
សៀមរាប៖ កម្ពុជាបានដាក់ចេញគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីភ្ជាប់វិស័យកសិកម្ម និងទេសចរណ៍ តាមរយៈការបង្កើត «ខ្សែក្រវាត់បៃតង (Green Belt)» នៅតាមតំបន់ទេសចរណ៍ ក្នុងគោលបំណងបង្កើនការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក កាត់បន្ថយការនាំចូលម្ហូបអាហារ និងបង្កើនប្រាក់ចំណូលដល់កសិករ និងសហគមន៍មូលដ្ឋាន។
គំនិតផ្តួចផ្តើមនេះ ត្រូវបានដាក់ឱ្យអនុវត្តតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងទេសចរណ៍ នៅសួនអាស៊ាន–កូរ៉េកម្ពុជា ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ។
កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងស្របតាមអនុសាសន៍នៃ វេទិការរាជរដ្ឋាភិបាល–ផ្នែកឯកជន លើកទី១៩ ដែលផ្តោតលើការកាត់បន្ថយ «ការលេចធ្លាយសេដ្ឋកិច្ច (Economic Leakage)» ក្នុងវិស័យទេសចរណ៍ តាមរយៈការភ្ជាប់ដោយផ្ទាល់រវាងកសិករ សហគមន៍កសិកម្ម និងអាជីវកម្មទេសចរណ៍។
ថ្លែងក្នុងពិធី លោក ឌិត ទីណា មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់បៃតង» នឹងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្មពីសហគមន៍មូលដ្ឋាន ទៅកាន់ទីផ្សារទេសចរណ៍ ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
លោក ឌិត ទីណា មានប្រសាសន៍ «កសិករ និងសហគមន៍មូលដ្ឋាន នឹងទទួលបានប្រភពចំណូល ខណៈវិស័យទេសចរណ៍ក៏នឹងរីកចម្រើនផងដែរ។ នេះគឺជាលទ្ធផលឈ្នះៗទាំងអស់គ្នា ដែលយើងហៅថា ‘ការនាំចេញនៅនឹងកន្លែង’ (Export at Source)»។
លោកបានបន្តថា សហគមន៍កសិកម្មនឹងដើរតួនាទីជាប្រភពផ្គត់ផ្គង់បន្លែ ត្រី សាច់ និងផលិតផលកសិកម្មផ្សេងៗ ដោយធានាបាននូវគុណភាព បរិមាណ និងនិរន្តរភាពនៃការផ្គត់ផ្គង់ សម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មទេសចរណ៍។
លោកបានបន្ថែ«តំបន់ទេសចរណ៍នៅទីណា ប្រភពនៃការផ្គត់ផ្គង់ក៏គួរតែនៅទីនោះដែរ។ ការតភ្ជាប់នេះនឹងពង្រីកផលិតកម្ម បង្កើនប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន និងបង្កើតតម្លៃបន្ថែមសម្រាប់វិស័យកសិកម្ម និងទេសចរណ៍,» ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានមានប្រសាសន៍ថា អនុស្សរណៈនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលបន្លែ ត្រី សាច់ និងម្ហូបអាហារពីបរទេស តាមរយៈការពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក។
លោក ហួត ហាក់ មានប្រសាសន៍ «ពីចម្ការកសិករ ទៅកាន់តុអាហាររបស់ភ្ញៀវទេសចរ៖ កម្ពុជាកំពុងពង្រឹងយុទ្ធសាស្ត្រកាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ និងអាហារពីបរទេស តាមរយៈការរួមគ្នាជំរុញ ‘ខ្សែក្រវាត់បៃតង’ នៅតាមតំបន់ទេសចរណ៍,» ។
លោកបានគូសបញ្ជាក់ថា វិស័យកសិកម្ម និងវិស័យទេសចរណ៍ គឺជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ការពង្រឹងផលិតកម្មកសិកម្មក្នុងស្រុក នឹងជួយបង្កើនប្រាក់ចំណូលរបស់កសិករ ធានាសុវត្ថិភាពស្បៀង និងលើកស្ទួយអត្តសញ្ញាណម្ហូបអាហារខ្មែរ សម្រាប់ភ្ញៀវទេសចរ។
លោកបានបន្ថែម «កំណើនភ្ញៀវទេសចរ គឺជាកាតាលីករសំខាន់ក្នុងការបង្កើតទីផ្សារដ៏ធំទូលាយសម្រាប់កសិករ និងសហគមន៍មូលដ្ឋាន ខណៈការរីកចម្រើននៃវិស័យកសិកម្ម ក៏នឹងជួយលើកកម្ពស់គុណភាព និងបទពិសោធន៍របស់ភ្ញៀវទេសចរផងដែរ,»។
អនុស្សរណៈនៃការយោគយល់គ្នានេះ កំណត់ក្របខ័ណ្ឌសហប្រតិបត្តិការរយៈពេលវែង ដោយផ្តោតលើការកសាង «ខ្សែក្រវាត់បៃតង» នៅតាមតំបន់ទេសចរណ៍ ការពង្រឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងការភ្ជាប់ដោយផ្ទាល់រវាងសហគមន៍កសិកម្ម និងប្រតិបត្តិករទេសចរណ៍។ ភាគីទាំងពីរនឹងផ្លាស់ប្តូរព័ត៌មានអំពីតម្រូវការ និងការផ្គត់ផ្គង់ ដើម្បីធានាថាផលិតផលកសិកម្មក្នុងស្រុកអាចឆ្លើយតបបានទាំងគុណភាព បរិមាណ និងពេលវេលា។
ក្រោមកិច្ចព្រមព្រៀងនេះ ក្រសួងទាំងពីរក៏នឹងលើកកម្ពស់ការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុកនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មទេសចរណ៍ ឱ្យបានអតិបរមា ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលម្ហូបអាហារ រក្សាចំណូលឱ្យបន្តវិលជុំក្នុងសេដ្ឋកិច្ចជាតិ និងបង្កើតតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក។ កិច្ចសហប្រតិបត្តិការនេះ ក៏រួមបញ្ចូលការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ ដោយភ្ជាប់ផលិតកម្មកសិកម្មជាមួយទីផ្សារទេសចរណ៍ ដើម្បីបង្កើនប្រាក់ចំណូលដល់កសិករ និងគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការអនុវត្តអនុស្សរណៈនេះ ត្រូវបានរំពឹងថានឹងជួយពង្រឹងទីផ្សារផលិតផលកសិកម្មក្នុងស្រុក បង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលរបស់សហគមន៍ និងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព តាមរយៈការភ្ជាប់កាន់តែជិតស្និទ្ធរវាងវិស័យកសិកម្ម និងវិស័យទេសចរណ៍។










កម្ពុជាជំរុញ «ខ្សែក្រវាត់បៃតង» ភ្ជាប់កសិកម្ម និងទេសចរណ៍ ដើម្បីកាត់បន្ថយការនាំចូលម្ហូបអាហារ
កម្ពុជាឈ្នះជើងឯក SEA V-League ជាប្រវត្តិសាស្ត្រ ទោះបញ្ចប់ចំណាត់ថ្នាក់លេខ៤ក្នុងជុំចុងក្រោយ
អេស្ប៉ាញគ្រងជើងឯក FIFA World Cup 2026
FIFA World Cup 2026៖ វគ្គ ៨ ក្រុមរកឃើញបេក្ខភាព ខណៈ រ៉ូណាល់ដូ, ណៃម៉ា និងសហរដ្ឋអាមេរិក ធ្លាក់ចេញ
ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass មិនតម្រូវឱ្យមានការបង់ថ្លៃសេវាអ្វីទាំងអស់
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ សម្រាប់សាធារណជនចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា»
កម្ពុជាលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនទាំងអស់ ប៉ុន្តែមិនរាប់បញ្ចូលចិនតៃវ៉ាន់
អ្នកនាំពាក្យឱ្យដឹងថាតំបន់ទេសចរណ៍ក្នុងខេត្តឧត្តរមានជ័យនឹងកាន់តែទាក់ទាញការចាប់អារម្មណ៍ប្រសិនបើស្ថានភាពវិលទៅរកស្ថានភាពដូចដើម
27-កក្តដា-2026 - ម៉ោង 03:05:PM
20-កក្តដា-2026 - ម៉ោង 11:55:AM
07-កក្តដា-2026 - ម៉ោង 11:13:AM
27-មេសា-2026 - ម៉ោង 03:52:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា