សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានជលផល ចុះពិនិត្យពីសក្ដានុពលសហគមន៍នេសាទព្រែកខ្សាច់ ក្នុងខេត្តកោះកុង

11-មិថុនា-2026 - ម៉ោង 11:15:AM

ដោយ៖ កែវ រតនៈ

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានជលផល និងខណ្ឌរដ្ឋបាលជលផលកោះកុង ចុះពិនិត្យស្ថានភាពសក្តា នុពល វឌ្ឍនភាពសកម្មភាពគ្រប់គ្រង បញ្ហាប្រឈម និងសំណូមពររបស់សហគមន៍នេសាទព្រែកខ្សាច់ ស្ថិតនៅក្នុងឃុំព្រែកខ្សាច់ ស្រុកកោះកុង ខេត្តកោះកុង។

ការចុះពិនិត្យនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាននៃអគ្គនាយកដ្ឋានជលផល នាយខណ្ឌរដ្ឋបាលជលផលកោះកុង និងជាតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង អាជ្ញាធរឃុំ ភូមិ និងគណៈកម្មការសហគមន៍នេសាទព្រែកខ្សាច់ សរុបចំនួន១០នាក់។

លោក ចាប វន ជំទប់ទី១ឃុំព្រែកខ្សាច់ បានរាយការណ៍ពីស្ថានភាពសក្តានុពលនៃកន្លែងសហគមន៍នេសាទព្រែកខ្សាច់ ថា ធនធានជលផលមាននៅក្នុងកន្លែងសហគមន៍នេសាទ រួមមាន ព្រៃកោងកាង ៤៧៨ ហិកតា ស្មៅសមុទ្រ ១០២ ហិកតា វាលភក់ជាង៤០០ហិកតា សារាយសមុទ្រ ឆ្នេរខ្សាច់ ម្យ៉ាងទៀតសម្រាប់ជីវចម្រុះមានដូចជា គ្រែងឈាម គ្រំចំពុះទា អាវភក់ សត្វភេ សត្វស្លាប ហើយធនធានជលផលទាំងអស់នេះបានគាំទ្រដល់ជីវភាពនៃមុខរបររស់នៅរបស់ប្រជានេសាទប្រមាណ៧០-៨០ភាគរយ។

តាមការរាយការណ៍ពីលោក ម៉ឹង ឡាត់ ប្រធានសហគមន៍នេសាទ ក៏បានលើកឡើងថា សហគមន៍នេសាទបានរៀបចំផែនការគ្រប់គ្រង ជាលទ្ធផល បានសាងសង់ស្នាក់ការសហគមន៍ ទិញអូប័រ១គ្រឿង បោះបង្គោលកន្លែងស្មៅសមុទ្រនិងដាក់ប្រអប់សិប្បនិម្មិត ធនាគារក្តាមសេះជូនប្រជាពលរដ្ឋចំនួន៦០គ្រួសារ១គ្រួសារទទួល​បាន៦០ម៉ឺនរៀល ឧបករណ៍ភ្ញាស់ក្តាមសេះ គាំទ្រដោយរដ្ឋបាលជលផល ហើយអង្គការ FFI បានជួយផែទូក និងសាងសង់ស្ពានដើរប្រវែង១០០ម៉ែត្រ។

ឯកឧត្តមទឹម បូរក្ស បានកោតសរសើរដល់អាជ្ញាធរឃុំ សហគមន៍នេសាទ អគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលកោះកុង ដែលបានខិតខំបំពេញភារកិច្ចដោយទទួលបានលទ្ធផលល្អប្រសើរ បានជួយអភិវឌ្ឍសហគមន៍នេសាទ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងសហគមន៍នេសាទ រហូតទទួលបានលទ្ធផលធនធានជលផលនៅមានជាសក្តានុពលដែលផ្គត់ផ្គង់ដល់មុខរបរប្រជានេសាទសហគមន៍ ប្រភេទសត្វកម្រផ្សេងៗនៅមានវត្តមានដូចជាសត្វភេ អណ្តើកសមុទ្រ និងសត្វផ្សោត២ប្រភេទ ស្ថិតនៅក្នុង​ដែនសហគមន៍នេសាទព្រែកខ្សាច់ គឺផ្សោតផ្កាឈូក និងផ្សោតក្បាលត្រឡោកផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានដឹកនាំក្រុមការងារ អាជ្ញាធរឃុំ សហគមន៍នេសាទចុះពិនិត្យស្ថានភាពនៅក្នុងកន្លែងសហគមន៍នេសាទ ព្រៃកោងកាង និងលែងកូនក្តាមថ្មប្រមាណ៣០០ក្បាល ចូលក្នុងដងព្រែកកន្លែងសហគមន៍នេសាទព្រែកខ្សាច់ផងដែរ៕

 រូបភាព៖ ក្រសួងកសិកម្ម

ព័ត៌មានទាក់ទង

ការប្រមូលផ្តុំអំណាចរបស់យក្សកសិពាណិជ្ជកម្ម កំពុងផ្លាស់ប្តូរប្រព័ន្ធស្បៀងពិភពលោក កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦ ក្រសួងកសិកម្មបើកសិក្ខា​សាលាពិគ្រោះយោបល់ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាពនិងភាតរភាព» ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុង​វិស័​យកសិកម្ម តាមផ្ទាលឌីជីថល រដ្ឋមន្រ្តីក្រសួងកសិកម្ម បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូល​ជ្រូក​រស់ និង​សាច់បង្កកខុសច្បាប់ អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម