អត្ថបទ៖ កែវ រតនៈ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានដែលចេញផ្សាយនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះឱ្យដឹងថា កន្លងមកមានសារព័ត៌មានមួយចំនួន បានប្រើប្រាស់រូបភាពចាស់ៗ ដើម្បីផ្សព្វផ្សាយខុសពីការពិត និងបង្កឱ្យមានការភាន់ច្រឡំលើករណីឥណទាន កាបូននៃការអនុវត្តគម្រោងរេដបូក (REDD+) នៅកម្ពុជា។ ក្រសួងបរិស្ថាន សូមធ្វើការបដិសេធព័ត៌មានបំផ្លើស ខុសពីការពិតជាក់ស្ដែងទាំងនោះដោយមូលហេតុ៖ ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគម្រោងរេដបូក (REDD+) សម្រាប់ឥណទានកាបូនដោយមាន យន្តការជាតិ និងអន្តរជាតិច្បាស់លាស់ក្នុងការវាយតម្លៃ និងការធ្វើសវនកម្ម ដើម្បីធានាបាននូវការ ការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត។ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ព្រមទាំងបានប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសក្នុងគម្រោងរេដបូក (REDD+) ដោយជំរុញ ការអនុវត្តច្បាប់១០០ភាគរយ ដោយបានប្រើប្រាស់ និងបានសហការជាមួយអង្គភាពប្រឆាំងអំពើ ពុករលួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈមេធាវី និងក្រសួងយុត្តិធម៌ ក្នុងការស៊ើបអង្កេត បង្ក្រាបបទល្មើសធនធានធម្មជាតិ
ក្រសួងបរិស្ថានបន្តថា យន្តការសវនកម្មឯករាជ្យអន្តរជាតិបានផ្ទៀងផ្ទាត់ធ្វើសវនកម្មឥណទានកាបូននៃគម្រោងរេដបូក (REDD+) បានបញ្ចប់ និងបើកផ្លូវសម្រាប់ធ្វើពាណិជ្ជកម្មឥណទានកាបូនកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងមួយឆ្នាំ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនេះ។ ការអនុញ្ញាតឱ្យលក់ឥណទានកាបូនឡើងវិញនេះ គឺឆ្លុះបញ្ចាំងយន្តការរេដបូក (REDD+) នៅកម្ពុជា កំពុងដំណើរការល្អ បម្រើឱ្យផលប្រយោជន៍ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋានកាន់តែប្រសើរ។
ក្រសួងបរិស្ថានសំណូមពរដល់បណ្តាសារព័ត៌មានទាំងអស់ ដែល បានចុះផ្សាយអំពីកម្មវិធីរដបូក (REDD+) នៅកម្ពុជា សូមធ្វើការផ្សព្វផ្សាយការពិត និងគោរពវិជ្ជាជីវៈ សារព័ត៌មាន ខណៈដែលកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូក (REDD+) បានល្អនៅក្នុងពិភពលោក។
ការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននេះធ្វើឡើងបន្ទាប់ កងកម្លាំងចម្រុះមានសមត្ថកិច្ច ខេត្តស្ទឹងត្រែង កាលថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២៤ បានឃាត់ខ្លួន លោក អ៊ួច ឡេង និងមនុស្ស៥នាក់ទៀត ដែលអះអាងថា ជាសកម្មជនបរិស្ថាន និងការពារធនធានធម្មជាតិ ក្នុងភូមិស្រែសោម ឃុំតាឡាត់ ស្រុកសេសាន ដោយចោទប្រកាន់ថា បានព្យាយាមចូលទៅក្នុងតំបន់ការពារធម្មជាតិក្រឡាពស់ ដែលជាតំបន់ហាមឃាត់៕
រូបភាព៖ បណ្ដាញសង្គម
21-វិច្ឆិកា-2024 - ម៉ោង 10:37:AM
20-វិច្ឆិកា-2024 - ម៉ោង 02:19:PM
18-វិច្ឆិកា-2024 - ម៉ោង 04:32:PM
18-វិច្ឆិកា-2024 - ម៉ោង 02:16:PM