អត្ថបទ៖ កែវ រតនៈ
ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានផ្សព្វផ្សាយថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ប្រកាសស្តីពី ការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ដែលតម្រូវឱ្យរោងចក្រ សហគ្រាសឧស្សាហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលត្រូវបំពាក់ជាចាំបាច់ នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាការបំពាក់ឧបករណ៍នេះគឺ ដើម្បីបញ្ចៀសការលេចជ្រាបឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធានាបាននូវសុខភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី និយោជិត ដែលរស់នៅនិងបំពេញការងារ ក្នុងតំបន់ឧស្សាហកម្ម មានសុខភាពល្អ មានបរិស្ថានល្អ និងមានការវិនិយោគល្អ។
សូមបញ្ចាក់ថា រោងចក្រសហគ្រាសចំនួន៣កន្លែងធំៗ នៅខេត្តស្វាយរៀង និងនៅខេត្តបាត់ដំបង ហើយនៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន Hi blue Washing Process Co., Ltd ដែលជាឧស្សាហកម្មបោកគក់ខោប៊យ បានបំពាក់ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ភាពស្អាតក្នុងដែនទឹកស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងបានបង្ហាញនូវភាពស្មោះត្រង់ក្នុងការបញញចេញសំណល់រាវក្រោយការសម្អាតរួចរបស់ខ្លួនសម្រាប់ជូនមន្រ្តីអធិការកិច្ចក្រសួងធ្វើការតាមដានពីចម្ងាយនូវដំណើរការបញ្ចេញសំណល់រាវរបស់ខ្លួន។
ក្រសួងបរិស្ថាន ជាបន្តទៅទៀត សូមណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស(ប្រភេទប្រភពបំពុលសក្តានុពល) ដែលមិនទាន់បានអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមច្បាប់ ត្រូវរួសរាន់ធ្វើការបំពាក់ឧបករណ៍នេះ ចាប់ពីពេលនេះតទៅ។ ក្នុងករណីខកខាន មិនបានធ្វើការបំពាក់ដូចបានកំណត់នៅក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ១០០% ដោយមិនមានការលើកលែងឡើយ៕
រូបភាព៖ក្រសួងបរិស្ថាន
21-វិច្ឆិកា-2024 - ម៉ោង 10:37:AM
20-វិច្ឆិកា-2024 - ម៉ោង 02:19:PM
18-វិច្ឆិកា-2024 - ម៉ោង 04:32:PM
18-វិច្ឆិកា-2024 - ម៉ោង 02:16:PM