សារព័ត៌មានបៃតងប៉ុស្តិ៍

វប្បធម៌សន្ទនារវាងសង្គមស៊ីវិល និងរដ្ឋាភិបាល លើអភិបាលកិច្ចដីធ្លី ព្រៃឈើ និងធនធានធម្មជាតិ

17 ម៉ោងមុន

ភ្នំពេញ៖ វប្បធម៌សន្ទនា និងកិច្ចសហការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើបញ្ហាអភិបាលកិច្ចដីធ្លី ព្រៃឈើ ជលផល និងធនធានធម្មជាតិ ត្រូវបានបន្តពង្រឹងតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីគោលនយោបាយសន្តិសុខសិទ្ធិកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ យោងតាមការចេញផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សិក្ខាសាលានេះ មានការចូលរួមពីអង្គការសង្គមស៊ីវិល អង្គការ ActionAid Cambodia តំណាងជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដើម្បីពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធដីធ្លី ព្រៃឈើ ជលផល និងបរិស្ថាន ក្នុងស្មារតីកសាងកម្ពុជាឱ្យក្លាយជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។

 

លោក សុខ សុខុម នាយកប្រតិបត្តិអង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា (CNRO) ដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានថ្លែងថា កិច្ចសហការរវាងក្រសួងរៀបចំដែនដី និងអង្គការសង្គមស៊ីវិល មានលក្ខណៈជិតស្និទ្ធ និងវិជ្ជមានយ៉ាងខ្លាំង ។ លោកបានបញ្ជាក់ថា សិក្ខាសាលានេះ មានការចូលរួមពីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការ ActionAid អន្តរជាតិកម្ពុជា និងអង្គការដៃគូជាច្រើន មកពីតំបន់ទន្លេសាប តំបន់ទន្លេមេគង្គ តំបន់ឆ្នេរ និងខេត្តគោលដៅនានា រួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី សៀមរាប ពោធិ៍សាត់ បាត់ដំបង និងបណ្តាខេត្តជាប់តំបន់ឆ្នេរ ។

 

លោកបានបន្តថា អង្គការ និងសហគមន៍ដែលចូលរួម សុទ្ធតែជាតំណាងសហគមន៍នេសាទ សហគមន៍ព្រៃឈើ សហគមន៍ការពារធនធានធម្មជាតិ និងសហគមន៍ជនជាតិដើមភាគតិច ដែលកំពុងប្រឈមបញ្ហាដីធ្លី និងធនធានធម្មជាតិ ។ បើតាមលោក សុខ សុខុមថ្លែងបន្តថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានសម្តែងការពេញចិត្តចំពោះកិច្ចសហការល្អរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ហើយបានលើកឡើងថា ភាគីពាក់ព័ន្ធនឹងបន្តជួបពិភាក្សាគ្នារៀងរាល់៦ខែម្តង ។ លោកបានឱ្យដឹងទៀតថា បញ្ហាដែលលើកឡើងដោយសហគមន៍នេសាទ សហគមន៍ព្រៃឈើ និងសហគមន៍ការពារធនធានធម្មជាតិ ត្រូវបានរដ្ឋលេខាធិការក្រសួង ដែលតំណាងឱ្យឧបនាយករដ្ឋមន្ត្រី សាយ សំអាល ឯកភាពឱ្យសហគមន៍ទាំងអស់ដាក់ពាក្យស្នើសុំមកក្រសួងដែនដី ដើម្បីជួយអន្តរាគមន៍ដោះស្រាយ និងចុះបញ្ជីសិទ្ធិជូនពួកគាត់ ។ ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី ក៏កំពុងសហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចុះបញ្ជី និងធ្វើប័ណ្ណកម្មសិទ្ធិដីសាធារណៈរបស់រដ្ឋ នៅក្នុងដែនសហគមន៍នេសាទ សហគមន៍ព្រៃឈើ សហគមន៍ការពារធនធានធម្មជាតិ និងសហគមន៍ជនជាតិដើមភាគតិច ។

 

លោក សុខ សុខុម បានបញ្ជាក់ថា ក្រសួងដែនដី បានសន្យាថា នឹងឆ្លើយតបចំពោះសំណើរបស់សហគមន៍ក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីទទួលពាក្យស្នើសុំ។ លោកបានចាត់ទុកសិក្ខាសាលានេះថា ជាជំហានវិជ្ជមានដ៏កម្រមួយ ក្នុងការកសាងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ។

 

ទន្ទឹមនឹងនេះ តំណាងប្រជាពលរដ្ឋរងគ្រោះដោយសារវិវាទដីធ្លីនៅស្រុករវៀង ខេត្ត ព្រះវិហារ ក៏បានអំពាវនាវឱ្យក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល បង្កើនកិច្ចសហការដើម្បីពន្លឿនដំណោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ។ អ្នកស្រី ដែង ឡឹក តំណាងប្រជាពលរដ្ឋរងគ្រោះ បានរៀបរាប់ថា គ្រួសាររបស់អ្នកស្រី និងប្រជាពលរដ្ឋជាច្រើនផ្សេងទៀត កំពុងប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរ ដោយសារខ្វះដីសម្រាប់ធ្វើកសិកម្ម និងប្រកបរបរចិញ្ចឹមជីវិត ។ អ្នកស្រីបានបញ្ជាក់ថា អ្វីដែលប្រជាពលរដ្ឋចង់បានបំផុតនៅពេលនេះ គឺដំណោះស្រាយដីធ្លីស្របច្បាប់ ដែលអាចអនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅធ្វើស្រែចម្ការ និងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារឡើងវិញ ។ ក្រុមប្រជាពលរដ្ឋរងគ្រោះ សង្ឃឹមថា អាជ្ញាធរដែនដី ក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល នឹងបន្តធ្វើការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព បញ្ចប់វិវាទដីធ្លី និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខ ៕

ព័ត៌មានទាក់ទង

វប្បធម៌សន្ទនារវាងសង្គមស៊ីវិល និងរដ្ឋាភិបាល លើអភិបាលកិច្ចដីធ្លី ព្រៃឈើ និងធនធានធម្មជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ចុះពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍ និងរៀបចំវេទិកាសាធារណៈជូនប្រជាពលរដ្ឋ បណ្ណកម្មសិទ្ធិដីធ្លីចំនួន១៣៧ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំមួយក្នុងខេត្តបាត់ដំបង អាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋក្នុងភូមិចំនួន ៩ នៃសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី ដីបុរាណដ្ឋាន ត្រពាំង២ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ ត្រូវបានចុះបញ្ជីជាដី សាធារណៈរបស់រដ្ឋ បណ្ណកម្មសិទ្ធិដីធ្លីជាង១ម៉ឺនបណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ១២ភូមិ នៅស្រុកកៀន ស្វាយ ខេត្តកណ្ដាល ប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង  ស្នើសុំឱ្យអាជ្ញាធរដោះស្រាយបញ្ហីដីធ្លីដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនឯកជននាពេលថ្មីៗនេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម