
បាងកក, ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍បដិសេធការលើកឡើងមួយចំនួននៅក្នុងសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់ លោក ថម អេនឌ្រូស អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយអះអាងថា ការវាយតម្លៃមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពតាមព្រំដែនកម្ពុជា–ថៃ មិនបានឆ្លុះបញ្ចាំងអង្គហេតុពីគ្រប់ភាគី និងគួរតែត្រូវបានពិនិត្យដោយផ្អែកលើព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ បានធ្វើឡើង បន្ទាប់ពីសារព័ត៌មានបានផ្សព្វផ្សាយអំពី សេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្ម (End of Mission Statement) របស់លោក ថម អេនឌ្រូស ដែលបានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ហើយបានលើកឡើងពីផលប៉ះពាល់ផ្នែកសិទ្ធិមនុស្ស ដែលបណ្តាលមកពីភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ។
ក្រសួងការបរទេសថៃ បានបញ្ជាក់ថា ប្រទេសថៃ «បានកត់សម្គាល់» សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស ប៉ុន្តែបានអះអាងថា ជម្លោះរវាងប្រទេសទាំងពីរ មិនបានផ្តើមឡើងដោយភាគីថៃនោះទេ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃបានលើកឡើងបដិសេធថា «ប្រទេសថៃសូមបញ្ជាក់ជាថ្មីថា ជម្លោះដែលបង្កឱ្យមានផលប៉ះពាល់ជាច្រើន មិនមែនផ្តើមឡើងដោយប្រទេសថៃនោះទេ ប៉ុន្តែកើតឡើងដោយសារការវាយប្រហារដោយមិនរើសមុខពីភាគីកម្ពុជា ដែលផ្តោតលើតំបន់ស៊ីវិលក្នុងប្រទេសថៃ» ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ក៍បានជំទាស់ការលើកឡើងអំពីជនផ្លាស់ទីលំនៅ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក ថម អេនឌ្រូស អំពីជនផ្លាស់ទីលំនៅក្នុងប្រទេស (Internally Displaced Persons – IDPs) ប្រមាណ ប្រាំមួយសែនប្រាំម៉ឺននាក់ នៅកម្ពុជា ភាគីថៃបានអះអាងថា មួយផ្នែកនៃចំនួននេះ គឺជាពលរដ្ឋកម្ពុជា ដែលធ្លាប់រស់នៅក្នុងតំបន់ជម្រកបណ្តោះអាសន្ន ដែលថៃបានបើកនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ក្នុងគោលបំណងមនុស្សធម៌ ។
យោងតាមក្រសួងការបរទេសថៃ បន្ទាប់ពីស្ថានភាពមានភាពប្រសើរឡើងថា ប្រជាពលរដ្ឋកម្ពុជាទាំងនេះមិនបានវិលត្រឡប់ទៅកម្ពុជាវិញទេ ទោះបីថៃបានធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីកម្ពុជាជាច្រើនលើកក៏ដោយ ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ដូច្នេះ ប្រទេសថៃចាត់ទុកថា ប្រជាពលរដ្ឋកម្ពុជាទាំងនេះគឺជាអ្នកដែលបានចូលកាន់កាប់ទឹកដីថៃដោយខុសច្បាប់ ហើយមិនស្ថិតនៅក្នុងនិយមន័យនៃជនផ្លាស់ទីលំនៅក្នុងប្រទេស នោះទេ ។ ប្រទេសថៃក៏បដិធដោយបានលើកឡើងថា សិទ្ធិក្នុងការវិលត្រឡប់ទៅលំនៅឋានវិញ មិនគួរត្រូវបានប្រើប្រាស់សម្រាប់គោលបំណងនយោបាយ ឬការឃោសនានោះទេ ប៉ុន្តែគួរតែអនុវត្តដោយផ្អែកលើគោលការណ៍មនុស្សធម៌ ។
ចំពោះបញ្ហាពាក់ព័ន្ធពលករកម្ពុជាវិញ ប្រទេសថៃក៍ស្លន់ស្លោបដិសេធ ដោយក្រសួងការបរទេសថៃ ក៏បានជំទាស់ការលើកឡើងរបស់អ្នករាយការណ៍ពិសេស យូអិន ដែលអះអាងថា មានពលករកម្ពុជាប្រមាណ ប្រាំបួនសែននាក់ បានវិលត្រឡប់ពីប្រទេសថៃ ។
យោងតាមសេចក្តីថ្លែងការណ៍ ពលករទាំងនោះរួមមានទាំងអ្នកដែលស្នាក់នៅស្របច្បាប់ និងអ្នកដែលចូលទៅធ្វើការដោយខុសច្បាប់ ហើយការវិលត្រឡប់បានធ្វើឡើងដោយស្ម័គ្រចិត្ត បន្ទាប់ពីមានការអំពាវនាវពីរាជរដ្ឋាភិបាលកម្ពុជា ។
ក្រសួងការបរទេសថៃថែមបានបញ្ជាក់ថា «រាជរដ្ឋាភិបាលថៃ តែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការធានាសុវត្ថិភាពរបស់ពលករកម្ពុជា នៅក្នុងប្រទេសថៃ ហើយមិនដែលមានគោលនយោបាយបណ្តេញពលករទាំងនេះចេញពីប្រទេសឡើយ» ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ថៃអំពាវនាវឱ្យយន្តការ យូអិន ប្រកាន់អព្យាក្រឹតភាព តាមរយៈក្រសួងការបរទេសថៃបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការគោរពសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ដោយលើកឡើងថា ថៃបានសហការជាបន្តបន្ទាប់ជាមួយយន្តការនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងបានផ្តល់ការបំភ្លឺពាក់ព័ន្ធជាផ្លូវការរួចហើយ ។
ក្រសួងការបរទេសថៃបានអះអាងថា យន្តការនីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ គួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ឯករាជ្យភាព អព្យាក្រឹតភាព និងវត្ថុបំណងតម្ភាភាព ព្រមទាំងពិចារណាព័ត៌មានពីគ្រប់ភាគីដោយផ្អែកលើប្រភពដែលអាចជឿទុកចិត្ត និងផ្ទៀងផ្ទាត់បាន ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា «ការវាយតម្លៃអំពីសិទ្ធិមនុស្ស គួរតែផ្អែកលើអង្គហេតុ និងទស្សនៈពីគ្រប់ភាគី ដើម្បីធានាថាមានតុល្យភាព និងស្របតាមអាណត្តិរបស់យន្តការនីតិវិធីពិសេស» ។
នៅចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ ថៃអះអាងត្រៀមស្តារទំនាក់ទំនងជាមួយកម្ពុជា ក្រសួងការបរទេសថៃបានបញ្ជាក់ថា ប្រទេសថៃត្រៀមខ្លួនរួចជាស្រេចក្នុងការស្តារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញ ប៉ុន្តែបានលើកឡើងថា ដំណើរការនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ពីភាគីទាំងពីរ ។
ក្រសួងការបរទេសថៃបានបញ្ជាក់ថា «ភាគីទាំងពីរគួរធ្វើការរួមគ្នាដើម្បីបង្កើតបរិយាកាសអំណោយផល តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមទាំងការបន្ថយភាពតានតឹង និងការជៀសវាងសកម្មភាព ឬការចោទប្រកាន់ដែលអាចបង្កការយល់ច្រឡំ ឬធ្វើឱ្យបាត់បង់ទំនុកចិត្តទៅវិញទៅមក» ។
សេចក្តីថ្លែងការណ៍នេះ គឺជាការឆ្លើយតបផ្លូវការរបស់ភាគីថៃ ចំពោះការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោក ថម អេនឌ្រូស អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោកបានលើកឡើងពីផលប៉ះពាល់ផ្នែកមនុស្សធម៌នៃជម្លោះតាមព្រំដែន និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធធានាសិទ្ធិ និងសុវត្ថិភាពរបស់ជនស៊ីវិល និងជនដែលត្រូវបានផ្លាស់ទីលំនៅ ។







ថៃបដិសេធការលើកឡើងរបស់អ្នករាយការណ៍ពិសេស UN ពាក់ព័ន្ធជម្លោះព្រំដែន
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំពាវនាវឱ្យជនភៀសខ្លួនកម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាព
ស្ថានទូតអាមេរិករំលឹកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ខណៈអ្នកជំនាញ UN ចុះវាយតម្លៃផលប៉ះពាល់ជម្លោះព្រំដែន
មន្ត្រីកម្ពុជាអះអាងថា តំបន់អានសេះស្ថិតទាំងស្រុងក្នុងទឹកដីកម្ពុជា
កម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ានពិភាក្សាស្ថានភាពព្រំដែនជាមួយថៃ
កម្ពុជាអំពាវនាវឱ្យអាស៊ានបង្កើនសម្ពាធលើថៃ ដើម្បីគោរពច្បាប់អន្តរជាតិ និងបញ្ឈប់ភាពតានតឹងតាមព្រំដែន
កម្ពុជាច្រានចោលការអះអាងរបស់ថៃ ជំរុញឱ្យបន្តការកំណត់ព្រំដែនគោក ខណៈដំណើរការ UNCLOS បន្តដោយឡែក
កម្ពុជារក្សាជំហរដោះស្រាយវិវាទដោយសន្តិវិធីទាំងដែនទឹក និងដែនគោក ខណៈជប៉ុនផ្តល់ជំនួយសន្តិសុខជាតិលើកដំបូង
កម្ពុជា-ថៃ ឯកភាពផ្តល់ពេលបន្ថែមដល់អ្នកផ្សះផ្សា ដើម្បីជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រ
31-កក្តដា-2026 - ម៉ោង 06:20:PM
30-កក្តដា-2026 - ម៉ោង 03:20:PM
28-កក្តដា-2026 - ម៉ោង 02:23:PM
27-កក្តដា-2026 - ម៉ោង 03:45:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា