អត្តបទ៖យូ វាសនា
យោងតាមទំព័រហ្វេសបុកផ្លូវការបស់ក្រសួងបរិស្ថានបានឲ្រដឹងថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម ZHAO Yingmin អនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងសន្និសីទលើកទី២៩ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាបានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងសន្និសីទ COP29 ឆ្នាំនេះ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក្នុងជំរុញឱ្យប្រទេសអភិវឌ្ឍន៍ឆ្លើយតបការសន្យាក្នុងការកាត់បន្ថយការកើនឡើងកំដៅ និងផ្តល់មូលនិធីដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជួយប្រទសកំពុងអភិវឌ្ឍន៍ ដែលជាប្រទេសរងគ្រោះពីបញ្ហានេះផងដែរ។
ឯកឧត្តម ZHAO Yingmin បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេស ការប្តេជ្ញាចិត្តនិងការចូលរួមរបស់កម្ពុជា ក្នុងអំឡុងសន្និសីទលើកទី២៩ បណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ប្រទេសចិននឹងគាំទ្រដល់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរលើវិស័យបរិស្ថាន ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួម ពីគ្រប់ប្រទេសនិងតំបន់ទាំងអស់។
ជាចុងក្រោយថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃប្រទេសទាំង២ កម្ពុជា ចិន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅគ្រប់កម្រិតទាំងអស់ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បញ្ចេញកាបូនទាប ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រចក្រាវិស័យ ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣គឺ ស្អាត បៃតង និងចីរភាព៕
រូបភាព៖ ក្រសួងបរិស្ថាន
21-វិច្ឆិកា-2024 - ម៉ោង 10:37:AM
20-វិច្ឆិកា-2024 - ម៉ោង 02:19:PM
18-វិច្ឆិកា-2024 - ម៉ោង 04:32:PM
18-វិច្ឆិកា-2024 - ម៉ោង 02:16:PM