សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ

12 ម៉ោងមុន

ដោយ៖ ថេង សាវឿន 
ភ្នំពេញ, ថ្ងៃទី២២ ខែកក្កដា
— រាជរដ្ឋាភិបាលកម្ពុជា កំពុងពន្លឿនការអនុវត្តផែនទីបង្ហាញផ្លូវជាតិសម្រាប់ កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលប្រកបដោយយុត្តិធម៌ ដោយផ្តោតលើការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម និងការជំរុញឱ្យកម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឈានចូលក្នុងប្រព័ន្ធផ្លូវការ ខណៈការប្រែប្រួលនៃសេដ្ឋកិច្ច បច្ចេកវិទ្យា បម្រែបម្រួលអាកាសធាតុ និងទីផ្សារការងារពិភពលោក កំពុងបង្កើតបញ្ហាប្រឈមថ្មីសម្រាប់កម្មករ កសិករ និងអ្នកប្រកបរបរស្វ័យនិយោជន៍។

 

ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការអុកស្វាម (Oxfam Cambodia) រៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកក្កដា ដោយមានអ្នកចូលរួមប្រមាណ ២៥០នាក់ មកពីក្រសួង ស្ថាប័នរដ្ឋ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សហជីព តំណាងកសិករ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកធ្វើការងារឯករាជ្យ។

 

សិក្ខាសាលានេះមិនត្រឹមតែផ្សព្វផ្សាយវឌ្ឍនភាពនៃផែនទីបង្ហាញផ្លូវជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីកំណត់សកម្មភាពអាទិភាពសម្រាប់ពង្រីកការងារសមរម្យ និងការគាំពារសង្គមឱ្យគ្របដណ្តប់ដល់កម្មករទាំងក្នុង និងក្រៅប្រព័ន្ធ ដែលនៅតែជាក្រុមធំមួយនៃកម្លាំងពលកម្មរបស់ប្រទេស។

 

កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលប្រកបដោយយុត្តិធម៌ គឺជាគំនិតផ្តួចផ្តើមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានដាក់ឱ្យដំណើរការនៅឆ្នាំ២០២១ ដើម្បីជួយប្រទេសនានាបង្កើតការងារសមរម្យ ពង្រីកប្រព័ន្ធគាំពារសង្គម និងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព។ កម្ពុជាបានចូលរួមជាប្រទេសត្រួសត្រាយផ្លូវកាលពីឆ្នាំ២០២៣ ហើយបានអនុម័តផែនទីបង្ហាញផ្លូវជាតិរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២៤ ដើម្បីជាមូលដ្ឋានសម្រាប់ការអនុវត្តគោលនយោបាយ និងការសម្របសម្រួលរវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ក្នុងគោលបំណងធានាថាកំណើនសេដ្ឋកិច្ចអាចផ្តល់ផលប្រយោជន៍ដល់កម្មករគ្រប់ក្រុម។

ថ្លែងបើកសិក្ខាសាលា លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការអនុវត្តផែនទីបង្ហាញផ្លូវនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទាំងកម្មករក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ទទួលបានការងារសមរម្យ និងការគាំពារសង្គមប្រកបដោយសមធម៌។

 

«កម្មវិធីថ្ងៃនេះ គឺជាការប្តេជ្ញាចិត្តក្នុងការមិនទុកនរណាម្នាក់ចោល។ យើងត្រូវធ្វើការរួមគ្នា ដើម្បីធានាថាកម្មករក្នុង និងក្រៅប្រព័ន្ធ ទទួលបានការងារសមរម្យ មានជីវភាពសមរម្យ និងទទួលបានការគាំពារសង្គមប្រកបដោយគុណភាព» លោកជំទាវបានមានប្រសាសន៍។

 

លោកជំទាវបានបញ្ជាក់ថា កម្ពុជាកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃទីផ្សារការងារ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងតំបន់។ បញ្ហាទាំងនេះទាមទារឱ្យមានគោលនយោបាយដែលអាចឆ្លើយតបបានទាន់ពេល និងមានភាពបរិយាបន្ន ដើម្បីធានាថាកម្មករគ្រប់ប្រភេទអាចទទួលបានឱកាសការងារ និងការការពារសង្គមស្មើភាពគ្នា។

 

លោកជំទាវបានបន្ថែមថា សិក្ខាសាលានេះក៏មានគោលបំណងពង្រឹងការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីគំនិតផ្តួចផ្តើមកាតាលីករសកល និងការប្តេជ្ញាចិត្តរបស់កម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សហជីព និងតំណាងកម្មករនៅថ្នាក់មូលដ្ឋាន។ អ្នកចូលរួមក៏បានផ្តល់អនុសាសន៍លើការពង្រីកការគ្របដណ្តប់ការគាំពារសង្គមដល់កម្មករក្រៅប្រព័ន្ធ និងអ្នកធ្វើការងារឯករាជ្យ ការកែលម្អក្របខណ្ឌច្បាប់សម្រាប់ទម្រង់ការងារថ្មីៗ និងការកសាងភាពជាដៃគូសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវឱ្យកាន់តែមានប្រសិទ្ធភាព។

អ្នកស្រី Helen Kirsch មន្ត្រីបច្ចេកទេសផ្នែកការងារសមរម្យ និងការគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) បានមានប្រសាសន៍ថា កម្ពុជាបានបង្ហាញភាពជាម្ចាស់យ៉ាងច្បាស់លាស់ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ តាមរយៈការដាក់ចេញគោលនយោបាយ និងផែនការសកម្មភាពជាក់លាក់ ដែលជាមូលដ្ឋានសម្រាប់ពង្រឹងប្រព័ន្ធការងារ និងការគាំពារសង្គមនៅក្នុងប្រទេស។

 

«ផែនទីបង្ហាញផ្លូវនេះ មិនមែនគ្រាន់តែជាឯកសារគោលនយោបាយនោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់បម្លែងគោលនយោបាយទៅជាសកម្មភាពជាក់ស្តែង ដែលអាចពង្រីកការគាំពារសង្គមដល់ក្រុមកម្មករងាយរងគ្រោះ និងទម្រង់ការងារថ្មីៗ» អ្នកស្រីបានមានប្រសាសន៍។

 

អ្នកស្រីបានកត់សម្គាល់ថា កម្មករវេទិកាឌីជីថល អ្នកដឹកជញ្ជូនតាមកម្មវិធីទូរស័ព្ទ កសិករ និងអ្នកធ្វើការងារឯករាជ្យជាច្រើន នៅមិនទាន់ទទួលបានការគ្របដណ្តប់សន្តិសុខសង្គមគ្រប់គ្រាន់នៅឡើយ។ អ្នកស្រីបានបញ្ជាក់ថា ILO នឹងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ការស្រាវជ្រាវ និងភស្តុតាងវិទ្យាសាស្ត្រ ដើម្បីជួយកម្ពុជាកែលម្អគោលនយោបាយ ក្របខណ្ឌច្បាប់ និងយន្តការការពារសង្គមឱ្យស្របតាមការវិវត្តនៃទីផ្សារការងារ និងទម្រង់ការងារថ្មីៗ។

អ្នកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមកម្ពុជា បានមានប្រសាសន៍ថា កម្មករក្រៅប្រព័ន្ធ និងអ្នកធ្វើការងារឯករាជ្យ គឺជាកម្លាំងស្នូលនៃសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែមនុស្សជាច្រើននៅតែជួបប្រទះឧបសគ្គក្នុងការទទួលបានការគាំពារសង្គម និងការទទួលស្គាល់តាមផ្លូវច្បាប់។

«កម្មករក្រៅផ្លូវការ និងអ្នកធ្វើការងារឯករាជ្យ គឺជាបេះដូងនៃសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែមនុស្សជាច្រើននៅតែប្រឈមមុខនឹងឧបសគ្គធំៗក្នុងការទទួលបានការគាំពារសង្គម និងការទទួលស្គាល់ផ្នែកច្បាប់។ វឌ្ឍនភាពប្រកបដោយចីរភាព អាចសម្រេចបានតែតាមរយៈភាពជាដៃគូ ដែលដាក់កម្មករងាយរងគ្រោះនៅចំកណ្តាលនៃគោលនយោបាយ និងសកម្មភាព»

 

អ្នកស្រីបានបន្ថែមថា បម្រែបម្រួលអាកាសធាតុ ការប្រែប្រួលរដូវកាល ការធ្លាក់ចុះនៃផលិតកម្មកសិកម្ម និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច កំពុងធ្វើឱ្យគ្រួសារកសិករ និងកម្មករក្រៅប្រព័ន្ធជាច្រើនប្រឈមនឹងហានិភ័យបាត់បង់ប្រាក់ចំណូល និងធ្លាក់ចូលក្នុងភាពក្រីក្រ ប្រសិនបើមិនមានប្រព័ន្ធគាំពារសង្គមដែលមានប្រសិទ្ធភាព។ អង្គការអុកស្វាមបានបញ្ជាក់ថា ខ្លួននឹងបន្តសហការជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអង្គការកម្មករ ដើម្បីជំរុញឱ្យការគាំពារសង្គមគ្របដណ្តប់ដល់ក្រុមកម្មករងាយរងគ្រោះ និងគាំទ្រការអនុវត្តផែនទីបង្ហាញផ្លូវជាតិឱ្យទទួលបានលទ្ធផលជាក់ស្តែង។

 

សិក្ខាសាលាបានបញ្ចប់ដោយការអំពាវនាវឱ្យរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និយោជក អង្គការកម្មករ និងអង្គការសង្គមស៊ីវិល បន្តធ្វើការរួមគ្នា ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជា និងពង្រីកការងារសមរម្យ និងការគាំពារសង្គមដល់កម្មករគ្រប់រូប ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលនយោបាយអភិវឌ្ឍន៍ជាតិ។

ព័ត៌មានទាក់ទង

កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុន​ឈាមនៅ​តែមានច្រើន អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុត​នៃជំងឺ​គ្រុន​ឈាម ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាល​ទាន់ពេលវេលា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម