
ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កម្ពុជាបានជំរុញឱ្យមានការភ្ជាប់គោលនយោបាយរវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ ដោយអំពាវនាវឱ្យរដ្ឋសមាជិកអាស៊ាន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុ បង្កើនការវិនិយោគលើប្រព័ន្ធស្បៀងអាហារដែលមានភាពធន់នឹងអាកាសធាតុ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងដូច្នេះ ក្នុងពេលចូលរួមជាវាគ្មិនកិត្តិយសនៅវេទិកា «កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភា ស្តីពីប្រព័ន្ធស្បៀងអាហារដែលធន់នឹងអាកាសធាតុ និងការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ៖ ជំរុញរបៀបវារៈ ASEAN RAI» ដែលរៀបចំដោយអន្តរសភាអាស៊ាន (AIPA) នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា។ លោកបានចាត់ទុកការប្រែប្រួលអាកាសធាតុថា មិនមែនជាបញ្ហាបរិស្ថានតែមួយមុខទេ ប៉ុន្តែជាបញ្ហាដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយសេដ្ឋកិច្ច សន្តិសុខស្បៀង ជីវភាពប្រជាពលរដ្ឋ និងស្ថិរភាពសង្គម។
ក្នុងវេទិកានេះ លោក អ៊ាង សុផល្លែត បានលើកឡើងថា “កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហើយផលប៉ះពាល់នេះអាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាថយចុះប្រមាណ ៩.៨% នៅឆ្នាំ២០៥០” ។ សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើវិស័យដែលងាយរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ រួមមាន កសិកម្ម នេសាទ ទេសចរណ៍ និងផលិតកម្ម។ ក្នុងបរិបទនេះ ការប្រែប្រួលរបបទឹកភ្លៀង សីតុណ្ហភាពខ្ពស់ ភាពរាំងស្ងួត និងបាតុភូតអាកាសធាតុខ្លាំងៗ អាចបង្កើនហានិភ័យចំពោះផលិតកម្មកសិកម្ម និងប្រាក់ចំណូលរបស់គ្រួសារដែលពឹងផ្អែកលើធនធានធម្មជាតិ។
ខណៈបញ្ហាប្រែប្រួលអាកាសធាតុកំពុងត្រូវបានពិភាក្សានៅកម្រិតតំបន់ ស្ថានភាពនៅតំបន់ជនបទក៏បង្ហាញពីផលប៉ះពាល់ជាក់ស្តែងទៅលើកសិករផងដែរ ជាពិសេសបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រព និងអាកាសធាតុស្ងួតអូសបន្លាយ។
អ្នកស្រី សៅ រីណា កសិកររស់នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រាប់សារព័ត៌មាន ប៉ៃតងប៉ុស្តិ៍ថា អាកាសធាតុមិនទៀងទាត់ក្នុងរដូវវស្សាឆ្នាំនេះ កំពុងធ្វើឱ្យកសិករជាច្រើនប្រឈមនឹងការលំបាកផ្នែកជីវភាព។ អ្នកស្រីបាននិយាយថា ស្រែប្រាំង និងស្រែវស្សាមួយចំនួនបានចាប់ផ្តើមស្ងួត និងប្រឈមនឹងការបាត់បង់ទិន្នផល ខណៈកសិករបានចំណាយថវិកាលើពូជ ជី និងសម្ភារកសិកម្មរួចហើយ។
អ្នកស្រីលើកឡើងថា «យើងជាកសិករពឹងផ្អែកទាំងស្រុងលើវាលស្រែ។ ឃើញដើមស្រូវដែលខំដាំដុះកំពុងក្រៀមស្វិតនៅចំពោះមុខ គឺពិតជាឈឺចាប់ណាស់។ ថ្លៃពូជស្រូវ ជី និងថ្នាំកសិកម្មដែលបានវិនិយោគ ស្ទើរតែបាត់បង់ទាំងស្រុង»
អ្នកស្រីបានបន្ថែមថា ដើម្បីព្យាយាមសង្គ្រោះស្រូវដែលនៅសេសសល់ កសិករមួយចំនួនត្រូវខ្ចីប្រាក់បន្ថែម ដើម្បីទិញប្រេងសម្រាប់ម៉ាស៊ីនបូមទឹកពីប្រភពដែលនៅឆ្ងាយ។ បញ្ហានេះកំពុងបង្កើនបន្ទុកហិរញ្ញវត្ថុរបស់គ្រួសារកសិករ ខណៈតំបន់មួយចំនួនក៏ប្រឈមនឹងការខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
អ្នកស្រី អោន គឹមហ៊ន កសិករមកពីស្រុកពួក ខេត្តសៀមរាប បានលើកឡើងថា ការខ្វះទឹក និងស្ថានភាពស្រែស្ងួត គឺជាផលប៉ះពាល់ជាក់ស្តែងនៃអាកាសធាតុមិនទៀងទាត់ ដែលកំពុងធ្វើឱ្យកសិករប្រឈមនឹងការខូចខាតផលិតកម្ម និងបាត់បង់ប្រាក់ចំណូល។ អ្នកស្រីបានទាមទារឱ្យរាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីដោះស្រាយការខ្វះទឹក និងជួយសង្គ្រោះស្រែដែលកំពុងប្រឈមការខូចខាត។
អ្នកស្រីបានទាមទារឱ្យមានការស្តារប្រឡាយ ដាក់ម៉ាស៊ីនបូមទឹក និងនាំទឹកពីប្រភពទឹកធំៗទៅកាន់តំបន់កសិកម្មដែលកំពុងខ្វះទឹក។ អ្នកស្រីក៏បានស្នើឱ្យអាជ្ញាធររៀបចំប្រព័ន្ធគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យកសិករអាចទទួលបានទឹកសម្រាប់ស្រោចស្រពបានទាន់ពេលវេលា។ លើសពីនេះ អ្នកស្រីបានទាមទារឱ្យមានការផ្តល់ពូជស្រូវ ជី និងសម្ភារកសិកម្មដល់កសិករដែលត្រូវដាំដុះឡើងវិញ បន្ទាប់ពីមានភ្លៀងធ្លាក់ ឬមានប្រភពទឹកគ្រប់គ្រាន់។ អ្នកស្រីក៏បានស្នើឱ្យមានការផ្តល់ជំនួយ ឬសំណងសមស្របដល់គ្រួសារដែលបានបាត់បង់ផលិតកម្មដោយសារភាពរាំងស្ងួត និងការខ្វះទឹក។
អ្នកស្រីបានអំពាវនាវឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពន្យារពេលសងប្រាក់ និងបន្ធូរលក្ខខណ្ឌហិរញ្ញវត្ថុសម្រាប់គ្រួសារកសិករដែលរងផលប៉ះពាល់ដោយសារអាកាសធាតុ។ អ្នកស្រីបានបន្ថែមថា «ប្រសិនបើគ្មានវិធានការអន្តរាគមន៍ទាន់ពេលវេលាទេ គ្រួសារកសិករជាច្រើនអាចត្រូវបោះបង់ស្រែចម្ការ និងធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើ ដែលអាចជះឥទ្ធិពលដល់សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិទាំងមូល» ។
ស្ថានភាពដែលកសិករលើកឡើងពីការខ្វះទឹក និងហានិភ័យបាត់បង់ទិន្នផល បង្ហាញពីទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង។ សម្រាប់ប្រទេសដែលវិស័យកសិកម្មនៅតែមានសារៈសំខាន់ចំពោះសេដ្ឋកិច្ច និងជីវភាពជនបទ ការខ្វះទឹកក្នុងរដូវដាំដុះអាចបង្កផលប៉ះពាល់ជាបន្តបន្ទាប់ ចាប់ពីការថយចុះនៃទិន្នផល ការបាត់បង់ប្រាក់វិនិយោគ រហូតដល់ការកើនឡើងនៃបំណុលគ្រួសារ និងការធ្វើចំណាកស្រុក។
កសិករបានបញ្ជាក់ថា ផលប៉ះពាល់ទាំងនេះមិនកំណត់ត្រឹមការខូចខាតស្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សមត្ថភាពទិញស្បៀង ការសងបំណុល ការចំណាយលើការសិក្សារបស់កូន និងការរស់នៅប្រចាំថ្ងៃរបស់គ្រួសារ។ បញ្ហានេះក៏បង្ហាញថា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុត្រូវការទាំងវិធានការរយៈពេលខ្លីសម្រាប់ជួយសង្គ្រោះកសិករ និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់បង្កើនភាពធន់របស់ប្រព័ន្ធកសិកម្ម។
លោក អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ និងការធ្វើឱ្យវិស័យកសិកម្មមានភាពធន់នឹងអាកាសធាតុ ត្រូវការការវិនិយោគ និងកិច្ចសហការពីគ្រប់ភាគី។ លោកបានអំពាវនាវឱ្យរដ្ឋសមាជិកអាស៊ាន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុ រួមគ្នាបង្កើនការវិនិយោគលើហិរញ្ញវត្ថុ បច្ចេកវិទ្យា នវានុវត្តន៍ និងទីផ្សារ ដើម្បីជួយកសិករបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
តាមការលើកឡើងរបស់លោក កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ានមានប្រជាជនរាប់លាននាក់ដែលពឹងផ្អែកដោយផ្ទាល់ ឬដោយប្រយោលលើកសិកម្ម និងធនធានធម្មជាតិ។ ដូច្នេះ ការពង្រឹងប្រព័ន្ធស្បៀងអាហារមានភាពធន់នឹងអាកាសធាតុ គឺជាផ្នែកសំខាន់មួយនៃការធានាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោក អ៊ាង សុផល្លែត បានលើកឡើងថា កម្ពុជាបានដាក់ជូនជាផ្លូវការនូវ NDC 3.0 ក្នុងឆ្នាំ២០២៥ ដោយកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% នៅឆ្នាំ២០៣៥ ក្នុងវិស័យសំខាន់ៗ។ កម្ពុជាក៏បានអនុម័ត ផែនការយុទ្ធសាស្ត្រការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤–២០៣៣ (CCCSP) ដែលមានទិសដៅជំរុញសេដ្ឋកិច្ចកាបូនទាប បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងឆ្ពោះទៅរកគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
សម្រាប់កម្ពុជា ការពង្រឹងសន្តិភាព និងស្ថិរភាពត្រូវដើរទន្ទឹមគ្នាជាមួយការការពារសន្តិសុខស្បៀង និងការកសាងសមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនធ្វើការជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ដៃគូអភិវឌ្ឍន៍ អ្នកវិនិយោគ កសិករ និងវិស័យឯកជន ដើម្បីជំរុញប្រព័ន្ធស្បៀងអាហារដែលធន់នឹងអាកាសធាតុ និងការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ។
លោកក៏បានអំពាវនាវឱ្យសមាជិកសភាអាស៊ាន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បង្កើនការកៀរគរធនធាន និងពង្រឹងច្បាប់ និងគោលនយោបាយដែលអាចគាំទ្រដល់ការវិនិយោគបៃតង។ សម្រាប់កសិករនៅមូលដ្ឋាន បញ្ហាប្រែប្រួលអាកាសធាតុមិនមែនជាបញ្ហាសម្រាប់អនាគតទៀតទេ។ ការខ្វះទឹកក្នុងរដូវដាំដុះកំពុងប្រែក្លាយទៅជាហានិភ័យជាក់ស្តែងចំពោះទិន្នផល ប្រាក់ចំណូល បំណុល និងសន្តិសុខស្បៀងរបស់គ្រួសារ។ ដូច្នេះ កសិករទាមទារឱ្យការឆ្លើយតបរបស់រដ្ឋ និងភាគីពាក់ព័ន្ធផ្តោតលើដំណោះស្រាយជាក់ស្តែង ដែលអាចជួយពួកគេបានទាន់ពេលវេលា មិនមែនមានត្រឹមតែគោលនយោបាយ និងការប្តេជ្ញាចិត្តប៉ុណ្ណោះទេ។
ហេតុនេះ ការធ្វើឱ្យវិស័យកសិកម្មមានភាពធន់នឹងអាកាសធាតុ ត្រូវការទាំងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក បច្ចេកវិទ្យាកសិកម្ម ពូជធន់នឹងអាកាសធាតុ ហិរញ្ញវត្ថុ និងទីផ្សារ ព្រមទាំងការគាំទ្រដែលអាចទៅដល់កសិករបានទាន់ពេលវេលា និងការការពារកសិករពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។ ក្នុងទស្សនៈនេះ សន្តិភាព សន្តិសុខស្បៀង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ មិនមែនជារបៀបវារៈដាច់ដោយឡែកពីគ្នាទេ ប៉ុន្តែជាបញ្ហាដែលត្រូវការការឆ្លើយតបរួម ដើម្បីការពារជីវភាពកសិករ ដោះស្រាយផលប៉ះពាល់ដែលកំពុងកើតមាន និងធានាការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា និងតំបន់អាស៊ាន។



កម្ពុជាជំរុញការតភ្ជាប់រវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការក្នុងការកៀរគរធនធានលើកកម្ពស់កម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ
ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារ ក្នុងខែកក្កដា និងទិសដៅអនុវត្តសម្រាប់ខែសីហា ឆ្នាំ២០២៦
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បង្ក្រាបការដឹកជញ្ជូនឈើអារខុសច្បាប់នៅស្រុកឱរ៉ាល់
បណ្ដាញសហគមន៍ព្រៃឡង់ព្រះវិហារ អះអាងថាបានប្រទះឃើញបទល្មើសព្រៃឈើជាច្រើន ក្រោយចុះល្បាត ៣យប់ ៤ថ្ងៃ
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ដកហូតក្តាឈើទាល ៥០សន្លឹក បម្រុងដឹកចេញដោយខុសច្បាប់
អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់
ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា
10-សីហា-2026 - ម៉ោង 02:21:PM
05-សីហា-2026 - ម៉ោង 11:16:AM
29-កក្តដា-2026 - ម៉ោង 12:27:PM
28-កក្តដា-2026 - ម៉ោង 12:39:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា