អត្ថបទ៖ យូ វាសនា
យោងតាមគណនីហ្វេសប៊ុកអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានបញ្ជាក់ ថា នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រ K168 - K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខណៈដែលភ្លៀងកំពុងបង្អុរយ៉ាងខ្លាំង។ ឯកឧត្តមបន្តថា កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បាននិងកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុដោយ អ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ។ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏ស្នើឱ្យអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្ន និងត្រូវគោរពការបញ្ជាចរាចរណ៍របស់នគរបាល និងមើលផ្ទាំងLEDដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ (Tropical Depression) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាល ប្រទេសវៀតណាម និងភាគកណ្ដាលនៃអាងទន្លេមេគ័ង្គ។ ប្រព័ន្ធវិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំង លើព្រះរាជាណាចក កម្ពុជា ហើយលក្ខខណ្ឌបែបនេះនឹងបណ្តាលឱ្យ តំបន់មាត់សមុទ្រ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនខ្លាំងលើសពីកម្រិតធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង(ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនខ្លាំងគួរឱ្យកត់សម្គាល់ ដែល រួមមានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ៕
21-វិច្ឆិកា-2024 - ម៉ោង 10:37:AM
20-វិច្ឆិកា-2024 - ម៉ោង 02:19:PM
18-វិច្ឆិកា-2024 - ម៉ោង 04:32:PM
18-វិច្ឆិកា-2024 - ម៉ោង 02:16:PM