
កោះកុង, ប្រជាពលរដ្ឋប្រមាណ ១០០នាក់ មកពីសហគមន៍ដីធ្លីចំនួន៤ ក្នុងស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកោះកុង ដើម្បីតាមដានញត្តិ និងអំពាវនាវឱ្យអាជ្ញាធរពន្លឿនការដោះស្រាយវិវាទដីធ្លីដែលអូសបន្លាយជាច្រើនឆ្នាំ ព្រមទាំងស្នើសុំការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្វើដំណើរ ដែលពួកគេអះអាងថាកំពុងមានសភាពលំបាកខ្លាំង និងប៉ះពាល់ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម ។
ការប្រមូលផ្តុំនេះ មានការចូលរួមពីតំណាងសហគមន៍ដីធ្លី ១៩៧ គ្រួសារ (រួមទាំងក្រុម១៦គ្រួសារ) សហគមន៍ដីធ្លី ៩៥៥ គ្រួសារ សហគមន៍ជីខក្រោម ១៧៥ គ្រួសារ និងសហគមន៍ថ្មសសាមគ្គី។ អ្នកចូលរួមបានកាន់បដា និងឆ័ត្រក្រោមភ្លៀង មុនពេលតំណាងសហគមន៍ចំនួន ១៥នាក់ ត្រូវបានអនុញ្ញាតឱ្យចូលជួបអភិបាលខេត្ត ដើម្បីដាក់ញត្តិស្នើសុំពន្លឿនការផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រចំនួន ៨៥៦គ្រួសារ នៅក្នុងឃុំចំនួន៦ នៃស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ក្នុងខេត្តកោះកុង ។
លោកស្រី ផាវ ញើង តំណាងសហគមន៍ដីធ្លីខេត្តកោះកុង បានមានប្រសាសន៍ថា ការប្រមូលផ្តុំលើកនេះមានគោលបំណងជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់លើបញ្ហាវិវាទដីធ្លីដែលនៅតែអូសបន្លាយ និងការខ្វះហេដ្ឋារចនាសម្ព័ន្ធ ដែលបន្តប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកស្រីបានថ្លែងផងដែរថា «ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរនឹងពន្លឿនការសិក្សា និងដោះស្រាយឱ្យបានច្បាស់លាស់ ដើម្បីធានាសិទ្ធិ និងជីវភាពរស់នៅរបស់ពួកគេ។ បញ្ហាផ្លូវធ្វើដំណើរក៏ត្រូវការការយកចិត្តទុកដាក់ផងដែរ ព្រោះវាប៉ះពាល់ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋ» ។
លោកស្រីបានបន្ថែមថា ការទាមទារដីធ្លី និងប័ណ្ណកម្មសិទ្ធិនៅខេត្តកោះកុង បានបន្តកើតមានជាបន្តបន្ទាប់ ខណៈសហគមន៍ជាច្រើននៅតែរង់ចាំការដោះស្រាយពីអាជ្ញាធរ ដើម្បីធានាសិទ្ធិស្របច្បាប់លើដីធ្លី និងការរស់នៅរបស់ពួកគេ។
ឆ្លើយតបនឹងសំណើរបស់ប្រជាពលរដ្ឋ លោកស្រី ឈឺ វ៉ា អភិបាលខេត្តកោះកុង បានអនុញ្ញាតឱ្យតំណាងសហគមន៍ចំនួន ១៥នាក់ ចូលជួបពិភាក្សា និងទទួលយកញត្តិ ។ ក្នុងជំនួបនោះ លោកស្រីបានបញ្ជាក់ពីជំហររបស់រដ្ឋបាលខេត្តចំពោះសំណើរបស់ប្រជាពលរដ្ឋ និងបានឆ្លើយតបលើបញ្ហាសំខាន់ៗដែលសហគមន៍បានលើកឡើង ។
ចំពោះសំណើសុំកែលម្អផ្លូវធ្វើដំណើររបស់សហគមន៍ជីខក្រោម ដែលមានប្រជាពលរដ្ឋ ១៧៥ គ្រួសារ លោកស្រីបានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទបានសិក្សា និងរៀបចំប្លង់គម្រោងរួចហើយ ហើយគម្រោងសាងសង់ផ្លូវត្រូវបានដាក់បញ្ចូលក្នុងផែនការអនុវត្តសម្រាប់ឆ្នាំ២០២៦ ដល់ ២០២៧ ។
ទាក់ទងនឹងវិវាទដីធ្លីរវាងសហគមន៍ ១៩៧ គ្រួសារ និងភាគីលោក ហេង ហួយ លោកស្រីបានបញ្ជាក់ថា រដ្ឋបាលខេត្តមិនទាន់មានសមត្ថកិច្ចសម្រេចជំនួសថ្នាក់ជាតិបាននៅឡើយទេ ។ លោកស្រី ឈឺ វ៉ា បានមានប្រសាសន៍ថា «រដ្ឋបាលខេត្តនឹងបើកការពិនិត្យករណីនេះឡើងវិញ ដោយស្នើឱ្យប្រជាពលរដ្ឋផ្តល់ភស្តុតាងបន្ថែម ហើយនឹងរៀបចំកិច្ចប្រជុំសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ» ។
ចំពោះសំណើសុំដីសម្បទានសង្គមកិច្ចរបស់សហគមន៍ ៩៥៥ គ្រួសារ អាជ្ញាធរខេត្តបានឱ្យដឹងថា នឹងចុះស្រាវជ្រាវ និងប្រមូលទិន្នន័យជាក់ស្តែងឡើងវិញ មុនរៀបចំរបាយការណ៍ស្នើទៅថ្នាក់ជាតិ ដើម្បីពិនិត្យលទ្ធភាពផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ ។
ដោយឡែក ចំពោះករណីដីធ្លីនៅឃុំថ្មស ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោកស្រីអភិបាលខេត្តបានឱ្យដឹងថា ព័ត៌មាន និងព្រំប្រទល់ដីនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ដូច្នេះ រដ្ឋបាលខេត្តនឹងរៀបចំកិច្ចប្រជុំពិសេសមួយ ដោយអញ្ជើញតំណាងសហគមន៍ និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមផ្ទៀងផ្ទាត់ទីតាំង និងផែនទី ដើម្បីកំណត់ឱ្យបានច្បាស់ថា ដីដែលមានវិវាទស្ថិតនៅក្នុងដែនសម្បទានរបស់ក្រុមហ៊ុន ឬយ៉ាងណា ។
សម្រាប់ករណីប្រជាពលរដ្ឋចំនួន ១៥ គ្រួសារ ដែលស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី លោកស្រីអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តមិនទាន់អាចចេញប័ណ្ណកម្មសិទ្ធិភ្លាមៗបានទេ ដោយសារទីតាំងភូមិសាស្ត្រនៃដីនៅមិនទាន់មានភាពច្បាស់លាស់ និងមានការខុសគ្នារវាងភូមិឈូក និងភូមិព្រៃជីង។ អាជ្ញាធរនឹងបន្តចុះពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានជាក់ស្តែង មុនធ្វើការសម្រេចតាមនីតិវិធីច្បាប់ ។
វិវាទដីធ្លីនៅខេត្តកោះកុង បានបន្តអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ដោយសហគមន៍ជាច្រើននៅតែទាមទារឱ្យមានការទទួលស្គាល់សិទ្ធិកាន់កាប់ដី និងការដោះស្រាយវិវាទ ខណៈអាជ្ញាធរខេត្តអះអាងថា ករណីជាច្រើនត្រូវការការផ្ទៀងផ្ទាត់ទិន្នន័យ ការសិក្សាបន្ថែម និងការសម្រេចពីថ្នាក់ជាតិ មុនអាចអនុវត្តវិធានការតាមនីតិវិធីច្បាប់បាន ។





ពលរដ្ឋរងបញ្ហាដីធ្លីនៅខេត្តកោះកុង បន្តស្នើអាជ្ញាធរពន្លឿនការដោះស្រាយវិវាទដីធ្លី
វប្បធម៌សន្ទនារវាងសង្គមស៊ីវិល និងរដ្ឋាភិបាល លើអភិបាលកិច្ចដីធ្លី ព្រៃឈើ និងធនធានធម្មជាតិ
បណ្ណកម្មសិទ្ធិដីធ្លីចំនួន១៣៧ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំមួយក្នុងខេត្តបាត់ដំបង
អាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋក្នុងភូមិចំនួន ៩ នៃសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល
ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា
ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី
ដីបុរាណដ្ឋាន ត្រពាំង២ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ ត្រូវបានចុះបញ្ជីជាដី សាធារណៈរបស់រដ្ឋ
01-មិថុនា-2026 - ម៉ោង 02:52:PM
28-ឧសភា-2026 - ម៉ោង 06:59:AM
21-ឧសភា-2026 - ម៉ោង 11:37:AM
29-មេសា-2026 - ម៉ោង 03:19:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា