សារព័ត៌មានបៃតងប៉ុស្តិ៍

ព្រឹទ្ធសភាកម្ពុជាឆ្លើយតបប្រធានព្រឹទ្ធសភាថៃ«យុទ្ធសាស្ត្រហាន់ចំណិតសាច់ក្រក» និងអះអាងថា ព្រំដែនមិនអាចផ្លាស់ប្តូរដោយកម្លាំង

1 ម៉ោងមុន

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបនឹងការលើកឡើងរបស់ប្រធានព្រឹទ្ធសភាថៃ ពាក់ព័ន្ធនឹងប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ។

 

ក្នុងសេចក្តីប្រកាស ព្រឹទ្ធសភាកម្ពុជាបានពន្យល់ថា ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺផ្តោតលើស្ថានការណ៍ដែលកម្ពុជាចាត់ទុកថា ជា អំពើឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា និងការការពារគោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដី ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។

 

ព្រឹទ្ធសភាកម្ពុជាបានបែងចែកការឆ្លើយតបជា ៩ ចំណុចសំខាន់ៗ ដែលរួមមានបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ការការពារសំណង់ស៊ីវិល យុទ្ធសាស្ត្រផ្លាស់ប្តូរស្ថានភាពលើដី ការអះអាងអំពីសិទ្ធិស្វ័យការពារ កិច្ចព្រមព្រៀងឈប់បាញ់ ការចូលរួមរបស់សហគមន៍អន្តរជាតិ ការប្រើយន្តការតំបន់ និងអន្តរជាតិ និងការកសាងទំនុកចិត្តរវាងប្រទេសជិតខាង។

 

ចំណុចទី១៖ ឧក្រិដ្ឋកម្មឆ្លងដែនមិនអាចជាមូលហេតុរំលោភអធិបតេយ្យភាព

ព្រឹទ្ធសភាកម្ពុជាបានទទួលស្គាល់ថា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ គឺជាកិច្ចការចាំបាច់ និងស្របច្បាប់។ ទោះជាយ៉ាងណា កម្ពុជាបានសង្កត់ធ្ងន់ថា បញ្ហានេះមិនអាចត្រូវបានយកធ្វើជាមូលហេតុ ដើម្បីរំលោភអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់ប្រទេសដទៃឡើយ។

ព្រឹទ្ធសភាបានថ្លែងថា៖ «ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គឺជាការចាំបាច់ និងស្របច្បាប់ ក៏ប៉ុន្តែកិច្ចសហប្រតិបត្តិការនេះមិនអាចយកមកប្រើប្រាស់ដើម្បីរំលងគោលការណ៍ជាមូលដ្ឋាននៃអធិបតេយ្យ បូរណភាពទឹកដី និងការហាមឃាត់ការប្រើប្រាស់កម្លាំងបានឡើយ»។

 

កម្ពុជាក៏បានលើកឡើងពីទស្សនទាន «សង្គ្រាមសម័យទំនើប» ដែលអាចកើតឡើងក្នុងទម្រង់ផ្សេងៗ ដូចជា ការប្រើហេតុផលសន្តិសុខ ប្រតិបត្តិការយោធា សង្គ្រាមព័ត៌មាន និងការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង។

 

ចំណុចទី២៖ សំណង់ស៊ីវិលត្រូវទទួលការការពារតាមច្បាប់មនុស្សធម៌អន្តរជាតិ

ចំពោះការលើកឡើងអំពីការវាយប្រហារលើសំណង់ស៊ីវិល ព្រឹទ្ធសភាកម្ពុជាបានសង្កត់ធ្ងន់លើគោលការណ៍នៃ ច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសគោលការណ៍បែងចែកឱ្យដាច់រវាងវត្ថុស៊ីវិល និងគោលដៅយោធា។

ព្រឹទ្ធសភាបានបញ្ជាក់ថា៖ «ប្រសិនបើទីតាំងដែលត្រូវបានអះអាងជាគោលដៅយោធា តាមការពិតមានលក្ខណៈជាស៊ីវិល នោះទីតាំងទាំងនោះត្រូវបានការពារក្រោមគោលការណ៍ជាមូលដ្ឋាននៃការបែងចែកឱ្យដាច់រវាងវត្ថុស៊ីវិល និងគោលដៅយោធា»។

 

កម្ពុជាបានអះអាងថា ការវាយតម្លៃផ្លូវច្បាប់គួរតែផ្អែកលើអង្គហេតុដែលអាចផ្ទៀងផ្ទាត់បានដោយឯករាជ្យ ជាពិសេសលើលក្ខណៈ និងការប្រើប្រាស់ជាក់ស្តែងនៃទីតាំងនីមួយៗ។

 

ចំណុចទី៣៖ ព្រមានពី «យុទ្ធសាស្ត្រហាន់ចំណិតសាច់ក្រក»

ក្នុងចំណោមចំណុចទាំង៩ ព្រឹទ្ធសភាកម្ពុជាបានចាត់ទុកការព្រមានអំពី «យុទ្ធសាស្ត្រឈ្លានពានបែបហាន់ចំណិតសាច់ក្រក» (salami-slicing strategy) ជាបញ្ហាដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

 

តាមការពន្យល់របស់កម្ពុជា យុទ្ធសាស្ត្រនេះសំដៅលើការផ្លាស់ប្តូរស្ថានភាពនៅលើដីជាបន្តបន្ទាប់ និងបន្តិចម្តងៗ ហើយក្រោយមកយកស្ថានភាពដែលបានបង្កើតឡើងនោះធ្វើជាមូលដ្ឋានសម្រាប់ការទាមទារផ្នែកនយោបាយ ឬទឹកដី។ ព្រឹទ្ធសភាកម្ពុជាបានអះអាងថា៖ «នេះហើយជាល្បិចកលមិនអាចប្រកែកបានរបស់ប្រទេសថៃ ក្នុងការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែងរបស់កម្ពុជា»។

 

កម្ពុជាក៏បានភ្ជាប់គំនិតនេះទៅនឹងពាក្យ «fait accompli» ដែលសំដៅលើស្ថានភាពមួយដែលត្រូវបានបង្កើតឡើងជាក់ស្តែងនៅលើដី ហើយអាចត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការទាមទារនៅពេលក្រោយ។

 

ចំណុចទី៤៖ ច្រានចោលការអះអាងថា កម្ពុជាជាអ្នកបាញ់មុន

ពាក់ព័ន្ធនឹងការអះអាងរបស់ប្រធានព្រឹទ្ធសភាថៃថា កម្ពុជាជាអ្នកបាញ់មុន ហើយថៃបានធ្វើសកម្មភាពក្នុងក្របខណ្ឌ សិទ្ធិស្វ័យការពារស្របច្បាប់ និងអនុវត្តតាមសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រឹទ្ធសភាកម្ពុជាបានចាត់ទុកការអះអាងនេះថា ជាជំហរឯកតោភាគីរបស់ភាគីថៃ។

 

សេចក្តីប្រកាសបានថ្លែងថា៖ «ទាំងនេះគ្រាន់តែជាការអះអាងជាឯកតោភាគីរបស់ភាគីថៃតែប៉ុណ្ណោះ ហើយក៏មិនខុសប្លែកអ្វីពីការឃោសនាបំភ្លៃការពិត ប្រែក្លាយពីសទៅខ្មៅ ពីខ្មៅទៅស បំភ័ន្តមតិសាធារណៈ សំដៅបិទបាំងសកម្មភាពឈ្លានពានរបស់ខ្លួនមកលើបូរណភាពទឹកដីកម្ពុជា»។ ព្រឹទ្ធសភាបានបន្ថែមថា៖ «ភាគីម្ខាងមិនអាចដើរតួជាអ្នកអះអាង ហើយក្នុងពេលជាមួយគ្នានោះ ដើរតួជាអ្នកវិនិច្ឆ័យលើការអះអាងរបស់ខ្លួនឯងនោះទេ»។

 

ចំណុចទី៥៖ បទឈប់បាញ់មិនបង្កើតសិទ្ធិលើទឹកដី

ចំពោះសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា ខ្លួនមិនអាចទទួលយកការបកស្រាយណាមួយដែលអាចប្រែក្លាយ កិច្ចព្រមព្រៀងឈប់បាញ់ ទៅជាការទទួលស្គាល់អធិបតេយ្យភាព ឬសិទ្ធិលើទឹកដីដែលកម្ពុជាចាត់ទុកថាជារបស់ខ្លួនបានឡើយ។

 

ព្រឹទ្ធសភាបានថ្លែងថា៖ «បទឈប់បាញ់មិនអាចត្រូវបានយកមកធ្វើជាហេតុផល ដើម្បីបង្កើតសិទ្ធិថ្មីលើដែនដី ធ្វើឱ្យការកាន់កាប់ដែនដីដោយខុសច្បាប់ក្លាយជាស្របច្បាប់ ឬពង្រឹងស្ថានភាពដែលបង្កើតឡើងដោយឯកតោភាគីឱ្យក្លាយជាស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) នោះឡើយ»។ កម្ពុជាបានបញ្ជាក់ថា បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែនត្រូវដោះស្រាយតាមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលអាចអនុវត្តបាន ច្បាប់អន្តរជាតិ និងយន្តការដោះស្រាយវិវាទដោយសន្តិវិធី។

 

ចំណុចទី៦៖ កម្ពុជាបដិសេធការមិនឱ្យមានការយកចិត្តទុកដាក់ពីអន្តរជាតិ

ចំពោះការលើកឡើងថា ជម្លោះនេះ «មិនគួរត្រូវបានធ្វើអន្តរជាតូបនីយកម្ម» ព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា កម្ពុជាគ្មានបំណងធ្វើឱ្យវិវាទទ្វេភាគីក្លាយជាបញ្ហាអន្តរជាតិ ដើម្បីបម្រើគោលបំណងនយោបាយណាមួយឡើយ។ ប៉ុន្តែកម្ពុជាបានអះអាងថា ប្រសិនបើថៃចង់បញ្ចៀសការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ មធ្យោបាយដែលមានប្រសិទ្ធភាពមិនមែនជាការទាមទារឱ្យកម្ពុជានៅស្ងៀមនោះទេ។

 

ព្រឹទ្ធសភាបានថ្លែងថា៖ «មធ្យោបាយដែលមានប្រសិទ្ធភាពបំផុត មិនមែនជាការទាមទារឱ្យកម្ពុជានៅស្ងៀមនោះទេ ប៉ុន្តែគឺត្រូវដោះស្រាយមូលហេតុ និងស្ថានភាពជាក់ស្តែងដែលបានបង្កឱ្យមានការព្រួយបារម្ភទាំងនេះ»។ កម្ពុជាបានទាមទារឱ្យថៃដកកងកម្លាំងចេញពីតំបន់ដែលកម្ពុជាអះអាងថាជាទឹកដីរបស់ខ្លួន បញ្ឈប់សកម្មភាពដែលអាចផ្លាស់ប្តូរស្ថានភាពនៅលើដី និងអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាដែលបានភៀសខ្លួនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

 

ចំណុចទី៧៖ ការយកចិត្តទុកដាក់របស់អន្តរជាតិជាផលវិបាក មិនមែនជាមូលហេតុ

ព្រឹទ្ធសភាកម្ពុជាបានច្រានចោលការយល់ឃើញថា ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។សេចក្តីប្រកាសបានបញ្ជាក់ថា៖ «ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ មិនមែនជាមូលហេតុនៃបញ្ហានោះទេ ប៉ុន្តែជាផលវិបាកនៃស្ថានភាពជាក់ស្តែងនៅលើដី»។

 

តាមជំហររបស់កម្ពុជា មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីកុំឱ្យបញ្ហានេះបន្តក្លាយជាក្តីព្រួយបារម្ភរបស់អន្តរជាតិ គឺការស្តារឡើងវិញនូវការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ការអនុវត្តច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធី។

 

ចំណុចទី៨៖ យន្តការតំបន់ និងអន្តរជាតិមិនមែនជាការប្រឈមមុខ

កម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់យន្តការតំបន់ និងអន្តរជាតិដោយមានការទទួលខុសត្រូវ មិនគួរត្រូវបានចាត់ទុកថាជាការប្រឈមមុខដាក់គ្នាឡើយ។ព្រឹទ្ធសភាបានថ្លែងថា៖ «នីតិវិធីផ្លូវច្បាប់ និងការទូតដោយសន្តិវិធី ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាក់លាក់ ដើម្បីជួយឱ្យរដ្ឋនានាបញ្ជាក់ឱ្យបានច្បាស់នូវជំហររបស់ខ្លួន ទប់ស្កាត់ការកើនឡើងនៃភាពតានតឹង កាត់បន្ថយការយល់ច្រឡំ និងដោះស្រាយវិវាទដោយមានរបៀបរៀបរយ និងស្របតាមច្បាប់»។

 

កម្ពុជាបាននិយាយថា យន្តការទាំងនេះអាចជួយស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងយូរអង្វែង ព្រមទាំងពង្រឹងទំនុកចិត្តតាមរយៈតម្លាភាព គណនេយ្យភាព ភាពច្បាស់លាស់ផ្នែកច្បាប់ និងការអត់ធ្មត់។

 

ចំណុចទី៩៖ ទំនុកចិត្តត្រូវបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង

នៅចំណុចចុងក្រោយ ព្រឹទ្ធសភាកម្ពុជាបានយល់ស្របថា ការជឿទុកចិត្តគ្នា ការអត់ធ្មត់ ភាពស្មោះត្រង់ និងសុចរិតភាព គឺជាកត្តាចាំបាច់សម្រាប់ទំនាក់ទំនងប្រកបដោយសន្តិភាពរវាងប្រទេសជិតខាង។ ទោះជាយ៉ាងណា កម្ពុជាបានសង្កត់ធ្ងន់ថា ទំនុកចិត្តត្រូវតែមានទៅវិញទៅមក និងបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង មិនមែនត្រឹមតែពាក្យសម្តី។

 

ព្រឹទ្ធសភាបានថ្លែងថា៖ «ការកសាងទំនុកចិត្ត ត្រូវតែមានទៅវិញទៅមក និងបង្ហាញឱ្យឃើញតាមរយៈទង្វើដែលមានសង្គតិភាព មិនមែនត្រឹមតែពាក្យសម្តីនោះទេ»។ កម្ពុជាបានបន្ថែមថា មិនអាចរំពឹងឱ្យភាគីម្ខាងកសាងទំនុកចិត្តតែម្នាក់ឯង ខណៈដែលនីតិវិធីអព្យាក្រឹតត្រូវបានរារាំង ឬត្រូវបានបកស្រាយតាមការជ្រើសរើសនោះឡើយ។ «ការអំពាវនាវឱ្យមានកិច្ចសន្ទនា ក៏មិនអាចគួរឱ្យជឿទុកចិត្តបានដែរ ខណៈដែលសកម្មភាពជាក់ស្តែងនៅនឹងកន្លែងបង្កើនភាពតានតឹង និងបំផ្លាញទំនុកចិត្ត»

 

កម្ពុជាបន្តប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី

នៅចុងសេចក្តីប្រកាស ព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា ទោះបីមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងជាមួយភាគីថៃក៏ដោយ កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ សេចក្តីប្រកាសបានបញ្ចប់ដោយរំលឹកពីជំហរជាគោលការណ៍របស់កម្ពុជាថា៖ «ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ»។

 

សេចក្តីប្រកាសព័ត៌មាននេះបង្ហាញថា កម្ពុជាកំពុងដាក់ការឆ្លើយតបចំពោះភាគីថៃក្នុងក្របខណ្ឌ ច្បាប់អន្តរជាតិ និងការទូត ដោយផ្តោតសំខាន់លើការមិនទទួលស្គាល់ការផ្លាស់ប្តូរស្ថានភាពព្រំដែនដោយកម្លាំង ការប្រើប្រាស់យន្តការសន្តិវិធី និងការទាមទារឱ្យមានសកម្មភាពជាក់ស្តែង ដើម្បីកសាងទំនុកចិត្ត និងទប់ស្កាត់ការកើនឡើងនៃភាពតានតឹងរវាងប្រទេសទាំងពីរ។

ព័ត៌មានទាក់ទង

ព្រឹទ្ធសភាកម្ពុជាឆ្លើយតបប្រធានព្រឹទ្ធសភាថៃ«យុទ្ធសាស្ត្រហាន់ចំណិតសាច់ក្រក» និងអះអាងថា ព្រំដែនមិនអាចផ្លាស់ប្តូរដោយកម្លាំង កម្ពុជាបន្តបកអាក្រាតសកម្មភាពឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាក្នុងវេទិការអន្តរជាតិ កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លាចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ រដ្ឋមន្ត្រីអង់គ្លេសអំពាវនាវឱ្យកម្ពុជា–ថៃ ដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ កម្ពុជាតវ៉ាចំពោះថៃ ជុំវិញការសាងសង់ផ្លូវ និងលេណដ្ឋានយោធាតាមព្រំដែន កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ ជំរុញនវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈ ថៃបដិសេធការលើកឡើងរបស់អ្នករាយការណ៍ពិសេស UN ពាក់ព័ន្ធជម្លោះព្រំដែន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំពាវនាវឱ្យជនភៀសខ្លួនកម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាព
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម