អត្ថបទ៖ កែវ រតនៈ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា នៅថ្ងៃទី២១ឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិភាក្សាផ្ដោតលើផែនការទ្រង់ទ្រាយធំ សម្រាប់ប្រទេសអៀរឡង់ និងប្រទេសកម្ពុជា ដើម្បីឈានសម្រេចគោលដៅនៃអព្យាក្រិតកាបូននៅឆ្នាំ ២០៥០ និងការប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុមកលើប្រទេស ដែលបង្កឲ្យមានបញ្ហាប្រឈមធ្ងន់ធ្ងរទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការចិញ្ចឹមជីវិតរបស់ប្រជាជននៅជនបទ។
ក្នុងកិច្ចពិភាក្សានោះ លោកជំទាវ Ní Fhallúin អគ្គរដ្ឋទូតអៀរឡង់ បានចែករំលែកពីការគាំទ្ររបស់ស្ថានទូតអៀរឡង់ ដល់គម្រោង "ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា"ដែលដឹកនាំអនុវត្តដោយអង្គការអុកស្វាម ដែលមានថវិកាចំនួន ៨០០,០០០អឺរ៉ូ ក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងឆ្លើយតបនឹងភាពងាយរង គ្រោះដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងពង្រឹងយុទ្ធសាស្ត្របន្សំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
លោកជំទាវអគ្គរដ្ឋទូតមានប្រសាសន៍ថា “ការគាំទ្រកម្មវិធីអាកាសធាតុ គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់យុទ្ធសាស្ត្រប្រទេសអៀរឡង់ក្នុងការអភិវឌ្ឍអន្តរជាតិ។ វាជាផ្នែកមួយនៃការចូលរួមក្នុងប្រទេសកម្ពុជា ហើយយើងរីករាយដែលបានបង្កើនមូលនិធិរបស់យើងសម្រាប់គាំទ្រកម្មវិធីអាកាសធាតុ។ យើងដឹងថាការប្រែប្រួលអាកាសធាតុប៉ះពាល់គ្រប់ៗគ្នា ប៉ុន្តែមិនមានភាពស្មើគ្នា។ ប្រជាជន ក្រីក្របំផុតប្រឈមនឹងផលប៉ះពាល់ខ្លាំងបំផុត។ ប្រទេសអៀរឡង់ជឿជាក់លើការគាំទ្រប្រជាជនដែលងាយរងគ្រោះបំផុតដើម្បីប្រឈមនឹងបញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ហើយយើងរីករាយដែលបានផ្ដល់មូលនិធិដល់កម្មវិធីនេះជាមួយអង្គការអុកស្វាម ដែលជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់យើងចំពោះអាកាសធាតុ ចំពោះប្រទេសកម្ពុជា និងចំពោះអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត។”
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្វាគមន៍ចំពោះការយកចិត្តទុកដាក់ កាន់តែខ្លាំងឡើងរបស់ប្រទេសអៀរឡង់ ដោយមានប្រសាសន៍ថា "ក្រសួងបរិស្ថានទទួលស្គាល់ថា បញ្ហាបរិស្ថាន គឺគ្មានព្រំដែន និងទាមទារឲ្យមានកិច្ចសហប្រតិបត្តិការជាសកល។ យើងសូមស្វគមន៍ ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលមានបំណងចូលរួមក្នុងការអនុវត្តយុទ្ធសាស្ត្រអាកាសធាតុនេះ។ ខ្ញុំសូម ថ្លែងអំណរគុណចំពោះការងារដែលប្រទេសអៀរឡង់កំពុងធ្វើក្នុងប្រទេសកម្ពុជា ហើយយើងនឹង ទន្ទឹងរង់ចាំកិច្ចសហការទៅថ្ងៃខាងមុខទៀត” ។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានបញ្ជាក់ថាគម្រោង ភាពធន់នឹងអាកាស ធាតុសម្រាប់ទាំងអស់គ្នា ស្របតាមអាទិភាពផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និង ប្រទេសអៀរឡង់ ហើយលោកស្រីបានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងលោកជំទាវ អគ្គរដ្ឋទូតសម្រាប់ការគាំទ្រគម្រោងនេះ។ លោកស្រី សោភ័ណ មានប្រសាសន៍ថា "តាមរយៈ គម្រោងនេះ យើងនឹងចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ក្រីក្របំផុតក្នុង ប្រទេសកម្ពុជា” ។ កិច្ចសហការជាមួយប្រទេសអៀរឡង់ ក្រសួងបរិស្ថាន អង្គការដៃគូ និងវិស័យឯក ជន បញ្ជាក់ពីសារៈសំខាន់នៃការធ្វើការរួមគ្នាលើសកម្មភាពអាកាសធាតុ និងដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា” ៕
21-វិច្ឆិកា-2024 - ម៉ោង 10:37:AM
20-វិច្ឆិកា-2024 - ម៉ោង 02:19:PM
18-វិច្ឆិកា-2024 - ម៉ោង 04:32:PM
18-វិច្ឆិកា-2024 - ម៉ោង 02:16:PM