
ភ្នំពេញ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូស បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា–ថៃ អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និង ដោយស្ម័គ្រចិត្ត ខណៈលោកជំរុញឱ្យមានការបន្តផ្តល់ជំនួយមនុស្សធម៌ និងការការពារជនស៊ីវិល ។
ការអំពាវនាវនេះមាននៅក្នុង សេចក្តីថ្លែងការណ៍បិទបញ្ចប់បេសកកម្មផ្លូវការនៅកម្ពុជា ដែលលោក ថម អេនឌ្រូស បានចេញផ្សាយនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបំពេញបេសកកម្មទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក ថម អេនឌ្រូស បានបញ្ជាក់ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌ ដែលបណ្តាលមកពីជម្លោះតាមព្រំដែនកម្ពុជា–ថៃ និងបានបង្ខំឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារចាកចេញពីផ្ទះសម្បែង និងស្នាក់នៅក្នុងមណ្ឌលជម្លៀស ឬទីកន្លែងស្នាក់នៅបណ្តោះអាសន្ន ។
យោងតាមសេចក្តីថ្លែងការណ៍ ការការពារជនស៊ីវិលត្រូវតែជាអាទិភាពចម្បង ខណៈគ្រួសារដែលបានផ្លាស់ទីលំនៅជាច្រើននៅតែប្រឈមនឹងភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងសុវត្ថិភាព ជីវភាពរស់នៅ ការបាត់បង់លំនៅឋាន និងការទទួលបានសេវាសាធារណៈជាមូលដ្ឋាន ។
លោកបានអះអាងថា អាទិភាពសំខាន់ គឺធានាឱ្យប្រជាពលរដ្ឋដែលបានភៀសខ្លួនអាចវិលត្រឡប់ទៅសហគមន៍របស់ខ្លួនវិញដោយស្ម័គ្រចិត្ត ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅពេលស្ថានភាពសន្តិសុខអនុញ្ញាត ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យបន្តផ្តល់ជំនួយមនុស្សធម៌ រហូតដល់សហគមន៍ដែលរងផលប៉ះពាល់អាចស្ដារជីវភាពរស់នៅរបស់ខ្លួនឡើងវិញបាន ។
អ្នករាយការណ៍ពិសេសរូបនេះ ក៏បានសង្កត់ធ្ងន់លើការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដោយអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចាត់វិធានការមានប្រសិទ្ធភាព ដើម្បីការពារជនស៊ីវិល បង្ការការផ្លាស់ទីលំនៅបន្ថែម និងធានាថា ការចោទប្រកាន់អំពីការរំលោភបំពានណាមួយដែលបានកើតឡើងក្នុងអំឡុងជម្លោះ ត្រូវបានស៊ើបអង្កេតស្របតាមស្តង់ដារអន្តរជាតិ ។
ក្នុងអំឡុងបេសកកម្មនៅកម្ពុជា លោក ថម អេនឌ្រូស បានចុះទៅកាន់មណ្ឌលជម្លៀស និងបានជួបពិភាក្សាជាមួយប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងភ្នាក់ងារមនុស្សធម៌ ដើម្បីវាយតម្លៃផលប៉ះពាល់នៃជម្លោះលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ លោកបានកត់សម្គាល់ថា ស្ត្រី កុមារ មនុស្សចាស់ និងជនមានពិការភាព ស្ថិតក្នុងចំណោមក្រុមដែលងាយរងគ្រោះជាងគេ ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការស្តារឡើងវិញមិនគួរឈប់ត្រឹមការផ្តល់ជំនួយបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែគួររួមបញ្ចូលការស្តារលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព និងប្រភពចំណូលរបស់គ្រួសារកសិករ ដែលរងផលប៉ះពាល់ដោយសារជម្លោះ ។
លោក ថម អេនឌ្រូស ក៏បានអំពាវនាវឱ្យធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់ដោយគ្មានការរើសអើង ហើយប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅ ត្រូវមានសិទ្ធិចូលរួមក្នុងការសម្រេចចិត្តដែលពាក់ព័ន្ធនឹងអនាគតរបស់ពួកគេ ។
ពាក់ព័ន្ធនឹងការឈប់បាញ់គ្នាថ្មីៗនេះ លោកបានមានប្រសាសន៍ថា វាជាឱកាសដ៏សំខាន់សម្រាប់កម្ពុជា និងថៃ ក្នុងការបន្តដោះស្រាយភាពខ្វែងគំនិតតាមរយៈការសន្ទនា និងការទូត ដោយផ្អែកលើច្បាប់អន្តរជាតិ ។
នៅក្នុង សេចក្តីថ្លែងការណ៍បិទបញ្ចប់បេសកកម្មចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកបានគូសបញ្ជាក់ថា សន្តិភាពយូរអង្វែងមិនអាចសម្រេចបានត្រឹមការបញ្ចប់ការប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែទាមទារឱ្យមានការការពារសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការធានាឱ្យជនរងគ្រោះទទួលបានយុត្តិធម៌ ។








អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំពាវនាវឱ្យជនភៀសខ្លួនកម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាព
ស្ថានទូតអាមេរិករំលឹកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ខណៈអ្នកជំនាញ UN ចុះវាយតម្លៃផលប៉ះពាល់ជម្លោះព្រំដែន
មន្ត្រីកម្ពុជាអះអាងថា តំបន់អានសេះស្ថិតទាំងស្រុងក្នុងទឹកដីកម្ពុជា
កម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ានពិភាក្សាស្ថានភាពព្រំដែនជាមួយថៃ
កម្ពុជាអំពាវនាវឱ្យអាស៊ានបង្កើនសម្ពាធលើថៃ ដើម្បីគោរពច្បាប់អន្តរជាតិ និងបញ្ឈប់ភាពតានតឹងតាមព្រំដែន
កម្ពុជាច្រានចោលការអះអាងរបស់ថៃ ជំរុញឱ្យបន្តការកំណត់ព្រំដែនគោក ខណៈដំណើរការ UNCLOS បន្តដោយឡែក
កម្ពុជារក្សាជំហរដោះស្រាយវិវាទដោយសន្តិវិធីទាំងដែនទឹក និងដែនគោក ខណៈជប៉ុនផ្តល់ជំនួយសន្តិសុខជាតិលើកដំបូង
កម្ពុជា-ថៃ ឯកភាពផ្តល់ពេលបន្ថែមដល់អ្នកផ្សះផ្សា ដើម្បីជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រ
ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យស្ថានភាពជនផ្លាស់ទីលំនៅនៅខេត្តព្រះវិហារ គ្រាដែលកម្ពុជាអំពាវនាវឱ្យពន្លឿនការវាស់វែងព្រំដែន
ម្សិលមិញ ម៉ោង 03:20:PM
28-កក្តដា-2026 - ម៉ោង 02:23:PM
27-កក្តដា-2026 - ម៉ោង 03:45:PM
21-កក្តដា-2026 - ម៉ោង 06:33:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា