
ដោយ៖ កែវ រតនៈ
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្តីពីលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន ក្នុងរយៈពេលពេញមួយឆ្នាំកន្លង រហូតសម្រេចបានសមិទ្ធផលតាមផែនការ ដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាព ពិសេសនៅក្នុងការបណ្តុះបណ្តាល ការចុះបញ្ជីវិស្វករ និងការបន្តផ្សព្វផ្សាយនៅតាមក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ។ សមិទ្ធផលគួរឱ្យកត់សម្គាល់នោះគឺ វិស្វករដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជា មានសរុបចំនួន ១០ ១៧២នាក់ (ស្រី ៤៧៥នាក់) គិតត្រឹមឆ្នាំ២០២៥ ដែលក្នុងនោះ វិស្វករជាតិមានចំនួន ១០ ១២៨នាក់ (ស្រី ៤៧៥នាក់) និងវិស្វករបរទេសចំនួន ៤៤នាក់ផងដែរ ខណៈដែលវិស្វករដែលទទួលបានការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពប្រតិបត្តិជំនាញសរុបមានចំនួន ១៤ ០៦១នាក់ (ស្រី ១ ៣០៧នាក់) ។
ក្រៅពីបានផ្សព្វផ្សាយអំពីសារប្រយោជន៍ នៃការចុះបញ្ជីវិស្វករនៅតាមក្រសួង-ស្ថាប័ន និងនៅតាមរាជធានី-ខេត្ត គណៈវិស្វករកម្ពុជាក៏បានចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធរបស់វិស្វករអាជីព ដល់និស្សិតនិងកិច្ចប្រជុំដ៏មានសារៈសំខាន់ផ្សេងៗ ជាមួយអាស៊ានផងដែរ ។
អង្គប្រជុំក៏បានលើកឡើងពីបញ្ហាប្រឈម បញ្ចេញមតិយោបល់ ប្រមូលធាតុចូលលើការអនុវត្ត និងសកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជានាឆ្នាំ២០២៥ ដើម្បីរួមគ្នាពិភាក្សា ពង្រឹង និងកែសម្រួលចំណុចខ្វះខាត ដោយធ្វើយ៉ាងណាឱ្យការបំពេញការងារនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ប្រព្រឹត្តទៅឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជាងមុនសម្រាប់ឆ្នាំ២០២៦នេះ ។
ដើម្បីបង្កើនប្រសិទ្ធភាពការងារនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ឯកឧត្តម ហេង សួរ បានផ្ដល់នូវអនុសាសន៍ដ៏មានតម្លៃសម្រាប់យកទៅអនុវត្ត ជាពិសេសគឺសិក្សាពីមូលហេតុដែលវិស្វករដែលចុះបញ្ជីដំបូងមិនអាចបន្តចុះបញ្ជីជាវិស្វករអាជីព, យកចិត្តទុកដាក់ខ្ពស់ចំពោះវិស្វករដែលបានចុះបញ្ជីរួចហើយដូចជាការផ្តល់ការបណ្តុះបណ្តាលបន្ថែម និងខិតខំបញ្ចុះបញ្ជូលទាក់ទាញឱ្យមានការចុះបញ្ជីវិស្វករកាន់តែច្រើន ព្រមទាំងពិនិត្យមើលលក្ខខណ្ឌនៃការចុះបញ្ជីសម្រាប់វិស្វករដំបូង និងអាជីព ៕





រូបភាព៖ ក្រសួងការងារ
ប្រមុខរដ្ឋស្តីទីព្រមានមន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ជុំវិញការនាំចូលទំនិញថៃខុសច្បាប់
អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម
17-មិថុនា-2026 - ម៉ោង 10:01:AM
13-មិថុនា-2026 - ម៉ោង 03:12:PM
11-មិថុនា-2026 - ម៉ោង 12:46:PM
08-មិថុនា-2026 - ម៉ោង 02:39:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា