-Neutral និង IOD-Neutral ដែលជាទូទៅអាចបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការដាំដុះ ដោយសារភ្លៀងធ្លាក់រាយប៉ាយបានល្អ។ ទោះជាយ៉ាងណា ក្រសួងក៏បានព្រមានថា អាចមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលខ្លី ដែលបង្កហានិភ័យនៃការជន់លិច និងជំនន់នៅតំបន់ទំនាប និងតំបន់ជាប់ដងទន្លេ។
ដើម្បីត្រៀមទប់ទល់នឹងស្ថានភាពនេះ មន្ទីរធនធានទឹក និងឧតុនិយមនៅតាមបណ្តាខេត្តបានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋ និងប្រជាកសិករបង្កើនការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានព្យាករអាកាសធាតុជាប្រចាំ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមវិធានការការពារផលដំណាំ និងទ្រព្យសម្បត្តិពីផលប៉ះពាល់នៃភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងរន្ទះ។ ស្រដៀងគ្នានេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានណែនាំឱ្យប្រជាពលរដ្ឋរស់នៅតំបន់ជាប់ទន្លេ និងតំបន់ទំនាប បង្កើនការប្រុងប្រយ័ត្នចំពោះការជន់លិចក្នុងមូលដ្ឋាន។ រីឯមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានព្រមានពីហានិភ័យនៃខ្យល់កន្ត្រាក់ ផ្គរ និងរន្ទះ ដែលអាចបង្កការខូចខាតដល់ដំណាំ និងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ខណៈមន្ទីរនៅខេត្តកំពង់ចាម និងខេត្តក្រចេះ ក៏បានចេញសេចក្តីណែនាំស្រដៀងគ្នា ដោយជំរុញឱ្យកសិករត្រៀមការពារផលដំណាំ សត្វចិញ្ចឹម និងទ្រព្យសម្បត្តិពីគ្រោះធម្មជាតិ។
បើទោះបីការព្យាករបង្ហាញពីលទ្ធភាពមានភ្លៀងធ្លាក់ច្រើនក៏ដោយ កសិករមួយចំនួនបានលើកឡើងថា ការប្រែប្រួលអាកាសធាតុកាន់តែមិនអាចប៉ាន់ស្មានបាន ដោយកន្លែងខ្លះទទួលរងភ្លៀងខ្លាំងរហូតបង្កជំនន់ ខណៈកន្លែងផ្សេងទៀតនៅតែប្រឈមនឹងការខ្វះទឹកស្រោចស្រព។ ពួកគេបារម្ភថា ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលខ្លី អាចធ្វើឱ្យស្រូវដែលទើបសាបព្រួសត្រូវទឹកហូរច្រោះ ឬលិចទឹក ខណៈដំណាំដំឡូង ពោត បន្លែ និងដំណាំហូបផ្លែអាចរងការខូចខាតដោយសារជំនន់ និងខ្យល់កន្ត្រាក់។ លើសពីនេះ សំណើមខ្ពស់ក៏អាចជំរុញឱ្យជំងឺដំណាំ និងសត្វល្អិតកើនឡើង ដែលនាំឱ្យថ្លៃដើមផលិតកម្មកាន់តែខ្ពស់។

អ្នកស្រី សៅ រីណា កសិកររស់នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រាប់សារព័ត៌មាន ប៉ៃតងប៉ុស្តិ៍ ថា ស្ថានភាពអាកាសធាតុមិនទៀងទាត់ក្នុងរដូវវស្សាឆ្នាំនេះ កំពុងធ្វើឱ្យកសិករជាច្រើនប្រឈមនឹងវិបត្តិជីវភាពធ្ងន់ធ្ងរ។ អ្នកស្រីបានអះអាងថា នៅក្នុងតំបន់ខ្លះ ការខ្វះទឹកស្រោចស្រព និងការអូសបន្លាយនៃអាកាសធាតុស្ងួត បានធ្វើឱ្យស្រែប្រាំង និងស្រែវស្សាជាច្រើនហិកតាក្រៀមស្វិត និងបាត់បង់ទិន្នផល។
"យើងជាកសិករពឹងផ្អែកទាំងស្រុងលើវាលស្រែ។ ឃើញដើមស្រូវដែលខំដាំដុះកំពុងក្រៀមស្វិតនៅចំពោះមុខ គឺពិតជាឈឺចាប់ណាស់។ ថ្លៃពូជស្រូវ ជី និងថ្នាំកសិកម្មដែលបានវិនិយោគ ស្ទើរតែបាត់បង់ទាំងស្រុង" អ្នកស្រី សៅ រីណា មានប្រសាសន៍។
អ្នកស្រីបានបន្ថែមថា ដើម្បីសង្គ្រោះស្រូវដែលនៅសេសសល់ កសិករមួយចំនួនត្រូវបង្ខំចិត្តខ្ចីប្រាក់បន្ថែម ដើម្បីទិញប្រេងសម្រាប់ម៉ាស៊ីនបូមទឹកពីប្រភពទឹកឆ្ងាយ ដែលធ្វើឱ្យបន្ទុកបំណុលគ្រួសារកាន់តែធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមួយចំនួនក៏កំពុងប្រឈមនឹងការខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃផងដែរ។

មិនខុសគ្នានោះទេ អ្នកស្រី អោន គឹមហ៊ន កសិករមកពីស្រុកពួក ខេត្តសៀមរាប បានប្រាប់សារព័ត៌មាន ប៉ៃតងប៉ុស្តិ៍ ថា ស្ថានភាពស្រែស្ងួតហួតហែង និងការខ្វះប្រភពទឹកស្រោចស្រព បានធ្វើឱ្យកសិករជាច្រើនបារម្ភថា ពួកគេអាចបាត់បង់ទាំងទិន្នផល និងប្រាក់វិនិយោគក្នុងរដូវកាលនេះ។
"យើងសូមអំពាវនាវឱ្យរាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ជាបន្ទាន់ ដោយកាយប្រឡាយ ដាក់ម៉ាស៊ីនបូមទឹក និងនាំទឹកពីប្រភពទឹកធំៗមកសង្គ្រោះស្រែស្រូវដែលកំពុងប្រឈមនឹងការខូចខាត" អ្នកស្រីមានប្រសាសន៍។
អ្នកស្រីក៏បានស្នើឱ្យមានការគាំទ្រពូជស្រូវ និងសម្ភារកសិកម្មសម្រាប់ការដាំដុះឡើងវិញ បន្ទាប់ពីមានភ្លៀងធ្លាក់ ឬមានប្រភពទឹកគ្រប់គ្រាន់ ព្រមទាំងអំពាវនាវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារពិចារណាពន្យារពេលសងប្រាក់ ឬបន្ធូរបន្ថយការប្រាក់សម្រាប់កសិករដែលកំពុងជួបការលំបាក។
"ប្រសិនបើគ្មានវិធានការអន្តរាគមន៍ទាន់ពេលវេលាទេ គ្រួសារកសិករជាច្រើនអាចត្រូវបោះបង់ស្រែចម្ការ និងធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើ ដែលអាចជះឥទ្ធិពលដល់សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិទាំងមូល" អ្នកស្រី អោន គឹមហ៊ន បានបន្ថែម។
អ្នកជំនាញផ្នែកកសិកម្មបានណែនាំឱ្យកសិករពង្រឹងប្រព័ន្ធបង្ហូរទឹកក្នុងស្រែចម្ការ ជ្រើសរើសពូជដំណាំដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងតាមដានព័ត៌មានព្យាករអាកាសធាតុពីក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមជាប្រចាំ។ អ្នកជំនាញយល់ថា ការត្រៀមខ្លួនទុកជាមុន និងការឆ្លើយតបឱ្យបានទាន់ពេលវេលា អាចជួយកាត់បន្ថយការខូចខាតដល់ផលដំណាំ និងការបាត់បង់ប្រាក់ចំណូលរបស់ប្រជាកសិករ ក្នុងបរិបទដែលការប្រែប្រួលអាកាសធាតុកំពុងក្លាយជាបញ្ហាប្រឈមកាន់តែធំសម្រាប់វិស័យកសិកម្មកម្ពុជា។




កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦
ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមផ្ទាលឌីជីថល
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូលជ្រូករស់ និងសាច់បង្កកខុសច្បាប់
អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ
30-មិថុនា-2026 - ម៉ោង 02:32:PM
26-មិថុនា-2026 - ម៉ោង 11:44:AM
25-មិថុនា-2026 - ម៉ោង 01:20:PM
25-មិថុនា-2026 - ម៉ោង 10:44:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា