សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់អោយចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

24-តុលា-2024 - ម៉ោង 03:29:PM

អត្ថបទ៖ យូ វាសនា

 

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ឱ្យបន្តចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើនក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ខណៈបញ្ហានេះ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកើនឡើងចំពោះសុខុមាលភាពរបស់មនុស្ស និងភពផែនដីដែលមានសុខភាពល្អ។

 

យោងតាមទំព័រហ្វែកបុករបស់ក្រសួងបរិស្ឋាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព បានថ្លែងថា សកម្មភាពរបស់មនុស្សកំពុងបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ រួមទាំងរលកកំដៅ ភ្លៀងធ្លាក់ខ្លាំង និងគ្រោះរាំងស្ងួតកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើនៅកម្រិតសកល គឺអនុវត្តវិធានការកាត់បន្ថយ និងបន្ស៊ាំ កសាងភាពធន់របស់សហគមន៍ងាយរងគ្រោះប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តហិរញ្ញវត្ថុអាកាសធាតុចំនួន១០០ ពាន់លានដុល្លារ ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍។

 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តទៀតថា កិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ ដែលបាននិងកំពុងធ្វើឡើងនៅនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីការទូត មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ អ្នកជំនាញអាកាសធាតុ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបជាង៣០០នាក់។

 

ឯកឧត្តម មានប្រសាសន៍ថា ការជួបជុំរបស់យើងនៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពដ៏រឹងមាំរវាងក្រសួង វិស័យសាធារណៈ និងឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ពិសេសរបស់កម្ពុជា ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាងាយរងគ្រោះខ្លាំងចំពោះការប្រែប្រួលអាកាសធាតុ ដោយការកើនឡើងសីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយផលិតភាពក្នុងវិស័យកសិកម្ម នេសាទ និងព្រៃឈើ និងកាត់បន្ថយផលិតភាពការងារនៅទូទាំងវិស័យភាគច្រើន។

 

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានធ្វើការងារជាច្រើន ក្នុងការកំណត់គោលនយោបាយប្រែប្រួលអាកាសធាតុ និងទទួលស្គាល់ពីភាពបន្ទាន់នៃការចាត់វិធានការអាកាសធាតុ។ជាក់ស្តែងនៅក្នុងសន្និសីទកំពូលក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) កម្ពុជាបានចុះហត្ថលេខាលើសេចក្តីប្រកាសចំនួន៥មានជាដូចជា៖ ១. សម្ព័ន្ធភាពជើងឯកសម្រាប់ការផ្លាស់ប្តូរស្បៀងអាហារ, ២. សេចក្តីប្រកាសស្តីពីអាកាសធាតុ និងសុខភាព, ៣. សេចក្តីប្រកាសស្តីពីការសង្គ្រោះអាកាសធាតុ ការស្តារឡើងវិញ និងសន្តិភាព, ៤. សេចក្តីប្រកាសស្តីពីកសិកម្ម ស្បៀងអាហារ និងអាកាសធាតុ, និង៥. ការសន្យាត្រជាក់សកល។ ជាមួយគ្នានេះ កម្ពុជាក៏បានដាក់ជំហរប្រទេសទៅកាន់ COP28 ដែលបញ្ជាក់ពីគោលដៅមហិច្ឆតាទាំង៧របស់ខ្លួន ដើម្បីសម្រេចបានទាំងវិធានការកាត់បន្ថយ និងយុទ្ធសាស្រ្តបន្ស៊ាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

 

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំនេះ វាគ្មិនជាង២០ក្រុមពិភាក្សា បានជជែកបង្ហាញពីប្រធានបទសំខាន់ៗដូចជា៖ ថាមពលកកើតឡើងវិញ ហិរញ្ញប្បទានបៃតង ទីផ្សារឥណទានកាបូន គោលដៅអភិវឌ្ឍន៍ ដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យាបរិស្ថាន សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីសម្រេចឱ្យបាន ពេញលេញនូវចក្ខុវិស័យរបស់កម្ពុជា ប្រកបដោយភាពស្អាត បៃតង និងចីរភាព និងបញ្ជាក់ពីការចូលរួម របស់កម្ពុជាក្នុងការឆ្លើយតបនឹងប្រែប្រួលអាកាសធាតុដោយជោគជ័យ និងមានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

 

ជាមួយគ្នានេះ កិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤(CCCS24) ដែលបានរៀបចំឡើងនៅខេត្តព្រះសីហនុ មានគោលបំណង ពិនិត្យ និងពិភាក្សាលើឯកសារយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន នៅចំពេលដែលកម្ពុជា និងពិភពលោកទាំងមូល កំពុងត្រៀមរៀបចំសន្និសីទកំពូលក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៩(COP29) នៅទីក្រុងបាគូ ប្រទេសអាហ្សែបៃសង់៕

 រូបភាព៖ ក្រសួងបរិស្ថាន

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថានសំណូមពរដល់បណ្តាសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយអំពីកម្មវិធីរដបូក (REDD+) នៅកម្ពុជា សូមផ្សព្វផ្សាយការពិត និងគោរពវិជ្ជាជីវៈ កម្ពុជានិងចិនបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន ជាពិសេសការការបញ្ចេញកាបូនទាប រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ពីការផ្តល់អាទិភាពដល់វិស័យកសិកម្ម ធានាសន្តិសុខស្បៀង ក្រុមអ្នកប្រមូលសំរាមតាមដងផ្លូវនៅតែអះអាងថាការចោលសំរាមឥតសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យអុំទូកកន្លងទៅនេះនៅមានច្រើន កម្ពុជា បានត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយ ដៃគូអភិវឌ្ឍន៍នៅលើពិភពលោកនៅក្នុងសន្និសីទCOP29 នាប្រទេសអាស៊ែបៃហ្សង់ ប្រជាពលរដ្ឋខ្មែរនៅរាជធានី ខេត្តចំនួន ១១ ធ្វើយុទ្ធនាការ”កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក” និងយុទ្ធនាការ "កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅថ្ងៃតែមួយ​រួមគ្នា សត្វសំខាន់ៗចំនួន ១០៨ ប្រភេទត្រូវបានកត់ត្រាពីក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល ឃុំ សង្កាត់ ចំនួន៥០ ទទួលបានជ័យលាភីក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងទំហំផ្ទៃដី៨០ហិតា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម