អត្តបទ៖យូ វាសនា
តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានដែលចេញកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជា ទទួលបានគុណភាពខ្យល់ល្អ និងល្អណាស់ ក្នុងនោះខេត្តកំពង់ចាមទទួលបានលទ្ធផលល្អ ក្រៅពីនោះនៅក្នុងរាជធានី ខេត្តចំនួន២៤ផ្សេងទៀតទទួលបានលទ្ធផលល្អណាស់។
ក្រសួងបរិស្ថានបានផ្ដល់តម្លៃសន្ទស្សន៍ខ្យល់ល្អណាស់ចាប់ពី០-៥០៖គុណភាពខ្យល់ល្អណាស់នេះ សមស្របសម្រាប់សកម្មភាពខាងក្រៅផ្ទះ និង ទេសចរណ៍។ ល្អចាប់ពី៥១-១០០៖ គុណភាពខ្យល់ល្អនេះអាចធ្វើសកម្មភាពទៅខាងក្រៅ និងការធ្វើដំណើរដូចធម្មតា។ ប៉ុន្តែបុគ្គលដែលមានប្រតិកម្មអាលែហ្សីតិចតួចគួរតែកាត់បន្ថយពេលវេលាសម្រាប់សកម្មភាពខាងក្រៅ។ មធ្យមចាប់ពី១០១-១៥០៖ កម្រិតនេះមនុស្សទូទៅ អាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា ប៉ុន្តែអ្នកដែលមានសុខភាពទន់ខ្សោយ ប្រសិនបើមានរោគសញ្ញាដំបូងដូចជា ការក្អក ការដកដង្ហើមពិបាក រលាកភ្នែកនោះ សូមកាត់បន្ថយរយៈពេលនៃសកម្មភាពខាងក្រៅ។ បង្គួរចាប់ពី១៥១-២០០៖ កម្រិតនេះមនុស្សទូទៅ គួរតែតាមដានសុខភាពប្រសិនបើមានរោគសញ្ញាដំបូងដូច ជាការក្អក ការពិបាកដកដង្ហើម រលាកភ្នែក សូមកាត់បន្ថយរយៈពេលនៃ សកម្មភាពខាងក្រៅរបស់អ្នក ឬប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើម ប្រសិនបើចាំបាច់។ អ្នកដែលមានសុខភាពទន់ខ្សោយ គួរកាត់បន្ថយរយៈពេលនៃសកម្មភាពខាងក្រៅរបស់អ្នក។ ឬប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើមប្រសិនបើចាំបាច់។ ប្រសិនបើមានស្ថានភាពសុខភាពដូចជាការក្អក ការពិបាកដកដង្ហើម ឈឺទ្រូង ឈឺក្បាល ចង្វាក់បេះដូងលោតខុសប្រក្រតី ក្អួតចង្អោរ អស់កម្លាំងនោះគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត។ ខ្ពស់ ចាប់ពី២០១-៣០០៖ កម្រិតនេះមនុស្សគ្រប់គ្នាគួរតែជៀសវាងសកម្មភាពខាងក្រៅ ជៀសវាងតំបន់ដែល មានការបំពុលខ្យល់ខ្ពស់ ឬប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើមប្រសិនបើចាំបាច់។ ប្រសិនបើមានរោគសញ្ញាសុខភាពនោះ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត។ និងខ្ពស់ខ្លាំងពី៣០១-៥០០៖ គឺជាកម្រិតនៃការព្រមានអំពីស្ថានភាពអាសន្នចំពោះសុខភាព។ សូម្បីតែមនុស្សដែលមានសុខភាពល្អនឹងពិបាកការស៊ូទ្រាំក្នុងកំឡុងពេលនេះ។ វាអាចមានការ រលាកខ្លាំង និងរោគសញ្ញាជាច្រើនទៀត។ ដូច្នេះមនុស្សទាំងអស់គួរតែ ចៀសវាងសកម្មភាពចេញទៅខាងក្រៅ។
ការចេញសន្ទស្សន៍ខ្យល់របស់ក្រសួងបរិស្ថានេះ ស្របពេលដែល ក្រសួងធនធានទឹក និងឧតុនិមនៅថ្ងៃនេះបានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតអាកាសក្នុងប្រទេសកម្ពុជា ដោយបានឱ្យដឹងថា អាកាសធាតុមានសម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់វាលទំនាបសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C ។ ខ្យល់បក់មកពីទិស បស្ចិម និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំភ្នំពេញ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និង តាកែវ អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី១០% - ៣០%។ ចំណែកតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសបស្ចិម និងអាគ្នេយ៍មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។ ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងមណ្ឌលគិរី អាចមានភ្លៀង ផ្គរគ្របដណ្ដប់លើផ្ទៃដីពី៥%-១០%។ ឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពី ទិស បស្ចិម និងនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីពី១០%-៣០%។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។
គួរបញ្ជាក់ថាកាលពីខែមេសា រហូតដល់ដើមខែឧសភា ប្រទេសកម្ពុជាទទួលរងរលកកម្តៅពី៤០°Cទៅ៤១°Cដែលមិនធ្លាប់មានពីមុនមក ហើយនៅតំបនខ្លះទៅបានលោតកម្តៅរហូត៤២°Cទៅដល់៤៣°Cទៀតផង៕
រូបភាព៖ក្រសួងបរិស្ថាន
21-វិច្ឆិកា-2024 - ម៉ោង 10:37:AM
20-វិច្ឆិកា-2024 - ម៉ោង 02:19:PM
18-វិច្ឆិកា-2024 - ម៉ោង 04:32:PM
18-វិច្ឆិកា-2024 - ម៉ោង 02:16:PM