សារព័ត៌មានបៃតងប៉ុស្តិ៍

២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់

15-កក្តដា-2025 - ម៉ោង 09:34:AM

អត្ថបទ៖ កែវ រតនៈ​

ក្នុងរយៈពេល ២២ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងចំនួន ៥ ៣៥៦ រោងចក្រ ពោលគឺកើនពី៤០ ៣០០ ដល់៤៥ ៦៥៦ រោងចក្រសហគ្រាស ស្មើនឹងកំណើន១៣,២៩%។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី១៤ ខែកក្កដា នេះ។

លោកបន្តថា ក្នុងនោះ រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ បានកើនឡើងចំនួន ២១៦ រោងចក្រ ដោយបានកើនពី១ ៤៦៦ ដល់១ ៦៨២ រោងចក្រសហគ្រាស។ ដោយឡែកវិស័យក្រៅពីកាត់ដេរ មានកំណើនដល់ ៥ ១៤០រោងចក្រ ពោលគឺបានកើនពី ៣៨ ៨៣៤ ដល់ ៤៣ ៩៧៤ រោងចក្រសហគ្រាស ស្មើនឹង ១៣,២៤%។ ដោយឡែកកម្មករបានកើនដល់ ១,៨៩លាននាក់ ក្នុងនោះកម្មកនិយោជិតក្នុងវិស័យកាត់ដេរមានចំនួនជាង ៩៧ម៉ឺននាក់។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានគូសបញ្ជាក់បន្ថែមថា កំណើននេះគឺបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា និងជំនឿទុកចិត្តពីវិនិយោគិនជាតិ ជាពិសេសវិនិយោគិនអន្តរជាតិមកលើរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈដែលជាសេនាធិការ បាននិងកំពុងបន្តសម្របសម្រួល និងបង្កើតបរិយាកាសវិនិយោគដ៏ល្អ​ជូន​វិនិយោគិន រួមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាពលរដ្ឋឱ្យក្លាយជាកម្លាំងពលកម្មជំនាញដែលវិនិយោគិនកំពុងត្រូវការសម្រាប់បង្កើនផលិតភាព។

លោក ស៊ុន មេសា សង្កត់ធ្ងន់ថា៖ “សុខភាពវិស័យកាត់ដេរ និងកំណើនសហគ្រាសនៅកម្ពុជា បន្តមានសុខភាពល្អដោយរោងចក្រសហគ្រាសបន្តកើនឡើងគួរជាទីមោទនៈ ដែលបង្ហាញយ៉ាងច្បាស់ពីការជឿទុកចិត្ត និងការអនុវត្តដ៏ត្រឹមត្រូវនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដែលធ្វើឱ្យពលរដ្ឋគ្រប់គ្នារីករាយមានការងារធ្វើ និងមានជីវភាពកាន់តែល្អប្រសើរខណៈដែលកម្មករនិយោជិតមានការថែទាំសុខភាពដោយឥតគិតថ្លៃ មានប្រាក់គ្រោះថ្នាក់ការងារ មានប្រាក់សោធនពេលចាស់ថែមទៀតផង”។ ជាមួយកំណើនរោងចក្រសហគ្រាសប្រមាណជាង ៥,៣ពាន់នេះ បានធ្វើឱ្យកម្ពុជាមានតម្រូវការកម្លាំងពលកម្មប្រមាណ២៥ម៉ឺននាក់ជាពិសេសវិស័យឧស្សាហកម្ម។ នេះបើតាមលោក ស៊ុន មេសាដដែល។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអំពាវនាវជាថ្មីម្តងទៀតឱ្យពលរដ្ឋខ្មែរដែល​វិល​ត្រឡប់​ពីប្រទេសថៃវិញ សូមស្វែងរកឱកាសការងារដ៏ច្រើនសម្បូរបែបនៅក្នុងស្រុកដើម្បីទទួលបានអត្ថប្រយោជន៍​ច្រើន សុវត្ថិភាព កាត់បន្ថយការចំណាយ នៅជិតគ្រួសារ និងចូលរួមពង្រឹងសេដ្ឋកិច្ចជាតិរបស់ខ្លួនជាមួយនឹងរាជរដ្ឋាភិបាលដែលមានសម្តេចធិបតីជាប្រមុខដែលតែងតែគិតគូរពីឧត្តមប្រយោជន៍របស់បងប្អូនពលករ កម្មករនិយោជិត និងប្រជាពលរដ្ឋជាអាទិភាព៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ADB គ្រោងផ្តល់ហិរញ្ញប្បទាន ៤៥០ លានដុល្លារ ដើម្បីជួយកម្ពុជា និងស្រីលង្កាទប់ទល់ផលប៉ះពាល់ពីជម្លោះនៅមជ្ឈិមបូព៌ា កម្ពុជាអះអាងថា អត្រាពន្ធ ១០% របស់អាមេរិក នឹងរក្សាឧត្តមភាពប្រកួតប្រជែងវិនិយោគធៀបនឹងប្រទេសអាស៊ាន ប្រេងឥន្ទនៈលក់រាយនៅកម្ពុជាបន្តឡើងថ្លៃ ក្រោមឥទ្ធពលភាពតានតឹងនៅមជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រី អំពាវនាវពង្រឹងសហគ្រាសធុនតូច និងមធ្យម TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូលដល់យុវជន និងអតីតពលករចំណាកស្រុក តាមរយៈជំនាញបច្ចេកទេស ADB ប្តេជ្ញាគៀរគរថវិកា ៣០ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសអាស៊ាន តម្លៃប្រេងឥន្ធនៈកម្ពុជាឡើងថ្លៃ ខណៈជម្លោះនៅមជ្ឈឹមបូព៌ារញ្ជួយទីផ្សារប្រេងពិភពលោក នាវាដឹកឥន្ទនៈចំនួន២ទើបមកដល់ និងចូលសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុ រដ្ឋាភិបាលសម្រេចបន្ថយអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមកនៅត្រឹម៤%
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម