
ភ្នំពេញ,នៅក្នុងឱកាសអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ សម្ព័ន្ធសហគមន៍កសិករកម្ពុជា (ស៊ីស៊ីអេហ្វស៊ី) សហការជាមួយ សហភាពការងារកម្ពុជា (ស៊ីអិលស៊ី) សហភាពចលនាកម្មករកម្ពុជា (ស៊ីស៊ីដប្ល្យូ) សហជីព សមាគម និងអង្គការសង្គមស៊ីវិលជាច្រើន បានរៀបចំព្រឹត្តិការណ៍មួយនៅសាលមហោស្រពកោះពេជ្រ ដោយមានអ្នកចូលរួមប្រមាណជិត ១៣០០ នាក់ មកពីវិស័យនានាទាំងក្នុង និងក្រៅប្រព័ន្ធ។ ព្រឹត្តិការណ៍នេះផ្តោតលើប្រធានបទគោលនយោបាយឆ្លើយតបគាំពារសង្គម សិទ្ធិការងារ និងវិបត្តិសកល ដែលកំពុងមានឥទ្ធិពលលើជីវភាពកម្មករ និងកសិករ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងបេឡាជាតិរបបសន្តិសុខសង្គម ក៏ដូចជាតំណាងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យុវកសិករ យុវកម្មករ និងមន្រ្តីរាជការ ដែលបានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមជាក់ស្តែងក្នុងវិស័យការងារ និងកសិកម្ម។
ក្នុងឱកាសនេះ តំណាងសហជីព និងអង្គការសង្គមស៊ីវិល បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីធានាសុវត្ថិភាពជីវភាពរបស់កម្មករ និងកសិករ ជាពិសេសនៅក្នុងបរិបទវិបត្តិសកល ដូចជាការប្រែប្រួលសេដ្ឋកិច្ច អាកាសធាតុ និងសន្តិសុខការងារ។ ពួកគេក៏បានជំរុញឱ្យមានការអនុវត្តយ៉ាងមានប្រសិទ្ធភាពនៃសិទ្ធិការងារ រួមមានសេរីភាពសហជីព លក្ខខណ្ឌការងារសមរម្យ និងប្រាក់ឈ្នួលសមស្រប។
លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានថ្លែងថា « ទិវាពលកម្មអន្តរជាតិ មិនមែនត្រឹមជាថ្ងៃរំលឹកប្រវត្តិសាស្ត្រតស៊ូរបស់កម្មករពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសបញ្ជាក់ថា សិទ្ធិការងារ ការងារប្រកបដោយសេចក្តីថ្លៃថ្នូរ គាំពារសង្គម និងយុត្តិធម៌សង្គម គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព »។ លោកបានបន្ថែមថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ថាមពល ប្រេងឥន្ធនៈ អតិផរណា និងបម្រែបម្រួលអាកាសធាតុ ប្រធានបទឆ្នាំនេះ គឺសមស្រប និងមានសារៈសំខាន់យ៉ាងខ្លាំង។
ក្នុងនាមសហជីព សហភាព និងសមាគមចម្រុះវិស័យ លោក គង់ អាទិត្យ បានលើកឡើងសំណើសំខាន់ៗចំនួន ៨ចំណុច រួមមាន៖ ការពង្រីកប្រព័ន្ធគាំពារសង្គមឱ្យគ្របដណ្តប់លើកម្មករទាំងអស់ រួមទាំងកម្មករក្រៅប្រព័ន្ធ កសិករ ស្ត្រី និងយុវជន; ការជំរុញប្រាក់ឈ្នួលសមរម្យ និងការងារប្រកបដោយសេចក្តីថ្លៃថ្នូរ; ការពង្រឹងសុវត្ថិភាព និងសុខភាពការងារ; ការធានាសេរីភាពសហជីព និងកិច្ចសន្ទនាសង្គម; ការឆ្លើយតបផលប៉ះពាល់ពីវិបត្តិសកល និងថ្លៃប្រេងឥន្ធនៈ; ការគាំទ្រកសិករ និងវិស័យកសិ-ស្បៀងអាហារ; ការពង្រឹងយន្តការឆ្លើយតបគ្រោះអាសន្ន; និងការលើកកម្ពស់ជំនាញឌីជីថល និងការពារកម្មករក្នុងសេដ្ឋកិច្ចថ្មី។
ចំពោះភាគីរដ្ឋាភិបាល ឯកឧត្តម ហេង សួរ បានថ្លែងថា « ការរៀបចំវេទិកាសាធារណៈបែបនេះ គឺជាយុទ្ធសាស្ត្រល្អដ៏មានប្រសិទ្ធភាព ក្នុងការលើកជាសំណូមពរ និងរកដំណោះស្រាយរាល់កង្វល់របស់បងប្អូនកម្មករ និងកសិករ »។ លោកបានបន្ថែមថា វេទិកាបែបនេះអាចជួយឱ្យអ្នកចូលរួមបានជួបផ្ទាល់ជាមួយមន្ត្រីពាក់ព័ន្ធ និងអ្នកជំនាញ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជាក់ស្តែង។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា « វេទិកាបែបនេះបន្តជួយពង្រឹងកិច្ចសន្ទនាសង្គម រវាងរាជរដ្ឋាភិបាល សហជីព និយោជក និងអង្គការសង្គមស៊ីវិល ក្នុងទិសដៅជំរុញគោលនយោបាយដោះស្រាយបញ្ហាប្រឈម ជាពិសេសសិទ្ធិការងារ សុវត្ថិភាពការងារ និងប្រព័ន្ធគាំពារសង្គម »។
លោកក៏បានបញ្ជាក់ថា រដ្ឋាភិបាលស្វាគមន៍ និងទទួលយកសំណើរបស់កម្មករ និងបានត្រៀមខ្លួនចូលរួមសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរកដំណោះស្រាយ ដោយផ្អែកលើគោលការណ៍ច្បាប់ និងស្មារតីយោគយល់អធ្យាស្រ័យ។
អ្នកសង្កេតការណ៍បានលើកឡើងថា ការលើកសំណើរនៅថ្ងៃទិវាពលកម្មឆ្នាំនេះ បង្ហាញពីតម្រូវការកាន់តែខ្លាំងក្នុងការកែលម្អគោលនយោបាយការងារ និងប្រព័ន្ធគាំពារសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសេដ្ឋកិច្ច និងសង្គម ដែលកំពុងផ្លាស់ប្តូរយ៉ាងលឿន។







កម្មករ និងកសិករ លើកសំណើ ៨ចំណុច ខណៈរដ្ឋាភិបាលស្វាគមន៍ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦
សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន
ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែទាំសម្ភារៈជំនាញ និងមធ្យោបាយដឹកជញ្ជូន
ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ
កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស
ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពថាខ្លួនពិតជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឱ្យមានជនរងគ្រោះស្លាប់ និងរបួសពិតមែន
ស្នងការបាត់ដំបង៖ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ មិនទាន់ចូលខ្លួនបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍តាមការកោះហៅ នៅឡើយទេ
មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី
អតីតពលករខ្មែរដែលត្រឡប់ពីថៃអះអាងថា កម្ពុជាមិនខ្វះការងារធ្វើដូចការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួននោះទេ
29-មេសា-2026 - ម៉ោង 02:48:PM
07-មេសា-2026 - ម៉ោង 03:36:PM
07-មេសា-2026 - ម៉ោង 01:27:PM
03-មេសា-2026 - ម៉ោង 10:46:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា