សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជា និង ILO សាទរសមិទ្ធផលពាក់កណ្តាលអាណត្តិកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា

23 ម៉ោងមុន


ដោយ៖ កែវ រតនៈ

ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យដឹងថា  នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ក្នុងកម្មវិធីបើក “សិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ឆ្នាំ២០២៤-២០២៨” នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយ បានសាទរសមទ្ធិផលសម្រេចបាននៃកម្មវិធី និងវាយតម្លៃខ្ពស់ចំពោះអង្គការ ILO សម្រាប់ការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបន្តអនុវត្តកម្មវិធីចាប់ពីឆ្នាំ២០០៥មក ដែលកម្ពុជាជាប្រទេសតែមួយគត់ក្នុងអាស៊ាន ដែលបានអនុវត្តយូរជាងគេ និងមាននិរន្តរភាពបំផុតរហូតដល់មកដំណាក់កាលទី៦នេះ។ នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ សុខភាពការងារ និងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមមានប្រសាសន៍ថា កម្មវិធីនេះបន្តដើរតួជាយន្តការដ៏សំខាន់ដែលប្រមូលផ្តុំធាតុចូលពីភាគីពាក់ព័ន្ធដើម្បីជាឧត្តមប្រយោជន៍រួមដល់បងប្អូនកម្មករនិយោជិត និងនិយោជក។ ភាពជោគជ័យនៃកម្មវិធីនេះកើតចេញពីកិច្ចសហការត្រីភាគីយ៉ាងជិតស្និទ្ធដែលគាំទ្រការអនុវត្តគោលនយោបាយនានា រួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ និងចក្ខុវិស័យកម្ពុជា ជាពិសេសជួយសម្រេចបានសមិទ្ធផលធំៗលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាក់ស្តែង ការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លានបានបណ្តុះបណ្តាលសិស្សជាង ២៨,៤ម៉ឺននាក់ និងសមាជិក ប.ស.ស. បានកើនដល់ជាង ៣,៨លាននាក់ជាដើម។

ជាមួយនឹងការរំលឹកពីទិសដៅអាទិភាពសំខាន់ៗទាំង៣នៃកម្មវិធីគឺមូលធនមនុស្ស សេដ្ឋកិច្ច និងទំនាក់ទំនងវិជ្ជាជីវៈ ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលាពិនិត្យវាយតម្លៃលើចំណុចខ្វះខាត និងកែលម្អសូចនាករដោយយោងតាមបទពិសោធក្នុងការអនុវត្តកន្លងមក និងផ្តល់ធាតុចូល ដើម្បីផ្តល់ដំណោះស្រាយរួមដ៏មានប្រសិទ្ធភាព ព្រមទាំងពិភាក្សាស្វែងរកវិធីសាស្ត្រពង្រឹងយន្តការអនុវត្តរួមគ្នារវាង ស្ថាប័នរដ្ឋ អង្គការវិជ្ជាជីវៈ សមាគមនិយោជកឱ្យកាន់តែសមស្របភាពជាក់ស្តែងនឹងការប្រែប្រួលនិន្នាការសេដ្ឋកិច្ចសកល និងតាមគោលនយោបាយរាជរដ្ឋាភិបាលឆ្នាំ២០២៦ ជាពិសេសការតាំងចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រជាអតិបរមាដល់សហគ្រាសខ្នាតតូចនិងធម្យម ដែលជាឆ្អឹងកងសេដ្ឋកិច្ចជាតិ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើន ក្នុងនោះក៏រួមមានការកែសម្រួលការចុះបញ្ជីចូលក្នុងប្រព័ន្ធកាន់តែច្រើនផងដែរ។

ទន្ទឹមនេះ លោក សំ សឿន តំណាងក្រុមប្រឹក្សាសហជីពជាតិសម្រាប់កម្មវិធី DWCP និងលោក សុខ ឡោ អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានអរគុណក្រសួង និងអង្គការ ILO ចំពោះការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងប្តេជ្ញាបន្តអនុវត្តកម្មវិធីនេះ ដើម្បីលើកកម្ពស់ជីវភាពបងប្អូនកម្មករនិយោជិត ជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម។ រីឯ លោកស្រី ស៊ាវយៀន ឈាន នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ ជឿជាក់ថា ការជំរុញបន្តការពង្រឹងលើវឌ្ឍនភាពដែលសម្រេចបាន ពន្លឿនកំណែទម្រង់ ពង្រឹងត្រីភាគី និងកិច្ចសន្ទនាសង្គមឱ្យស្របនឹងស្តង់ដាការងារអន្តរជាតិនឹងជួយលើកកម្ពស់ការងារសមរម្យ ការការពារកម្មករកាន់តែប្រសើរ សហគ្រាសកាន់តែមានផលិតភាព និងភាពធន់មាំ កិច្ចសន្ទនាសង្គមកាន់តែរឹងមាំ និងការអភិវឌ្ឍដោយមិនទុកនរណាម្នាក់ចោល៕

 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

កម្ពុជា និង ILO សាទរសមិទ្ធផលពាក់កណ្តាលអាណត្តិកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ប.ស.ស.  រៀបចំសិក្ខាសាលា “ប្រមូលធាតុចូលលើលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃភាពជាដៃគូរវាង ប.ស.ស. និងភាគីផ្ដល់សេវា” កម្ពុជាជំរុញការទទួលស្គាល់ជំនាញ និងការផ្ទេរអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់លើកកម្ពស់ការចល័តកម្លាំងពលកម្មអាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៩ ក្រសួងការងារ និងក្រុមហ៊ុនដឹកជញ្ជូនឈានមុខចំនួន ៦ ចាប់ដៃគ្នាលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ឱ្យកាន់តែទូលំទូលាយ កម្ពុជាពង្រីករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់អតីតយុទ្ធជនជាយោធិនថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី វេទិការស្វែងរការងារធ្វើជូនប្រជាពលរដ្ឋស្រុកជ័យសែន រយៈពេល​៣ឆ្នាំនៃអាណត្តិ​សម្ដេចធិបតី យុវជនក្រី​ក្រ និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ក្រសួងការងារ ដោះស្រាយវិវាទនៅក្រុមហ៊ុន មីង យ៉ាង ដោយជោគជ័យ ខណៈកម្មករវិលចូលធ្វើការវិញ នៅថ្ងៃនេះ ថ្នាក់ដឹកនាំប.ស.ស.ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការទ្រទ្រង់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម