សារព័ត៌មានបៃតងប៉ុស្តិ៍

TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូលដល់យុវជន និងអតីតពលករចំណាកស្រុក តាមរយៈជំនាញបច្ចេកទេស

9 ម៉ោងមុន

 

 

សៀមរាប៖ ខណៈទីផ្សារការងារក្នុងស្រុក និងអន្តរជាតិកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងតម្រូវឱ្យមានធនធានមនុស្ស ប្រកបដោយជំនាញជាក់លាក់ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអតីតពលករចំណាកស្រុក។ ការវិនិយោគលើការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាយុទ្ធសាស្ត្រស្នូលមួយក្នុងការកសាងមូលធនមនុស្ស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

 

ក្នុងឱកាសប្រារព្ធ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ធីវេទផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ខេត្តសៀមរាបបានរៀបចំពិព័រណ៍ និងសកម្មភាពផ្សព្វផ្សាយជាច្រើននៅបរិវេណសួនច្បារ ព្រះរាជដំណាក់ ក្រុងសៀមរាប ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ មកពីមន្ទីរ និងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក វិស័យឯកជន អង្គការ សមាគម សិស្សានុសិស្សមកពីវិទ្យាល័យរដ្ឋ និងឯកជន ព្រមទាំងសាធារណជន សរុបប្រមាណ ៣ពាន់នាក់។

 

កម្មវិធីនេះ មានគោលបំណងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងរបស់យុវជន អំពីជំនាញដែលទីផ្សារការងារ កំពុងត្រូវការ និងជំរុញការចូលរួម អភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សម្រាប់ការប្រកួតប្រជែងនៅក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។

 

បន្ថែមពីលើការតាំងបង្ហាញសមិទ្ធផល និងស្នាដៃសិស្ស កម្មវិធីនេះក៏បានជំរុញឱ្យគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងខេត្ត បន្តលើកកម្ពស់សមត្ថភាពគ្រូបច្ចេកទេស តាមរយៈការសិក្សាស្រាវជ្រាវ និងការសហការជាមួយសហគ្រាស គ្រឹះស្ថាន និងវិស័យឧស្សាហកម្ម ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងបច្ចេកវិទ្យាចុងក្រោយ ដែលឆ្លើយតបទៅនឹងតម្រូវការការងារជាក់ស្តែង។

 

កញ្ញា សូ នីតា អតីតពលករចំណាកស្រុក ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងបច្ចុប្បន្នកំពុងរស់នៅក្នុងក្រុងរុនតាឯក ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា ការសម្រេចចិត្តចូលរៀនវគ្គខ្លីជំនាញដុតនំ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានផ្លាស់ប្តូរទិសដៅជីវិតរបស់កញ្ញាយ៉ាងខ្លាំង ។

 

កញ្ញាបានឱ្យដឹងថា បន្ទាប់ពីសិក្សារយៈពេល ៦ខែ កញ្ញាទទួលបានចំណេះដឹង និងជំនាញជាក់ស្តែង ដែលអាចយកទៅប្រកបមុខរបរដោយខ្លួនឯង ឬបម្រើការងារនៅតាមសហគ្រាសនានាបាន ។ បច្ចុប្បន្ន កញ្ញាមានបំណងបង្កើតអាជីវកម្មដុតនំផ្ទាល់ខ្លួន ដោយជឿជាក់ថា ជំនាញដែលទទួលបាន អាចក្លាយជាប្រភពចំណូលប្រកបដោយនិរន្តរភាព ។

 

កញ្ញាបានលើកឡើងថា កម្មវិធីបណ្ដុះបណ្ដាលជំនាញខ្លី គឺជាឱកាសដ៏ល្អសម្រាប់យុវជននៅតំបន់ជនបទ និងពលករដែល ត្រឡប់មកពីក្រៅប្រទេស ជាពិសេសអ្នកដែលរងផលប៉ះពាល់ពីស្ថានភាពជម្លោះតាមព្រំដែនកម្ពុជា-ថៃ ព្រោះពួកគេអាចទទួលបានជំនាញ បង្កើតការងារ និងបង្កើនប្រាក់ចំណូលដោយខ្លួនឯង ដោយមិនចាំបាច់ធ្វើចំណាកស្រុកសារជាថ្មី។

 

កញ្ញាបានបន្ថែមថា អត្ថប្រយោជន៍សំខាន់នៃវគ្គបណ្ដុះបណ្ដាលជំនាញខ្លី គឺការចំណាយពេលសិក្សាតិច ត្រូវការដើមទុនមិនច្រើន ប៉ុន្តែអាចធ្វើឱ្យអ្នកសិក្សាក្តោបក្តាប់ជំនាញស្នូល និងបង្កើតប្រាក់ចំណូលបានយ៉ាងឆាប់រហ័ស ។ លើសពីនេះ វាក៏ជំរុញឱ្យយុវជនអភិវឌ្ឍគំនិតច្នៃប្រឌិត និងបង្កើតផលិតផលថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្នផងដែរ។

 

ជាមួយគ្នានេះដែរ កញ្ញា ប៊ុន ចន្ទលក្ខិណា ដែលជាយុវតីទទួលបានអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ ផ្នែកជំនាញអគ្គិសនី បានមានប្រសាសន៍ថា ការទទួលបានឱកាសសិក្សាជំនាញបច្ចេកទេស បានជួយឱ្យកញ្ញាផ្លាស់ប្តូរជីវិតពីយុវជនម្នាក់ដែលធ្លាប់ជួបការលំបាកផ្នែកជីវភាព មកជាអ្នកបច្ចេកទេសដែលមានការងារធ្វើ និងមានប្រាក់ចំណូលស្ថិរភាព។

 

កញ្ញាបានរៀបរាប់ថា ដោយសារការខិតខំប្រឹងប្រែង និងការអនុវត្តផ្ទាល់ជាប្រចាំ កញ្ញាអាចក្តោបក្តាប់ជំនាញបច្ចេកទេសអគ្គិសនីបានយ៉ាងស្ទាត់ជំនាញ ហើយបន្ទាប់ពីបញ្ចប់ការសិក្សា កញ្ញាត្រូវបានក្រុមហ៊ុនឯកជនមួយជ្រើសរើសឱ្យបម្រើការងារជាបុគ្គលិកបច្ចេកទេសពេញសិទ្ធិ។

 

ក្រៅពីការងារប្រចាំ កញ្ញាក៏បានទទួលការងារក្រៅម៉ោង ដោយផ្តល់សេវារៀបចំ និងជួសជុលប្រព័ន្ធអគ្គិសនីតាមលំនៅឋាន បុរី និងអគារពាណិជ្ជកម្ម ដែលបានក្លាយជាប្រភពចំណូលបន្ថែម និងជួយលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

 

ថ្លែងក្នុងឱកាសទិវាជាតិ ធិវេទ នេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណ ១,៥ លាននាក់ នៅទូទាំងប្រទេស ដោយមិនបង់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម។

 

 

លោកបានបញ្ជាក់ថា កម្មវិធីនេះ គឺជាវិធានការប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន ក្នុងការបង្រួមវិសមភាពសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សមធម៌សង្គម ស្របតាមអាទិភាពគន្លឹះទី១ «មនុស្ស» និងគោលដៅយុទ្ធសាស្ត្រទី៣ «សមធម៌» នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

 

លោកបានសង្កត់ធ្ងន់ថា គោលនយោបាយ «ពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» គឺជាគោលដៅសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

 

ជុំវិញការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការគាំទ្រអតីតពលករចំណាកស្រុក លោកបណ្ឌិត ម៉ប ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានថ្លែងថា វិទ្យាស្ថានកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដល់អតីតពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ។

 

លោកបានឱ្យដឹងថា រហូតមកដល់ពេលនេះ វិទ្យាស្ថានបានធ្វើការវាយតម្លៃ និងទទួលស្គាល់សមត្ថភាពអតីតពលករបានចំនួន ១,០៩៣នាក់។ ពលករទាំងនេះភាគច្រើនមានជំនាញរួចជាស្រេច ប៉ុន្តែខ្វះឯកសារបញ្ជាក់ ឬវិញ្ញាបនបត្រទទួលស្គាល់សមត្ថភាព ដែលជាឧបសគ្គក្នុងការស្វែងរកការងារធ្វើ។

 

លោកបណ្ឌិត ម៉ប ស៊ីនួន បានមានប្រសាសន៍ថា៖ «ការធ្វើតេស្តនេះ គឺដើម្បីឱ្យពលករទទួលបានវិញ្ញាបនបត្រទទួលស្គាល់សមត្ថភាព ដែលនឹងជួយឱ្យពួកគាត់កាន់តែងាយស្រួលក្នុងការស្វែងរកការងារធ្វើ ឬប្រកបមុខរបរដោយខ្លួនឯង។»

 

លោកបានបន្តថា ការធ្វើតេស្ត និងផ្តល់វិញ្ញាបនបត្រនេះ គ្របដណ្តប់លើជំនាញសំខាន់ៗ រួមមាន ការងារកំបោរ ការ៉ូ ដំឡើងពុម្ព បណ្ដាញទឹក បណ្ដាញអគ្គិសនីក្នុងអគារ ការងាររន្ទា និងការដំឡើងសរសៃដែក ដែលសុទ្ធសឹងជាជំនាញមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារ។

 

លោកបញ្ជាក់ថា មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអង្គរ ដែលបង្កើតឡើងដោយក្រសួងការងារ គឺជាយន្តការសំខាន់មួយ ក្នុងការទទួលស្គាល់ជំនាញដែលពលករមានស្រាប់ និងជួយឱ្យពួកគាត់អាចបន្តអាជីព ឬបង្កើតការងារបានកាន់តែប្រសើរនៅក្នុងប្រទេស៕

ព័ត៌មានទាក់ទង

TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូលដល់យុវជន និងអតីតពលករចំណាកស្រុក តាមរយៈជំនាញបច្ចេកទេស ADB ប្តេជ្ញាគៀរគរថវិកា ៣០ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសអាស៊ាន តម្លៃប្រេងឥន្ធនៈកម្ពុជាឡើងថ្លៃ ខណៈជម្លោះនៅមជ្ឈឹមបូព៌ារញ្ជួយទីផ្សារប្រេងពិភពលោក នាវាដឹកឥន្ទនៈចំនួន២ទើបមកដល់ និងចូលសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុ រដ្ឋាភិបាលសម្រេចបន្ថយអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមកនៅត្រឹម៤% រដ្ឋមន្ត្រីក្រសួងរ៉ែអំពាវឱ្យពលរដ្ឋកុំភ័យស្លន់ស្លោ ព្រោះកម្ពុជាមិនខ្វះប្រភពផ្គត់ផ្គង់ឧស្ម័នLPG មន្ទីរពាណិជ្ជកម្មខេត្តតាកែវ អនុវត្តសាកល្បងផ្សារផលិតផលខ្មែរ រយៈពេល៣ខែ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចប្រជុំ៤លើកទៀតដោយកំណត់ឱ្យចប់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦​ ក្រសួងការងារ  បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្ន​ភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា និង​ក្នុងតំបន់»
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម