សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស

03-មេសា-2026 - ម៉ោង 10:46:AM

ដោយ៖ កែវ រតនៈ

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី "ការបង្កភាពងាយស្រួលដល់បម្លាស់ទីសេវាវិជ្ជាជីវៈវិស្វកម្ម" នារសៀលថ្ងៃទី​២ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពវិស្វករ និងកិច្ចសហប្រតិបត្តិការតំបន់ ដែលមិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការសិក្សាវិធីសាស្ត្រថ្មីៗក្នុងទិសដៅអភិវឌ្ឍន៍វិស័យសំណង់នៅអាស៊ាន។

ជាមួយនឹងការអបអរសាទរសិក្ខាកាមទាំង៦២នាក់(ស្រ្តី៤នាក់) ក្នុងអនុតំបន់មេគង្គដែលរួមមានវិស្វករកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា បានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា (BEC) និងមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់កិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដែលក្រៅពីការផ្លាស់ប្តូរបច្ចេកទេស វាក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ស្តង់ដាវិស្វកម្មដល់កម្រិតសកលផងដែរ។

 

ឯកឧត្តមបានចាត់ទុកប្រធានបទនេះ ជាស្នូលសម្រាប់បេសកកម្មរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយជោគជ័យនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបង្ហាញយ៉ាងច្បាស់ពីការខិតខំរួមក្នុងការផ្លាស់ប្តូរចំណេះដឹង ជំនាញ និងបទពិសោធក្នុងវិស័យវិស្វកម្ម ដោយផ្អែកលើស្មារតី «ទន្លេរួម អនាគតរួម» ជាពិសេស កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករបស់អាស៊ាន (MRA) ស្តីពីសេវាវិស្វកម្ម នៅតែជាគ្រឹះសំខាន់សម្រាប់ការខិតខំរួមក្នុងការបង្កភាពងាយស្រួលដល់បម្លាស់ទីវិស្វករ និងលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន។

 

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តយសនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាស្នូល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ហើយគ្មាននរណាម្នាក់ត្រូវបានទុកចោល រួមទាំងការពង្រឹងសមត្ថភាពជំនាញ និងស្តង់ដាវិជ្ជាជីវៈវិស្វកម្ម។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញលេញដល់ BEC ដែលជាស្ថាប័នសំខាន់ក្នុងបេសកកម្មបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាព ដោយគោរពតាមសីលធម៌វិជ្ជាជីវៈ និងជំរុញវិស័យវិស្វកម្មឲ្យទំនើប និងមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យវិស្វករទាំងអស់បំប្លែងចំណេះទាំងនេះទៅជាសកម្ម​ភាព​ជាក់ស្តែងដ៏មានន័យ ដោយកុំទុកវានៅត្រឹមជាទ្រឹស្តី។  ទន្ទឹមនឹងនេះ ដោយសង្កេតឃើញវត្តមានស្រ្តីជាវិស្វករ​មានចំនួនតិច ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យស្រ្តីចូលរួមកាន់តែច្រើនក្នុងវិស័យនេះ ព្រោះថា វិស្វករស្ត្រីពិតជាមានតម្លៃជាខ្លាំង ខណៈដែលវិស័យនេះក៏ពាក់ព័ន្ធនឹងភាពឆ្លាតវៃ ចំណេះដឹង និងសេវាកម្មផងដែរ ដោយមិនមែនត្រឹមតែការងារសំណង់ ឬការងារធ្ងន់ប៉ុណ្ណោះទេ។ 

 

លោក ឆិន ឆុង (Chen Cong) អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា បានចាត់ទុកសេវាវិស្វកម្ម ពិតជាមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំណើនសេដ្ឋកិច្ច និងការតភ្ជាប់តំបន់ ជាពិសេសនៅតំបន់មេគង្គ ហើយការពង្រឹងគុណវុឌ្ឍិនៃវិស្វករ គឺជាចំណុចសំខាន់សម្រាប់ការបម្លាស់ទីវិជ្ជាជីវៈ ការលើកកម្ពស់មត្ថភាព និងការផ្គត់ផ្គង់សេវាវិស្វកម្មឱ្យមានប្រសិទ្ធភាព។

គម្រោងសហប្រតិបត្តិការមេគង្គ-ឡានឆាង បានឆ្លើយតបតាមតម្រូវការទាំងនេះ ដោយផ្តល់ការបណ្តុះបណ្តាលស្របតាមនិន្នាការថ្មីៗនៃឧស្សាហកម្មវិស្វកម្មសំណង់ស៊ីវិលពិភពលោក ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅកម្ពុជា និងតំបន់៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង កម្មករដែលគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀងបានជាសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ហើយ វិបត្តិជីវភាព បង្ខំស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារ មិនហ៊ានទៅព្យាបាលជំងឺនៅមន្ទីរ​ពេទ្យ មន្ត្រីជាន់ខ្ពស់កម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពបើកចំហ គឺជារឿងសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ ក្រសួងការងារ បន្តពង្រីកយុទ្ធនាការលុបបំបាត់ពលកម្មកុមារ និងរំលឹកកាតព្វកិច្ច ប.ស.ស. ដល់ខេត្តត្បូងឃ្មុំ កំពង់ចាម និងកណ្ដាល ក្រសួងការងារអះអាងថា អ្នកដែលរងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង បានសះស្បើយត្រឡប់ទៅផ្ទះវិញ ៥០នាក់ហើយ ប្រជាកសិករដែលបានប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលអះអាងថាបណ្ណនេះបានជួយសង្គ្រោះជីវិត និងសម្រួលជីវភាពពួកគាត់បានមួយកម្រិត ក្រសួងសុខាភិបាលប្រកាសពីការរកឃើញ១ករណី នូវអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទNB.1.8.1 កម្មករជិត១០០នាក់ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម