អត្ថបទ៖ សំនៀង
ថ្លែងក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រ ចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។
ឯកឧត្តម បានបញ្ជាក់ថា ភាពបៃតងនៅទីនេះ ជាម៉ាស៊ីនបន្សុទ្ធខ្យល់បរិសុទ្ធសម្រាប់ទ្រទ្រង់ជីវិតយើងគ្រប់គ្នាគ្មានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម គឺមិនមានសុខភាពល្អនោះទេ។ លើសពីនេះទៅទៀត ដើមឈើជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត។ ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថា «ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគ ទុនទុកជូនមនុស្សជំនាន់ក្រោយ ទទួលបានផលទាំងសេដ្ឋកិច្ច សុខុមាលភាព។ ពោល គឺយើងកំពុងតែរៀបចំផ្ទះ និងកំណប់ទ្រព្យ ទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង»។
សូមបញ្ជាក់ថា «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ដែលគ្រោងរៀបចំ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងក្នុងអង្គពិធីថា ការប្រារព្ធពិធីពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលក្រសួងបរិស្ថាន បានរៀបចំឡើង ក្នុងគោលបំណងបណ្តុះផ្នត់គំនិត ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឱ្យស្រលាញ់ដើមឈើ តាមរយៈការយល់ដឹង អំពីអត្ថប្រយោជន៍នៃព្រៃឈើ រុក្ខជាតិ និងកេសរកូលព្រៃនៅកម្ពុជា និងការចូលរួមដោយផ្ទាល់ ក្នុងការដាំដើមឈើ និងការដាំស្តារព្រៃឈើនៅកម្ពុជា។ ឯកឧត្តមបានបន្តថា ការតាំងពិព័រណ៍ និងចែកកូនឈើ ជូនដល់សាធារណជនដោយឥតគិតថ្លៃ គឺជាការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០៕
21-វិច្ឆិកា-2024 - ម៉ោង 10:37:AM
20-វិច្ឆិកា-2024 - ម៉ោង 02:19:PM
18-វិច្ឆិកា-2024 - ម៉ោង 04:32:PM
18-វិច្ឆិកា-2024 - ម៉ោង 02:16:PM