
ភ្នំពេញ, ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ — រដ្ឋសភាកម្ពុជា កំពុងជំរុញការអនុវត្តគោលការណ៍អាស៊ានស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ ដោយផ្តោតលើការពង្រឹងសន្តិសុខស្បៀង ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់សភា ស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
កិច្ចសន្ទនានេះ ត្រូវបានរៀបចំដោយមានកិច្ចសហការរវាងរដ្ឋសភាកម្ពុជា លេខាធិការដ្ឋានសភាអាស៊ាន និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ក្នុងគោលបំណងជំរុញការអនុវត្ត គោលការណ៍អាស៊ានស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ នៅកម្រិតជាតិ និងតំបន់។
រដ្ឋសភាបានឱ្យដឹងថា កិច្ចសន្ទនានេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សមាជិកសភា ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ក្នុងការជំរុញការវិនិយោគដែលមានទំនួលខុសត្រូវ និងគាំទ្រដល់សន្តិសុខស្បៀងរបស់តំបន់អាស៊ាន។
តាមសេចក្តីជូនដំណឹង ការពិភាក្សានឹងផ្តោតលើបញ្ហាសំខាន់ៗ រួមមាន ការពង្រឹងសន្តិសុខស្បៀង ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវ ការអភិវឌ្ឍវិស័យកសិកម្ម និងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលកំពុងប៉ះពាល់កាន់តែខ្លាំងដល់ប្រព័ន្ធផលិតកម្មស្បៀងនៅក្នុងតំបន់។
រដ្ឋសភាបានបញ្ជាក់ថា កិច្ចសន្ទនានឹងផ្តល់ឱកាសដល់សមាជិកសភា និងភាគីពាក់ព័ន្ធ ផ្លាស់ប្តូរបទពិសោធន៍ ពិភាក្សាគោលនយោបាយ និងស្វែងរកកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីធានាថា ការវិនិយោគក្នុងវិស័យស្បៀង កសិកម្ម និងព្រៃឈើ អាចរួមចំណែកដល់កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការការពារធនធានធម្មជាតិ។
តាមសេចក្តីជូនដំណឹង ការរៀបចំកិច្ចសន្ទនានេះ គឺស្របតាម ក្របខ័ណ្ឌអនុវត្តរបស់សភាអាស៊ាន សម្រាប់ឆ្នាំ២០២៤-២០៣០ ដែលមានគោលដៅធ្វើឱ្យសភានៃប្រទេសសមាជិកអាស៊ាន មានតួនាទីកាន់តែសកម្មក្នុងការលើកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងការអភិវឌ្ឍវិស័យស្បៀង កសិកម្ម និងព្រៃឈើ។
រដ្ឋសភាបានបញ្ជាក់ថា សភាមិនត្រឹមតែមានភារកិច្ចអនុម័តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីក្នុងការត្រួតពិនិត្យការអនុវត្តគោលនយោបាយ ការតាមដានការវិនិយោគ និងការធានាថា ការអភិវឌ្ឍសេដ្ឋកិច្ចអាចផ្តល់ផលប្រយោជន៍ដោយសមធម៌ដល់ប្រជាពលរដ្ឋ ជាពិសេសសហគមន៍កសិកម្ម និងជនបទ។
ការរៀបចំកិច្ចសន្ទនានេះ កើតឡើងស្របពេលដែលអាស៊ានកំពុងផ្តល់សារៈសំខាន់កាន់តែខ្លាំងដល់ការកសាងប្រព័ន្ធស្បៀងដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការវិនិយោគដែលគោរពសិទ្ធិមនុស្ស បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្រាប់ប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មដូចជាកម្ពុជា ការធានាឱ្យការវិនិយោគមានទំនួលខុសត្រូវ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើនសន្តិសុខស្បៀង បង្កើតការងារ កែលម្អប្រាក់ចំណូលជនបទ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។
តាមរយៈកិច្ចសន្ទនានេះ កម្ពុជាក៏មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភាអាស៊ាន ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ដើម្បីរួមគ្នាជំរុញការវិនិយោគដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ការពារបរិស្ថាន និងធានាបាននូវប្រព័ន្ធស្បៀងដែលមានភាពធន់សម្រាប់អនាគត។






កម្ពុជាជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីពង្រឹងសន្តិសុខស្បៀង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ
ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចពិនិត្យជាក់ស្តែងនៅដែនជម្រកសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ
ការប្រមូលផ្តុំអំណាចរបស់យក្សកសិពាណិជ្ជកម្ម កំពុងផ្លាស់ប្តូរប្រព័ន្ធស្បៀងពិភពលោក
កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង
កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦
ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមផ្ទាលឌីជីថល
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់
06-សីហា-2026 - ម៉ោង 10:37:AM
31-កក្តដា-2026 - ម៉ោង 01:12:PM
23-កក្តដា-2026 - ម៉ោង 10:25:AM
20-កក្តដា-2026 - ម៉ោង 03:58:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា