សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងការងារ ពិភាក្សាជាមួយតំណាង IDP Education និងធុរកិច្ចអូស្រ្តាលី ដើម្បីពង្រីកកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET)

18-មិនា-2026 - ម៉ោង 09:04:AM

ស្តាប់ជាសំឡេង

ដោយ៖ កែវ រតនៈ

ក្នុងជំ​នួបនាទីស្តីការក្រសួងនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ជាមួយលោកស្រី ប្រីជែត ខូលៀរ (Bridget Collier) ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី ធេនណាល អូហ្សេនណេស៊ី (Tennealle O'Shannessy) នាយិការប្រតិបត្តិនៃ IDP Education និងជាអ្នកធុរកិច្ចឆ្នើមអូស្ត្រាលីប្រចាំនៅកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរឹងមាំរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសក្នុងវិស័យអប់រំ ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជា តួនាទីរបស់ស្ថាប័នអូស្ត្រាលី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងទទួលស្គាល់ការចូលរួមរបស់ IDP Education ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ឯកឧត្តមក៏បានអបអរសាទរផងដែរចំពោះភាពជោគជ័យនៃការរៀបចំពិព័រណ៍អប់រំ  សកល​របស់ IDP ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ដោយលើកទឹកចិត្តឱ្យស្ថាប័ន IDP Cambodia ពិសេសតាមរយៈសាលា ACE ពិនិត្យលទ្ធភាពសហការជាមួយក្រសួង ដើម្បីបញ្ជ្រាបកម្មវិធីសិក្សាភាសាអង់គ្លេសទៅក្នុងគ្រឹះស្ថាន TVET សាធារណៈ។ តាមរយៈកិច្ចសហការនេះ សាលា ACE អាចប្រើប្រាស់ទីតាំងរបស់រដ្ឋ ដើម្បីផ្តល់ការបណ្តុះបណ្តាលភាសាអង់គ្លេសប្រកបដោយគុណភាព ក្នុងតម្លៃមួយដ៏សមរម្យ ដែលផ្តល់ប្រយោជន៍យ៉ាងធំធេងដល់យុវជន និងសិស្សានុសិស្សផ្នែកបច្ចេកទេសបន្ថែមទៀតផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានស្នើឱ្យស្ថាប័ន IDP ជួយសម្របសម្រួល និងបើកផ្លូវបន្ថែមទៀត ក្នុងការបញ្ជូនសិក្ខាកាម ឬបុគ្គលិកក្រុមហ៊ុនកម្ពុជា ទៅសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសរយៈពេលខ្លីនៅប្រទេសអូស្ត្រាលី ដើម្បីរួមចំណែកពង្រឹងសមត្ថភាពកម្លាំងពលកម្មកម្ពុជាឱ្យស្របតាមស្តង់ដាអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកបន្ថែមអំពីចក្ខុវិស័យរបស់ក្រសួង ក្នុងការរៀបចំដាក់ឱ្យអនុវត្តនូវ «ប្រព័ន្ធកម្មសិក្សាការងារ (Apprenticeship)» តាមគំរូនៃប្រព័ន្ធ TAFE របស់ប្រទេសអូស្ត្រាលី ដែលជាទម្រង់ “រៀនផង ធ្វើការផង” ( Earn and Learn) ដោយធានាបាននូវការការពារសិទ្ធិ និងផលប្រយោជន៍របស់សិក្ខាកាមយ៉ាងពេញលេញ។

លោកស្រី ធេនណាល អូហ្សេនណេស៊ី បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី និងបានសន្យាថានឹងចាត់ឱ្យក្រុមការងារបច្ចេកទេសនៃសាលា ACE ជួបពិភាក្សាលម្អិតបន្ថែមលើកិច្ចការងារនេះ។ លោកស្រីបានកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា ពិសេសនវានុវត្តន៍ឌីជីថលនៅ អេស ខេមបូឌា ដែលទើបសម្ពោធកាលពីថ្ងៃទី១៦ ខែមីនានេះ ដោយលោកស្រីបានចាត់ទុកថាជាគំរូដ៏ល្អមួយសូម្បីតែសម្រាប់ស្ថាប័ននៅប្រទេសអូស្ត្រាលី។

ក្រៅពីវិស័យអប់រំ ឯកឧត្តម ហេង សួរ បានលើកទឹកចិត្តឱ្យលោកស្រីក្នុងនាមជាតំណាងធុរកិច្ចអូស្ត្រាលី ជួយជំរុញភាពសកម្មរបស់សភាពាណិជ្ជកម្មអូស្ត្រាលីប្រចាំកម្ពុជា ដើម្បីធ្វើជាស្ពានផ្សារភ្ជាប់ និងទាក់ទាញវិនិយោ​​គិន​​អូស្ត្រាលី ព្រមទាំងសហគមន៍ខ្មែរ-អូស្ត្រាលី ឱ្យមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

កម្មករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៩៣ភាគរយ ចុះឈ្មោះក្នុងថ្នាលឌីជីថលដោយខ្លួនឯង ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលពិសេស ស្តីពីអាជ្ញាកណ្តាល និងផ្សព្វផ្សាយប្រកាសស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក វិស្វករ​​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​មានចំនួន ១០ ១៧២​នាក់គិត​ត្រឹម​ឆ្នាំ​២០២៥ កម្មករ និងកសិករ លើកសំណើ ៨ចំណុច ខណៈរដ្ឋាភិបាលស្វាគមន៍ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែ​ទាំ​សម្ភា​រៈ​ជំនាញ និងមធ្យោបាយដឹកជញ្ជូន ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម