សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជារៀបចំកិច្ចសន្ទនា ASEAN ស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ

4 ម៉ោងមុន

ភ្នំពេញ, រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាអន្តរសភាអាស៊ាន  សហការជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានរៀបចំ កិច្ចសន្ទនាពហុភាគីសភា ស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីសន្តិសុខស្បៀងអាហារ និងសន្តិសុខអាកាសធាតុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ ២៦ ខែសីហា ឆ្នាំ២០២៦ នៅរដ្ឋសភាកម្ពុជា ។

 

កិច្ចសន្ទនារយៈពេលពីរថ្ងៃនេះ មានអ្នកចូលរួមប្រមាណ ១៧៥នាក់ រួមមានសមាជិកសភាមកពីបណ្តាប្រទេសអាស៊ាន តំណាងរាជរដ្ឋាភិបាលកម្ពុជា តំណាងលេខាធិការដ្ឋានអាស៊ាន វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល។

 

កិច្ចពិភាក្សាផ្តោតលើវិធីដែលការវិនិយោគក្នុងវិស័យកសិកម្មប្រកបដោយការទទួលខុសត្រូវ អាចរួមចំណែកពង្រឹងសន្តិសុខស្បៀង បង្កើនឱកាសសេដ្ឋកិច្ច និងពង្រឹងភាពធន់របស់វិស័យកសិកម្មចំពោះការប្រែប្រួលអាកាសធាតុ នៅកម្ពុជា និងក្នុងតំបន់អាស៊ាន។

 

ក្នុងពិធីបើក លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានលើកឡើងថា ភាពធន់នឹងអាកាសធាតុគឺជាមូលដ្ឋានសំខាន់សម្រាប់សន្តិសុខស្បៀង ហើយទាមទារឱ្យមានការឆ្លើយតបប្រកបដោយភាពស៊ីសង្វាក់គ្នា ទាំងផ្នែកច្បាប់ គោលនយោបាយ និងសង្គម។

 

លោកបានថ្លែងថា៖ “ការពង្រឹងភាពធន់នៃប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់យើង គឺជារឿងចាំបាច់ ដើម្បីធានាការផ្គត់ផ្គង់ស្បៀងមានស្ថិរភាព ការពារជីវភាពសហគមន៍ និងរក្សាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងរយៈពេលវែង”

 

លោក ជាម យៀប បានបន្ថែមថា សភាត្រូវបន្តពង្រឹងតួនាទីត្រួតពិនិត្យ ដើម្បីធានាថាគោលការណ៍វិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវរបស់អាស៊ាន ត្រូវបានបំលែងទៅជាការអនុវត្តជាក់ស្តែង និងអាចអនុវត្តបាននៅកម្រិតជាតិ ។

 

ជាមួយគ្នានេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ មិនគួរត្រូវបានមើលឃើញថាជាគោលដៅដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែត្រូវបម្រើដល់ចក្ខុវិស័យរួមមួយ ដែលមានលទ្ធភាពផ្នែកសេដ្ឋកិច្ចសម្រាប់កសិករ ឆ្លើយតបនឹងតម្រូវការអ្នកប្រើប្រាស់ គោរពបរិស្ថាន និងផ្តល់ផលប្រយោជន៍ដល់សង្គម ។

 

លោករដ្ឋមន្ត្រីបានថ្លែងថា៖ “វិស័យកសិកម្មត្រូវបម្រើដល់ចក្ខុវិស័យតែមួយ ដែលមានភាពអាចទទួលបានផលចំណេញសម្រាប់កសិករ ឆ្លើយតបនឹងអ្នកប្រើប្រាស់ គោរពបរិស្ថាន និងផ្តល់ផលប្រយោជន៍ដល់សង្គម” ។ លោកបានបញ្ជាក់ថា ក្រសួងកំពុងអនុវត្តចក្ខុវិស័យនេះ តាមរយៈការធ្វើឱ្យទីផ្សារ និងប្រាក់ចំណូលមានស្ថិរភាព ការផ្តល់អំណាច និងសេវាគាំទ្រដល់កសិករនៅមូលដ្ឋាន និងការពង្រីក សហគមន៍កសិកម្មទំនើប ។

 

លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា បានថ្លែងថា កិច្ចសន្ទនានេះបង្ហាញពីតម្រូវការបន្ទាន់សម្រាប់សកម្មភាពរួម ដើម្បីដោះស្រាយវិបត្តិដែលជាប់ទាក់ទងគ្នារវាងការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង ។

 

លោកបានថ្លែងថា៖ “កម្ពុជាមានសក្តានុពលក្នុងការជំរុញការផលិតស្បៀងប្រកបដោយចីរភាព ដោយពឹងផ្អែកលើដីមានជីជាតិ និងបណ្តាញធនធានទឹកដូចជា ទន្លេមេគង្គ និងបឹងទន្លេសាប។ ប៉ុន្តែការសម្របខ្លួនទៅនឹងតម្រូវការស្បៀងអាហារទំនើប ត្រូវការសម្ព័ន្ធភាពពហុភាគី ដែលភ្ជាប់សមាជិកសភា រដ្ឋាភិបាល អ្នកវិនិយោគឯកជន អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន”

 

លោកបានសង្កត់ធ្ងន់លើគោលការណ៍សំខាន់បី គឺ ការទទួលខុសត្រូវ តាមរយៈការវិនិយោគប្រកបដោយសមធម៌ និងតម្លាភាព ភាពធន់ តាមរយៈការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ការគាំទ្រសហគ្រាសធុនតូច និងមធ្យម និងការលើកកម្ពស់ការកែច្នៃផលិតផលក្នុងស្រុក និង សាមគ្គីភាព តាមរយៈការចែករំលែកធនធាន និងចំណេះដឹងក្នុងសហគមន៍អាស៊ាន។

 

លោក បណ្ឌិត Chem Widya អគ្គលេខាធិការ អន្តរសភាអាស៊ាន បានថ្លែងថា ការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ គឺជាកត្តាចាំបាច់សម្រាប់កសាងប្រព័ន្ធស្បៀងដែលមានចីរភាព និងមានភាពធន់នឹងអាកាសធាតុ ខណៈការពារជីវភាពប្រជាជន និងបរិស្ថាន។

 

លោកបានថ្លែងថា៖ “តាមរយៈតួនាទីផ្នែកច្បាប់ ថវិកា និងការត្រួតពិនិត្យ សមាជិកសភាមានតួនាទីសំខាន់ក្នុងការធានាថា ការវិនិយោគក្នុងវិស័យស្បៀង កសិកម្ម និងព្រៃឈើ ស្របតាមអាទិភាពសន្តិសុខស្បៀង និងអាកាសធាតុ” ។

 

លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងសមាជិកសភា រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នសិក្សា និងសង្គមស៊ីវិល គឺចាំបាច់ ដើម្បីបំលែងគោលការណ៍ អន្តរសភាអាស៊ាន ទៅជាសកម្មភាពជាក់ស្តែង ដែលឆ្លើយតបនឹងអាទិភាពរបស់ប្រទេសនីមួយៗ និងពង្រឹងភាពធន់ទូទាំងតំបន់។

 

លោកស្រី Rebekah Bell តំណាង ហ្វាវប្រចាំកម្ពុជា បានថ្លែងថា វិស័យសាធារណៈ និងអាជីវកម្មកសិ-ស្បៀងត្រូវការការវិនិយោគបន្ថែម ប៉ុន្តែសំណួរសំខាន់មិនមែនមានតែថា “តើត្រូវវិនិយោគប៉ុន្មាន?” នោះទេ ប៉ុន្តែថែមទាំងត្រូវពិនិត្យថា ការវិនិយោគធ្វើឡើងដោយរបៀបណា នៅទីណា និងអ្នកណាជាអ្នកទទួលផលពីការវិនិយោគ។

 

លោកស្រីបានថ្លែងថា៖ “ការវិនិយោគប្រកបដោយការទទួលខុសត្រូវ គួរតែបង្កើតឱកាសសម្រាប់កសិករខ្នាតតូច និងអាជីវកម្មកសិ-ស្បៀង ទាំងធំ និងតូច ខណៈពង្រឹងភាពធន់នឹងអាកាសធាតុ និងការពារធនធានធម្មជាតិ”។

 

នៅក្នុងសម័យបិទកិច្ចសន្ទនា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានសង្កត់ធ្ងន់លើតម្រូវការឱ្យកម្ពុជាពង្រឹងការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងបង្កើតក្របខណ្ឌច្បាប់ដែលអាចព្យាករណ៍បាន ប្រព័ន្ធគ្រប់គ្រងបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាព និងការអនុវត្តច្បាប់ឱ្យបានរឹងមាំ។

 

លោកក៏បានលើកឡើងពីសារៈសំខាន់នៃការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយន្តការហិរញ្ញប្បទានចម្រុះសម្រាប់កសិករខ្នាតតូច ការរួមបញ្ចូលសហគ្រាសកសិ-ស្បៀងខ្នាតមីក្រូ តូច និងមធ្យម ការអភិវឌ្ឍពូជដំណាំធន់នឹងការប្រែប្រួលអាកាសធាតុ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ វិទ្យាសាស្ត្រស្បៀង និងវិស្វកម្ម ការផ្ទេរបច្ចេកវិទ្យា និងការពង្រីកលទ្ធភាពចូលទីផ្សារ។

 

ជាពិសេស លោកបានស្នើឱ្យពិចារណាបង្កើត ធនាគារស្បៀងអាស៊ាន (ASEAN Food Bank) ជាមជ្ឈមណ្ឌលតំបន់សម្រាប់ស្តុកស្បៀង ដើម្បីជួយធានាភាពមានស្បៀង លទ្ធភាពទទួលបានស្បៀង និងខ្សែសង្វាក់ពាណិជ្ជកម្មស្បៀងនៅក្នុងតំបន់ ក្នុងការឆ្លើយតបនឹងបញ្ហាខ្វះខាតស្បៀងដែលបណ្តាលមកពីគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុ។

 

យោងតាមព័ត៌មានដែលបានបង្ហាញក្នុងកិច្ចសន្ទនា វិស័យកសិកម្មរបស់កម្ពុជាបានរួមចំណែកប្រមាណ ១៦,១ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៥ និងបង្កើតតម្លៃបន្ថែមជាង ៨ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា វិស័យនេះនៅតែប្រឈមខ្ពស់នឹងហានិភ័យដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដែលអាចប៉ះពាល់ដល់ជីវភាពប្រជាជនជនបទ និងសន្តិសុខស្បៀង។

 

កិច្ចសន្ទនាបានសង្កត់ធ្ងន់ថា ការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ ដែលដឹកនាំដោយ គោលការណ៍ណែនាំ អន្តរសភាអាស៊ាន និងក្របខណ្ឌអនុវត្តតាមរយៈសភា ឆ្នាំ២០២៤ ដល់ ២០៣០ អាចជួយកសាងប្រព័ន្ធស្បៀងដែលមានភាពធន់ជាងមុន និងបង្កើតឱកាសថ្មីៗសម្រាប់កសិករ និងអាជីវកម្ម។

 

កិច្ចពិភាក្សានេះក៏បានផ្តល់វេទិកាសម្រាប់ចែករំលែកទស្សនៈ និងបទពិសោធន៍ជាក់ស្តែងពីបណ្តាប្រទេសអាស៊ាន ដើម្បីយកមកពិចារណាក្នុងបរិបទកម្ពុជា ជាពិសេសលើពាណិជ្ជកម្ម ការចូលទីផ្សារ និងការពង្រឹងភាពជាដៃគូរវាងសភា រដ្ឋាភិបាល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត។

 

កិច្ចសន្ទនានេះក៏ត្រូវបានរៀបចំឡើងមុនពេល វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (ខាហ្វី26) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៣ ដល់ ២៥ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ“ការវិនិយោគលើវិស័យកសិ-ស្បៀងកម្ពុជា ភាពជាដៃគូ ការបង្កើនតម្លៃបន្ថែម និងនវានុវត្តន៍” ឬ“Investing in Cambodia’s Agrifood: Partnerships, Value Addition and Innovation”។

 

ខាហ្វី២៦ ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ FAO ក្រោមគំនិតផ្តួចផ្តើម Hand-in-Hand ដោយមានគោលបំណងភ្ជាប់រដ្ឋាភិបាល កសិករ អាជីវកម្ម អ្នកវិនិយោគ ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកឱកាសវិនិយោគ និងភាពជាដៃគូជាក់ស្តែង។

 

តាមប្រភពដដែល ក្នុងឆ្នាំមុន ខាហ្វី បានបង្កើតទំហំពាណិជ្ជកម្មនៅនឹងកន្លែងប្រមាណ ១,៣ លានដុល្លារអាមេរិក និងបានស្វែងរកសក្តានុពលវិនិយោគប្រមាណ ៧៨ លានដុល្លារអាមេរិក។

ព័ត៌មានទាក់ទង

កម្ពុជារៀបចំកិច្ចសន្ទនា ASEAN ស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ កម្ពុជាជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីពង្រឹងសន្តិសុខស្បៀង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សន​កិច្ច​ពិនិត្យជាក់ស្តែងនៅដែនជម្រកសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ ការប្រមូលផ្តុំអំណាចរបស់យក្សកសិពាណិជ្ជកម្ម កំពុងផ្លាស់ប្តូរប្រព័ន្ធស្បៀងពិភពលោក កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦ ក្រសួងកសិកម្មបើកសិក្ខា​សាលាពិគ្រោះយោបល់ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាពនិងភាតរភាព» ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុង​វិស័​យកសិកម្ម តាមផ្ទាលឌីជីថល រដ្ឋមន្រ្តីក្រសួងកសិកម្ម បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម