សារព័ត៌មានបៃតងប៉ុស្តិ៍

នាយករដ្ឋមន្ត្រី អំពាវនាវពង្រឹងសហគ្រាសធុនតូច និងមធ្យម

ម្សិលមិញ ម៉ោង 09:27:AM

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសម្ចាស់ និងអ្នកប្រកបអាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ចូលរួមផ្តល់មតិយោបល់ និងសំណើដំណោះស្រាយ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចរៀបចំវិធានការគាំទ្រដែលមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមជាក់ស្តែងរបស់វិស័យនេះ។

 

តាមរយៈសារដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចបានលើកឡើងថា៖ «សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង»

 

សម្តេចធិបតីបានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ដោយសារតួនាទីដ៏សំខាន់នេះ រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមក បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម។

 

សម្តេចបានបន្តថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ថែមជាច្រើន ដើម្បីសម្រួលដល់ការបង្កើត និងដំណើរការរបស់សហគ្រាសធុនតូច និងមធ្យម។ ទោះជាយ៉ាងណា វិស័យនេះនៅតែប្រឈមនឹងបញ្ហាមួយចំនួន ដែលត្រូវការការយកចិត្តទុកដាក់ និងដំណោះស្រាយបន្ថែម ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព។

 

សម្តេចធិបតីបានគូសបញ្ជាក់ថា នៅក្នុងបរិបទដែលកម្ពុជាកំពុងជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន ដើម្បីជំនួសការនាំចូល តួនាទីរបស់សហគ្រាសធុនតូច និងមធ្យម កាន់តែមានសារៈសំខាន់។ ដើម្បីសម្រេចគោលដៅនេះ សម្តេចបានប្រគល់ភារកិច្ចជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំការរៀបចំ និងសិក្សាវិធានការចាំបាច់ និងបន្ទាន់បន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម។

 

សម្តេចបានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលតែងតែធ្វើការសិក្សាលម្អិត និងពិភាក្សាជាមួយតំណាងសហគ្រាសធុនតូច និងមធ្យម វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ មុននឹងដាក់ចេញនូវគោលនយោបាយ និងវិធានការនានា ដើម្បីធានាថាវិធានការទាំងនោះឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យអាជីវកម្ម។

 

ក្នុងន័យនេះ សម្តេចធិបតីបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ចូលរួមផ្តល់មតិយោបល់អំពីបញ្ហាប្រឈមដែលកំពុងជួបប្រទះ និងស្នើដំណោះស្រាយដែលអាចអនុវត្តបាន។

 

សម្តេចបានសង្កត់ធ្ងន់ថា មតិយោបល់ទាំងនេះ នឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ក្នុងការរៀបចំវិធានការថ្មីៗ ដែលមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម អាចរីកចម្រើនកាន់តែរឹងមាំ បង្កើនសមត្ថភាពប្រកួតប្រជែង និងរួមចំណែកកាន់តែខ្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍផលិតកម្មក្នុងស្រុក។

 

ការអំពាវនាវរបស់សម្តេចធិបតីលើកនេះ បានឆ្លុះបញ្ចាំងពីការបន្តអនុវត្តគោលការណ៍ «រួមគិត រួមធ្វើ» ដោយបើកទូលាយឱ្យប្រជាពលរដ្ឋ និងវិស័យឯកជនចូលរួមក្នុងការរៀបចំគោលនយោបាយសាធារណៈ។ វិធីសាស្ត្រនេះ ត្រូវបានរំពឹងថានឹងជួយឱ្យវិធានការរបស់រាជរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ 

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ត្រី អំពាវនាវពង្រឹងសហគ្រាសធុនតូច និងមធ្យម TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូលដល់យុវជន និងអតីតពលករចំណាកស្រុក តាមរយៈជំនាញបច្ចេកទេស ADB ប្តេជ្ញាគៀរគរថវិកា ៣០ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសអាស៊ាន តម្លៃប្រេងឥន្ធនៈកម្ពុជាឡើងថ្លៃ ខណៈជម្លោះនៅមជ្ឈឹមបូព៌ារញ្ជួយទីផ្សារប្រេងពិភពលោក នាវាដឹកឥន្ទនៈចំនួន២ទើបមកដល់ និងចូលសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុ រដ្ឋាភិបាលសម្រេចបន្ថយអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមកនៅត្រឹម៤% រដ្ឋមន្ត្រីក្រសួងរ៉ែអំពាវឱ្យពលរដ្ឋកុំភ័យស្លន់ស្លោ ព្រោះកម្ពុជាមិនខ្វះប្រភពផ្គត់ផ្គង់ឧស្ម័នLPG មន្ទីរពាណិជ្ជកម្មខេត្តតាកែវ អនុវត្តសាកល្បងផ្សារផលិតផលខ្មែរ រយៈពេល៣ខែ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចប្រជុំ៤លើកទៀតដោយកំណត់ឱ្យចប់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦​
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម