អត្ថបទ៖ កែវ រតនៈ
ក្នុងបទបង្ហាញរបស់លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រក្រសួងបរិស្ថាន ដែលបានធ្វើឡើងកិច្ចសន្ទនាគោលនយោបាយជាតិស្តិពី “ការធានាសុវត្ថិភាព និងសុខភាពការងារ ក្នុងបរិបទប្រែប្រួលអាកាសធាតុសម្រាប់កម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហារ” នៅរាជធានីភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលបានទទួលស្គាល់ការប្រែប្រួលអាកាសធាតុថាជាបញ្ហាប្រឈមសម្រាបនកិច្ចខិតខំប្រឹងប្រែងដោយចីរភាព។
បទបង្ហាញបន្តថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១២ក្នុងចំណោមប្រទេសក្នុងពិភពលោកជាប្រទេសមានភាពងាយរងគ្រោះខ្លាំងដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលមានដូច ព្យុះ ទឹកជំនន់ខ្លាំង ភាពរាំងស្ងួត កំណើនសីតណ្ហាភាព កម្ដៅ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ការប្រែប្រួលរបបទឹកភ្លៀង។ បទបង្ហាញបន្ថែមថា ការប្រែប្រួលអាកាសធាតុបានកាត់បន្ថយកំណើនផលិតផលក្នុងស្រុកជាមធ្យមប្រចាំឆ្នាំចំនួន ៦,៦% និងផលិតផលក្នុងស្រុកសរុបចំនួន ០,៤%ក្នុងឆ្នាំ២០២០ ហើយប្រហែលជា២,៥%នៅក្នុងឆ្នាំ២០៣០ និង ៩,៨% ក្នុងឆ្នាំ២០៥០។
ជាមួយគ្នានេះ លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម មានប្រសាសន៍ថា កម្មករ-និយោជិតកាន់តែមានភាពធន់នឹងផលប៉ះពាល់កើនឡើងនៃការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅផែនដី ព្រមទាំងអាចចាកចេញពីភាពក្រីក្របានផងដែរ“។ លោកស្រី បានលើកឡើងពីការសិក្សាស្រាវជ្រាវជាសកលស្តីអំពី “ការធានាពីសុវត្ថិភាព និងសុខភាពការងារក្នុងបរិបទការប្រែប្រួលអាកាសធាតុ” ដែលធ្វើឡើងដោយអង្គការ ILO ក្នុងឆ្នាំ ២០២៤ នេះដោយបានបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងការជះឥទ្ធិពលអវិជ្ជមានទៅលើសុវត្ថិភាព និងសុខភាពការងារ របស់កម្មករដែលមានដូចជា កំដៅខ្លាំងពេក កាំរស្មីអ៊ុលត្រាវីយូឡេ ព្រឹត្តិការណ៍អាកាសធាតុខ្លាំង ការបំពុលបរិយាកាសនៅកន្លែងធ្វើការ ជំងឺឆ្អឹង និងការផ្លាស់ប្តូរការប្រើប្រាស់សារធាតុគីមីកសិកម្ម។
លោកស្រីបន្ថែមថា ដោយមើលឃើញពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនេះ ទើបអង្គការអុកស្វាម រួមជាមួយក្រសួងបរិស្ថាន និងអង្គការដៃគូ បានសហការរៀបចំកិច្ចសន្ទនាគោលនយោបាយជាតិស្តិពីការធានាសុវត្ថិភាព និងសុខភាពការងារ ក្នុងបរិបទប្រែប្រួលអាកាសធាតុសម្រាប់កម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហារ ដើម្បីប្រមូលធាតុចូលពីតម្រូវការរបស់ប្រជាកសិករ ថាតើត្រូវធ្វើដូចម្ដេចដើម្បីឲ្យពួកគាត់បន្សាំបានទៅនឹងការប្រែប្រួលអាកាសធាតុ។ ហើយអ្វីដែលជាការលើកឡើងនេះនឹងជូនជាព័ត៌មានទៅដល់រាជរដ្ឋាភិបាលដើម្បីរៀបចំគោលនយោបាយថ្នាក់តបជាមួយបម្រែបម្រួលអាកាសធាតុនេះ៕
21-វិច្ឆិកា-2024 - ម៉ោង 10:37:AM
20-វិច្ឆិកា-2024 - ម៉ោង 02:19:PM
18-វិច្ឆិកា-2024 - ម៉ោង 04:32:PM
18-វិច្ឆិកា-2024 - ម៉ោង 02:16:PM