សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រុមអ្នកប្រមូលសំរាមតាមដងផ្លូវនៅតែអះអាងថាការចោលសំរាមឥតសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យអុំទូកកន្លងទៅនេះនៅមានច្រើន

18-វិច្ឆិកា-2024 - ម៉ោង 04:32:PM

អត្ថបទ៖ កែវ រតនៈ

របាយការណ៍បានបង្ហាញថា ការចូលរួមសំអាត ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក នៅតាមកន្លែងកម្សាន្តនានា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ មានចំនួនសរុប១០ ៥០០តោន។

ករណីនេះ អ្នកស្រី ឯម សុខសាន្ត បានប្រាប់​អ្នកយកព័ត៌មានបៃតងប៉ុស្តិ៍ថា គាត់ទទួលភារកិច្ចបោសសម្អាតសំរាម​​នៅម្ដុំសួនច្បារមុខសាលាសង្កាត់ជ្រោយចង្វារ ហើយប៉ុន្មានថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទុក បណ្ដែត​​​​​​ប្រទីប និងសំពះព្រះខែអកអំបុកនេះ គាត់ធ្វើការដូចរៀលរាល់ថ្ងៃ ប៉ុន្តែមានការនឿយតហត់ជាងថ្ងៃធម្មតា ព្រោះទាំងចំណុះទូកដែលស្នាក់នៅតំបន់នោះ  និងអ្នកដើរកម្សាន្ត នៅតែចោលសំរាមឥតសណ្ដាប់​​ធ្នាប់បើទោះជាមានធុងដាក់សំរាមពង្រាយស្ទើគ្រប់ទីតាំង និងមានការដូរវេនគ្នាប្រមូលសំរាមពីក្នុងធុងយកទៅចោលក្តី។

ស្ត្រីម្នាក់ទៀត ឈ្មោះ ជុំ សុជាតិ ដែលកំពុងបោលសំរាមនៅលើសួនច្បារប្របមាត់ទន្លេនៅសង្កាត់ជ្រោយចង្វារដែរនោះបានឱ្យដឹងថា អ្នកដែលមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក និងចំណុះទូកដែលស្នាក់នៅក្នុងតំបន់នោះមួយចំនួន ហាក់មិនសូវយល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនោះទេ ដែលធ្វើឱ្យកម្មករ​ជាអ្នកបោសសម្អាត និងប្រមូលចោលហាក់នឿយហត់ ។

ក្រៅពីបុគ្គលិកបោស និងប្រមូលសំរាមដែលមានស្រាប់ ក៏មានថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន រួមជា​​មួយដៃគូ អាជ្ញាធរមូលដ្ឋាន អ្នកស្រឡាញ់បរិស្ថាន យុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមគ្នាសម្អាតបរិស្ថាន និងសំរាម នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នេះផងដែរ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថានទាំងអស់ រួមជាមួយដៃគូ អាជ្ញាធរមូលដ្ឋាន អ្នកស្រឡាញ់បរិស្ថាន យុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមគ្នាសម្អាតបរិស្ថាន និងសំរាម បានយ៉ាងល្អប្រសើរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និង បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ ក្រុមគ្រួសារបរិស្ថានទាំងអស់ចំពោះស្មារតីបំពេញបេសសកម្មបរិស្ថានដ៏ក្លៀវក្លានេះ លះបង់កម្លាំងកាយ ចិត្ត និងពេលវេលាក្នុងការរៀបចំ និងធ្វើឱ្យប្រទីបបរិស្ថាន ដំណើរការបានយ៉ាងរលូន និងជោគជ័យគួរជាទីមោទនៈ ដែលបានបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា។

តែទោះជាយ៉ាងណាក្តី​ទាំងអ្នកស្រី ជុំ សុជាតិ និង អ្នកស្រី ឯម សុខសាន្ត ចង់ឃើញប្រជាពលរដ្ឋខ្មែរ ទាំងចំណុះ​​ទូក និងអ្នកដែលមកទស្សនាចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវនិងសមរម្យដើម្បីលើកមុខមាត់ប្រទេសជាតិ និងភ្ញៀវអន្តរជាតិឱ្យមកទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក កាន់តែច្រើន៕

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសបាញ់មកលើមន្ត្រីឧទ្យានុរក្សា ក្នុងដែនជម្រកសត្វព្រៃស្រៃពក ក្រសួងបរិស្ថានចាត់ទុកការកាប់បំផ្លាញដើមសំរ៉ងជាសកម្មភាពខុសច្បាប់ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ កម្ពុជាមិនទាន់មានខ្យល់ពុលធ្វើឱ្យប៉ះពាល់ដល់សុខភាពសារធារណៈនៅឡើយទេ រដ្ឋមន្រ្តីក្រសួងបរិស្ថានចាត់ទុកការគោរពច្បាប់និងបទដ្ឋានគតិយុត្តធ្វើឱ្យបរិស្ថានស្អាតនិងផលិតកម្មក្រុមហ៊ុនមានកេរ្ត៍ឈ្មោះល្អ ក្រសួងបរិស្ថានបានណែនាំដល់សាធារណជនពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួង អភិបាលខេត្តស្វាយរៀងដឹកនាំប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្រុមការងារជំនាញ រកឃើញមានផលប៉ះពាល់ ដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រកែច្នៃផ្លែឈើ ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង កម្ពុជាមានភ្លើងឆេះព្រៃចំនួន៦៦២ករណីក្នុងរយៈពេលមួយសប្តាហ៍ ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យដោយផ្ទាល់លើតំបន់ខ្នងភ្នំខ្នងផ្សារ ដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម