សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ ជំរុញនវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈ

15 ម៉ោងមុន

សៀមរាប៖ កម្ពុជាបានបើកកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ASEAN Cooperation on Civil Service Matters – ACCSM) ដោយប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» (Innovation for Better Service Delivery)

 

កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ គឺជាផ្នែកមួយនៃការទទួលធ្វើជាប្រធានប្តូរវេនរបស់កម្ពុជាសម្រាប់អាណត្តិឆ្នាំ២០២៤–២០២៦ លើកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) និងកិច្ចប្រជុំអាស៊ានបូកបីស្តីពីកិច្ចការមុខងារសាធារណៈលើកទី៨ (8th ACCSM+3)។

 

ពិធីបើកកិច្ចប្រជុំត្រូវបានដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ACCSM មន្ត្រីបង្គោលមកពីប្រទេសសមាជិកអាស៊ានទាំង១០ តំណាងលេខាធិការដ្ឋានអាស៊ាន និងគណៈប្រតិភូមកពីប្រទេសដៃគូ។

 

ក្នុងពិធីបើកកិច្ចប្រជុំ លោក យក់ ប៊ុនណា បានដឹកនាំការពិនិត្យ ពិភាក្សា និងសម្របសម្រួលលើឯកសារគោលនយោបាយ របាយការណ៍វឌ្ឍនភាព និងរបៀបវារៈនានា ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃបន្ទាប់។

 

លោក យក់ ប៊ុនណា បានមានប្រសាសន៍ថា «កិច្ចប្រជុំថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធ និងជំរុញការធ្វើនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូ ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព» ។

 

លោកបានបន្ថែមថា កិច្ចពិភាក្សារបស់មន្ត្រីជាន់ខ្ពស់នឹងជួយសម្របសម្រួលលើគោលនយោបាយ និងអាទិភាពរួមរបស់តំបន់ ដើម្បីធានាថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនឹងសម្រេចបានលទ្ធផលជាក់ស្តែង ដែលរួមចំណែកដល់ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈនៅក្នុងតំបន់អាស៊ាន។

 

យោងតាមក្រសួងមុខងារសាធារណៈ កម្ពុជាបានជ្រើសរើសមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ក្នុងគោលបំណងប្រមូលផ្តុំ និងចែករំលែកចំណេះដឹង ឧត្តមានុវត្តន៍ និងបទពិសោធន៍ពាក់ព័ន្ធនឹងនវានុវត្តន៍ក្នុងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ព្រមទាំងជំរុញការអនុវត្ត សេចក្តីណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ (ASEAN Guidelines on Public Service Delivery) និងលើកកម្ពស់ការធ្វើនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ។

 

ក្រសួងបានបញ្ជាក់ថា កិច្ចប្រជុំនេះគាំទ្រដល់ការអនុវត្ត ផែនការការងារ ACCSM ឆ្នាំ២០២១–២០២៥ ដែលមានគោលបំណងកសាង «មុខងារសាធារណៈដែលមានសមត្ថភាពខ្ពស់ ភាពស្វាហាប់ និងផ្តោតលើប្រជាពលរដ្ឋ»។ កិច្ចប្រជុំនេះក៏ស្របតាម ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តោតលើអាស៊ានរួមបញ្ចូល បរិយាបន្ន ភាពធន់ និងផ្តោតលើប្រជាពលរដ្ឋ ព្រមទាំង ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលលើកកម្ពស់អាស៊ានប្រកបដោយភាពធន់ នវានុវត្តន៍ ភាពស្វាហាប់ និងផ្តោតលើប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះក៏រួមចំណែកគាំទ្រដល់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ (SDG 16) ស្តីពី សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ ផងដែរ។

 

ក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព គឺជាមូលដ្ឋានសម្រាប់កសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល និងជាកត្តាសំខាន់សម្រាប់រក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។ ដូច្នេះ មន្ត្រីរាជការ និងស្ថាប័នសាធារណៈត្រូវបន្តអនុវត្តវិធីសាស្ត្រថ្មីៗ និងប្រើប្រាស់នវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។

 

កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) មានប្រភពចាប់តាំងពីឆ្នាំ១៩៨០ ហើយកិច្ចប្រជុំលើកដំបូងត្រូវបានរៀបចំនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ១៩៨១។ នៅឆ្នាំ២០១៥ អាស៊ានបានសម្រេចផ្លាស់ប្តូរឈ្មោះយន្តការនេះពី ASEAN Conference on Civil Service Matters មកជា ASEAN Cooperation on Civil Service Matters ដើម្បីឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសសមាជិក។

 

បន្ថែមពីលើប្រទេសសមាជិកអាស៊ានទាំង១០ យន្តការ ACCSM+3 ក៏រួមបញ្ចូលប្រទេស ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ខណៈអូស្ត្រាលី កាណាដា និងឥណ្ឌា ក៏ចូលរួមជាដៃគូសន្ទនាក្នុងកិច្ចសហប្រតិបត្តិការផ្នែកមុខងារសាធារណៈផងដែរ។

 

កម្ពុជាបានចូលជាសមាជិក ACCSM នៅឆ្នាំ២០០១ បន្ទាប់ពីចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ និងធ្លាប់ធ្វើជាប្រធានប្តូរវេនលើកដំបូងក្នុងអាណត្តិឆ្នាំ២០០៥–២០០៦។ អាណត្តិជាប្រធានបច្ចុប្បន្ន (២០២៤–២០២៦) ត្រូវបានផ្ទេរមកកម្ពុជាជាផ្លូវការក្នុងអំឡុងកិច្ចប្រជុំ ACCSM លើកទី២២ និង ACCSM+3 លើកទី៧ ដែលប្រារព្ធធ្វើនៅទីក្រុងបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេ ដារូសាឡាម កាលពីខែសីហា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

 

យោងតាមក្រសួងមុខងារសាធារណៈ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់តំបន់នាពេលនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន និងរួមចំណែកកសាងរដ្ឋបាលសាធារណៈដែលមាននវានុវត្តន៍ ប្រសិទ្ធភាព តម្លាភាព និងផ្តោតលើប្រជាពលរដ្ឋនៅទូទាំងតំបន់អាស៊ាន។

 

ព័ត៌មានទាក់ទង

កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ ជំរុញនវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈ ថៃបដិសេធការលើកឡើងរបស់អ្នករាយការណ៍ពិសេស UN ពាក់ព័ន្ធជម្លោះព្រំដែន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំពាវនាវឱ្យជនភៀសខ្លួនកម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាព ស្ថានទូតអាមេរិករំលឹកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ខណៈអ្នកជំនាញ UN ចុះវាយតម្លៃផលប៉ះពាល់ជម្លោះព្រំដែន មន្ត្រីកម្ពុជាអះអាងថា តំបន់អានសេះស្ថិតទាំងស្រុងក្នុងទឹកដីកម្ពុជា កម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ានពិភាក្សាស្ថានភាពព្រំដែនជាមួយថៃ កម្ពុជាអំពាវនាវឱ្យអាស៊ានបង្កើនសម្ពាធលើថៃ ដើម្បីគោរពច្បាប់អន្តរជាតិ និងបញ្ឈប់ភាពតានតឹងតាមព្រំដែន កម្ពុជាច្រានចោលការអះអាងរបស់ថៃ ជំរុញឱ្យបន្តការកំណត់ព្រំដែនគោក ខណៈដំណើរការ UNCLOS បន្តដោយឡែក កម្ពុជារក្សាជំហរដោះស្រាយវិវាទដោយសន្តិវិធីទាំងដែនទឹក និងដែនគោក ខណៈជប៉ុនផ្តល់ជំនួយសន្តិសុខជាតិលើកដំបូង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម