
ដោយ៖ ថេង សាវឿន
ភ្នំពេញ,កម្ពុជាបានអំពាវនាវឱ្យអង្គការយូណេស្កូ ស្ថាប័នអន្តរជាតិ និងសហគមន៍អន្តរជាតិ ចាត់វិធានការបន្ទាន់ដើម្បីការពារ ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីអាជ្ញាធរកម្ពុជាអះអាងថា ប្រាសាទបុរាណនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារពីកងទ័ពថៃ ក្នុងអំឡុងការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែន។
ការអំពាវនាវនេះធ្វើឡើងតាមរយៈ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ស្របពេលលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងទៅកាន់កិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែកក្កដា នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។
លោកជំទាវ ភឿង សកុណា បានប្រាប់កិច្ចប្រជុំថា «ការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យបេតិកភណ្ឌពិភពលោកនេះទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់តម្លៃលេចធ្លោជាសកល (Outstanding Universal Value - OUV) សុក្រឹតភាព (Integrity) និងយថាភាព (Authenticity) របស់រមណីយដ្ឋាន»។
យោងតាមសេចក្ដីប្រកាសព័ត៌មាន កម្ពុជាបានបញ្ជាក់ថា ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ២០០៨ ដោយផ្អែកលើតម្លៃលេចធ្លោជាសកល ភាពពិតប្រាកដ និងភាពគង់វង្ស ដែលជាលក្ខណៈវិនិច្ឆ័យសំខាន់របស់អង្គការយូណេស្កូ។ កម្ពុជាបានសហការជាបន្តបន្ទាប់ជាមួយអង្គការយូណេស្កូ និងក្រុមប្រឹក្សាអន្តរជាតិសម្រាប់វិមាន និងរមណីយដ្ឋាន (ICOMOS) ក្នុងការអភិរក្ស និងគ្រប់គ្រងប្រាសាទ ដើម្បីរក្សាទុកតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងស្ថាបត្យកម្មសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។
ក្រសួងបានគូសបញ្ជាក់ថា ការវាយប្រហារ ការបំផ្លាញ ឬការធ្វើឱ្យខូចខាតដល់សម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងអំឡុងជម្លោះប្រដាប់អាវុធ គឺផ្ទុយនឹងច្បាប់ និងកាតព្វកិច្ចអន្តរជាតិ រួមទាំង អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ និង អនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ ដែលតម្រូវឱ្យរដ្ឋភាគីការពារសម្បត្តិវប្បធម៌ដែលមានតម្លៃជាសកល។
លោកជំទាវ ភឿង សកុណា បានបន្ថែមថា «រចនាសម្ព័ន្ធប្រាសាទបានរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់ ខណៈសហគមន៍មូលដ្ឋាននៅតែត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ និងមិនអាចចូលទៅកាន់ទីសក្ការបូជាដែលជាផ្នែកមួយនៃបេតិកភណ្ឌ វប្បធម៌ ប្រពៃណី សាសនា និងអត្តសញ្ញាណរបស់ពួកគេបានជាធម្មតានៅឡើយ»។
ក្រសួងបានឱ្យដឹងថា អាជ្ញាធរកម្ពុជាកំពុងវាយតម្លៃការខូចខាត និងអនុវត្តវិធានការអភិរក្សបន្ទាន់ ដោយសហការជាមួយអង្គការយូណេស្កូ ICOMOS និងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីកាត់បន្ថយហានិភ័យ និងរៀបចំផែនការស្ដារប្រាសាទឡើងវិញ។
លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបន្ទាន់សម្រាប់បេតិកភណ្ឌរបស់អង្គការយូណេស្កូ (UNESCO Heritage Emergency Fund) និងដៃគូអន្តរជាតិផ្សេងទៀត កម្ពុជាបានអនុវត្តវិធានការបន្ទាន់ជាច្រើន រួមមានការបោសសម្អាតគ្រាប់បែកចង្កោម និងបំណែកគ្រាប់កាំភ្លើងធំ ការរៀបចំឯកសារ 3D នៃប្រាសាទ ការការពារសំណង់ដែលងាយរងគ្រោះ និងការរៀបចំឯកសារបំណែកស្ថាបត្យកម្ម ដើម្បីគាំទ្រដល់ការងារអភិរក្ស និងជួសជុលឡើងវិញនាពេលអនាគត»។
លោកជំទាវបានអំពាវនាវឱ្យប្រទេសជាសមាជិកអង្គការយូណេស្កូ និងសហគមន៍អន្តរជាតិ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ផ្សេងទៀត ដោយបញ្ជាក់ថា បេតិកភណ្ឌពិភពលោកជាកម្មសិទ្ធិរួមរបស់មនុស្សជាតិ និងមិនគួរក្លាយជាគោលដៅនៃជម្លោះប្រដាប់អាវុធឡើយ។

គួររំលឹកថា ប្រាសាទព្រះវិហារ ក៏មានមូលដ្ឋានផ្លូវច្បាប់អន្តរជាតិយ៉ាងរឹងមាំ តាមរយៈសាលក្រមរបស់ តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice – ICJ)។
នៅក្នុងសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការបានសម្រេចថា ប្រាសាទព្រះវិហារស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដោយផ្អែកលើ ផែនទីឧបសម្ព័ន្ធទី១ (Annex I Map) នៃសន្ធិសញ្ញាបារាំង–សៀម និងគោលការណ៍ច្បាប់អន្តរជាតិ Estoppel។ តុលាការបានបង្គាប់ឱ្យថៃទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទ ដកកងកម្លាំងយោធា និងនគរបាលចេញពីប្រាសាទ និងតំបន់ជុំវិញ ព្រមទាំងប្រគល់វត្ថុបុរាណដែលបានយកចេញតាំងពីឆ្នាំ១៩៥៤ មកឱ្យកម្ពុជាវិញ។
ក្រោយការប៉ះទង្គិចនៅតាមព្រំដែនក្នុងអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ កម្ពុជាបានស្នើឱ្យ ICJ បកស្រាយសាលក្រមឆ្នាំ១៩៦២ បន្ទាប់ពីថៃអះអាងថា សេចក្ដីសម្រេចដើមគ្របដណ្ដប់តែតួប្រាសាទប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្នុងសាលក្រមបកស្រាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការបានបញ្ជាក់ជាឯកច្ឆន្ទថា សាលក្រមឆ្នាំ១៩៦២ បានប្រគល់អធិបតេយ្យភាពជូនកម្ពុជាលើដែនដីទាំងមូលនៃ ជ្រោយប្រាសាទព្រះវិហារ (Promontory of Preah Vihear) រួមទាំងតំបន់ជុំវិញប្រាសាទ ហើយថៃមានកាតព្វកិច្ចដកកងកម្លាំងប្រដាប់អាវុធចេញពីតំបន់នោះ។
កម្ពុជាបានលើកឡើងថា សាលក្រមទាំងពីររបស់តុលាការយុត្តិធម៌អន្តរជាតិ រួមជាមួយអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ បង្កើតបានជាមូលដ្ឋានច្បាប់ដ៏រឹងមាំសម្រាប់ការការពារ និងអភិរក្សប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងជាមរតករួមរបស់មនុស្សជាតិ។
រហូតមកដល់ពេលចេញផ្សាយអត្ថបទនេះ ភាគីថៃមិនទាន់បានឆ្លើយតបជាសាធារណៈចំពោះសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជានៅឡើយទេ។ កន្លងមក ថៃធ្លាប់បញ្ជាក់ថា ខ្លួនគោរពសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ប៉ុន្តែមានការបកស្រាយខុសគ្នាពាក់ព័ន្ធនឹងវិសាលភាពនៃការកំណត់ព្រំដែននៅតំបន់ជុំវិញប្រាសាទព្រះវិហារ។



កម្ពុជាអំពាវនាវសហគមន៍អន្តរជាតិការពារប្រាសាទព្រះវិហារ ខណៈអះអាងថារងការខូចខាតពីការវាយប្រហាររបស់កងទ័ពថៃ
រដ្ឋាភិបាលផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ឆ្នាំ២០២៦
អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក
វត្តអារាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាញាណ និងសីលធម៌ដ៏រឹងមាំសម្រាប់សង្គមជាតិ
ប្រទេសថៃគ្រោងនឹងជួសជុលប្រាសាទតាក្របីរយៈពេលពីរឆ្នាំ
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធរៀបចំឱ្យបានផុលផុសក្នុងការលេង ល្បែងប្រជាប្រិយខ្មែរ
06-កក្តដា-2026 - ម៉ោង 11:20:AM
01-កក្តដា-2026 - ម៉ោង 10:26:AM
23-មិថុនា-2026 - ម៉ោង 11:50:AM
18-ឧសភា-2026 - ម៉ោង 12:10:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា