អត្ថបទ៖ សំនៀង
ក្រសួងបរិស្ថាន បានចាត់ទុកការប្រារព្ធ«ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា » ជាព្រឹត្តិការណ៍ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃការចូលរួមថែរក្សាការពារស្រទាប់អូហ្សូន ដែលជារបាំងការពារភពផែនដីពីកាំរស្មី ពណ៌ស្វាយដ៏គ្រោះថ្នាក់។
នៅក្នុងសារលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២៤ របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅឆ្នាំនេះ គឺជាខួបលើកទី៣៩ នៃ “អនុសញ្ញាទីក្រុងវីយ៉េន ស្ដីពីកិច្ចការពារស្រទាប់អូហ្សូន» ឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៧ នៃ “ពិធីសារម៉ុងរ៉េអាល់ ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន» ឆ្នាំ១៩៨៧។ ចាប់តាំងពីឆ្នាំ១៩៩៥ មក លេខាធិការដ្ឋានអូហ្សូនន អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទរដល់សមិទ្ធផល និងវឌ្ឍនភាពជាបន្តបន្ទាប់ ដែលយើងរួមគ្នាសម្រេចបានសំដៅឆ្ពោះទៅការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី។
នៅក្នុងសារលិខិត ក្រសួងបរិស្ថានបានសម្តែងនូវការចូលរួមយ៉ាងកក់ក្តៅអបអរសាទរជាមួយប្រជាជាតិទាំងអស់ ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ ការជំរុញសកម្មភាពអាកាសធាតុ» (Montreal Protocol: Advancing climate Action) ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់អំពី សារៈសំខាន់នៃស្រទាប់អូហ្សូននិងសម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី។
នៅក្នុងសារលិខិតបានបន្តថា កន្លងមក ស្រទាប់អូហ្សូន៏ត្រូវបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសារធាតុ ដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ពៃ និងបរិក្ខារត្រជាក់ ក្នុងនោះរួមមានសារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) និងសារធាតុហាយដ្រាក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC)។ សារធាតុទាំងនោះ ក៏មានសក្ដានុពលធ្វើឱ្យ កើនកម្ដៅផែនដីខ្ពស់ផងដែរ។ ជាក់ស្ដែង ក្នុងចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១០ ពិភពលោកបានរួមគ្ន កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ប្រមាណ១៣៥ពាន់លានតោន ក្រោមការអនុវត្ត ពិធីសារម៉ុងរ៉េអាល់។ ជាលទ្ធផល ចាប់ពីឆ្នាំ២០០០មក ស្រទាប់អូហ្សូនបានក្តិតឡើងវិញ ក្នុងអត ប្រមាណពី១-៣%ក្នុងមួយឆ្នាំ និងបានជួយបន្ថយការឡើងកម្ដៅផែនដីផងដែរ។ នាពេលបច្ចុប្បន្ននេះ បរិក្ខារត្រជាក់បានរួមចំណែក ២០% នៃការប្រើប្រាស់ថាមពលអគ្គិសនីសរុប ហើយត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ២០៥០។ ការអនុវត្តវិសោធនកម្មទីក្រុងគីហ្គាលី រួមជាមួយនឹងការផ្លាស់ប្ដូរទៅប្រើប្រាស់បរិក្ខារត្រជាក់មានប្រសិទ្ធភាពថាមពលខ្ពស់នឹងផ្តល់អត្ថប្រយោជន៍ដល់ការកាត់បន្ថយការកើនឡើងកម្ដៅផែនដីទ្វេដង។
ក្រសួងបរិស្ថានបានលើកឡើងបន្ថែមទៀតថា ក្នុងនាមជារដ្ឋភាគី ព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបញ្ឈប់ការប្រើប្រាស់ សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន(CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ស្របតាមកាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ និងកំពុងរៀបចំផែនការ គ្រប់គ្រងសារធាតុHFCS ក្នុងការអនុវត្តវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ដែលកម្ពុជា បានផ្តល់សច្ចាប័ននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថាការកើនកម្ដៅភពផែនដីអាចត្រូវបាន កាត់បន្ថយរហូតដល់ ០,៥°C នៅចុងសតវត្សរ៍នេះ ប្រសិនបើវិសោធនកម្មទីក្រុងគីហ្គាលីត្រូវបានផ្ដល់ សច្ចាប័នជាសកល និងអនុវត្តបានពេញលេញ។ ក្នុងន័យនេះ ព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាបន្តចូលរួម ជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាន នូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និង សារធាតុដែលមានសក្តានុពលកម្តៅសកលខ្ពស់។
«ក្នុងន័យនេះ ព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលធ្វើឱ្យកើនកម្ដៅខ្ពស់ ដែលនឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច សុខភាពសាធារណៈ និងសន្តិសុខថាមពលផងដែរ។ នេះគឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះសម្រាប់សេដ្ឋកិច្ចកម្ពុជា និងសម្រាប់ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុសកលផងដែរ»។ នេះបើតាមការបញ្ជាក់ពីក្រសួងបរិស្ថាន។
គួរបញ្ជាក់ផងដែរថា កន្លងមក ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសារធាតុគីមីផ្សេងៗ ដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ពៃ និងបរិក្ខារត្រជាក់ជំនាន់មុន ក្នុងនោះរួមមានសារធាតុក្លរ៉ូភ្លុយអរ៉ូ- កាបូន (CFC) និងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC)។ ក្រៅពីការបំផ្លាញស្រទាប់អូហ្សូន សារធាតុ ទាំងនោះ ក៏មានសក្តានុពលធ្វើឱ្យកើនកម្ដៅផែនដីផងដែរ៕
21-វិច្ឆិកា-2024 - ម៉ោង 10:37:AM
20-វិច្ឆិកា-2024 - ម៉ោង 02:19:PM
18-វិច្ឆិកា-2024 - ម៉ោង 04:32:PM
18-វិច្ឆិកា-2024 - ម៉ោង 02:16:PM