សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ

10 ម៉ោងមុន

 ដោយ៖ វិចិត្រ

 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអុកស្វាម (Oxfam) និងអង្គការអន្តរជាតិខាងការងារ (ILO) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម និងការជំរុញការឈានចូលក្នុងប្រព័ន្ធ» ដើម្បីជំរុញការគ្របដណ្តប់របបសន្តិសុខសង្គមដល់កម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍។

 

សិក្ខាសាលានេះ មានអ្នកចូលរួមប្រមាណ ២៥០នាក់ មកពីក្រសួង-ស្ថាប័នរដ្ឋ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សហជីព តំណាងកសិករ កម្មករក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ដើម្បីពិភាក្សាអំពីឱកាស និងសកម្មភាពអាទិភាព សម្រាប់ពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម និងពន្លឿនការឈានចូលក្នុងប្រព័ន្ធ។

 

តាមក្រសួងការងារ កម្ពុជាបានចូលរួមជាប្រទេសត្រួសត្រាយផ្លូវ “Pathfinder Country” នៃគំនិតផ្តួចផ្តើមកាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គម សម្រាប់អន្តរកាលយុត្តិធម៌ ចាប់តាំងពីឆ្នាំ២០២៣ និងបានអនុម័តផែនទីបង្ហាញផ្លូវជាតិនៅឆ្នាំ២០២៤។ ផែនការសកម្មភាពរយៈពេល៤ឆ្នាំ (២០២៥-២០២៨) នេះ មានគោលដៅលើការបង្កើតការងារ ការគាំពារសង្គម ការអភិវឌ្ឍជំនាញ ការអភិវឌ្ឍសហគ្រាស និងការលើកកម្ពស់ផលិតភាព ដើម្បីគាំទ្រដល់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

 

សិក្ខាសាលាបានគូសបញ្ជាក់ថា បច្ចុប្បន្នប្រមាណ ៨៨ភាគរយ នៃកម្លាំងពលកម្មនៅកម្ពុជា ស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើននៅមានការចូលដំណើរការការគាំពារសង្គម និងសិទ្ធិការងារតាមផ្លូវច្បាប់នៅមានកម្រិត។ ទោះជាយ៉ាងណា កម្ពុជាបានពង្រីកការគ្របដណ្តប់ការគាំពារសង្គមជាបន្តបន្ទាប់ ដោយមានប្រជាពលរដ្ឋប្រមាណ ៧លាននាក់ ឬស្មើនឹងប្រហែល ៤១ភាគរយ នៃប្រជាជនសរុប ទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាព។

 

អង្គសិក្ខាសាលាបានពិភាក្សាលើវិធានការពង្រឹងការចុះបញ្ជីក្នុងរបបសន្តិសុខសង្គម សម្រាប់កម្មករក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម កម្មករឌីជីថល និងបុគ្គលស្វ័យនិយោជន៍ ព្រមទាំងស្វែងរកគោលនយោបាយ និងយន្តការច្បាប់សមស្រប ដើម្បីធានាឱ្យកម្មករគ្រប់ប្រភេទអាចទទួលបានការគាំពារពីបេឡាជាតិសន្តិសុខសង្គម។

 

ជាលទ្ធផល សិក្ខាសាលាបានដាក់ចេញអនុសាសន៍សំខាន់ៗ រួមមាន ការពង្រឹងក្របខណ្ឌច្បាប់ និងយន្តការចុះឈ្មោះកម្មករធ្វើការងារឌីជីថល ការលើកកម្ពស់ការសម្របសម្រួលអន្តរក្រសួង ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការចុះបញ្ជី និងការពង្រីកការផ្សព្វផ្សាយដល់សហគមន៍។ អនុសាសន៍ទាំងនេះ ត្រូវបានចាត់ទុកថា ជាមូលដ្ឋានសម្រាប់ពង្រីកការគ្របដណ្តប់សន្តិសុខសង្គម ការពង្រឹងទីផ្សារការងារប្រកបដោយបរិយាបន្ន និងគាំទ្រការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជា ឆ្ពោះទៅរកការងារសមរម្យ និងការគាំពារសង្គមជាសកល៕

 

ព័ត៌មានទាក់ទង

កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុន​ឈាមនៅ​តែមានច្រើន អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុត​នៃជំងឺ​គ្រុន​ឈាម ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាល​ទាន់ពេលវេលា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម