សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជាអំពាវនាវឱ្យអាស៊ានបង្កើនសម្ពាធលើថៃ ដើម្បីគោរពច្បាប់អន្តរជាតិ និងបញ្ឈប់ភាពតានតឹងតាមព្រំដែន

ម្សិលមិញ ម៉ោង 06:33:PM

ដោយ៖ ថេង សាវឿន 

កម្ពុជាបានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកអាស៊ាន បន្តប្រើប្រាស់យន្តការការទូត និងសម្ពាធរួម ដើម្បីជំរុញឱ្យប្រទេសថៃ គោរពធម្មនុញ្ញអាស៊ាន ច្បាប់អន្តរជាតិ និងបញ្ឈប់សកម្មភាព ដែលប្រទេសកម្ពុជា ចាត់ទុកថា ជាការរំលោភលើអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់កម្ពុជា ។

 

ការអំពាវនាវនេះ ត្រូវបានលើកឡើងដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាពេលថ្មីៗនេះនៅប្រទេសហ្វីលីនពីន ។

 

យោងតាម សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន បានជម្រាបជូន រដ្ឋមន្ត្រីការបរទេសអាស៊ាន អំពីស្ថានការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានអំពាវនាវឱ្យ បណ្តាប្រទេសជាសមាជិកអាស៊ាន បន្តគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់អន្តរជាតិ ។

 

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយវិវាទ ដោយសន្តិវិធី ហើយជំរុញឱ្យគ្រប់ភាគីគោរព អធិបតេយ្យភាព បូរណភាពទឹកដី និង ការមិនប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ។

 

ក្រសួងការបរទេសបានឱ្យដឹងថា លោក ប្រាក់ សុខុន ក៏បានអំពាវនាវឱ្យ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) និង បណ្តារដ្ឋសមាជិកអាស៊ាន បន្តលើកកម្ពស់គោលការណ៍សន្តិភាព នីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស និង ការអនុវត្តធម្មនុញ្ញអាស៊ាន ដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង និងលើកកម្ពស់ស្ថិរភាពក្នុងតំបន់ ។

 

នៅក្នុងកិច្ចប្រជុំដដែល លោកក៏បានលើកឡើងពីសារៈសំខាន់នៃ សន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ ដោយជំរុញឱ្យរដ្ឋសមាជិក បន្តគាំទ្រការដោះស្រាយវិវាទតាមរយៈការចរចា ការទូត និង ច្បាប់អន្តរជាតិ ជំនួសឱ្យការប្រើប្រាស់កម្លាំង ។

 

កម្ពុជាបានបញ្ជាក់ថា ខ្លួននឹងបន្តប្រើប្រាស់គ្រប់យន្តការច្បាប់ និង ការទូតដែលមានស្រាប់ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និង ផលប្រយោជន៍ជាតិ ព្រមទាំងស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី និង និរន្តរភាពចំពោះវិវាទ ជាមួយប្រទេសជិតខាង ។

 

ប្រជាពលរដ្ឋ ដែលកំពុងរស់នៅជាជនភៀសសឹក តាមតំបន់ព្រំដែន បាននិយាយថា ចាប់តាំងពីឆ្នាំ២០២៥ ការប្រឈមមុខដាក់គ្នារវាងកងកម្លាំងកម្ពុជា និងថៃ និងអ្វី ដែលកម្ពុជាចាត់ទុកថាជាសកម្មភាពឈ្លានពានរបស់កងទ័ពថៃ បានធ្វើឱ្យតំបន់ព្រំដែនមួយចំនួន ក្លាយជាតំបន់ប្រយុទ្ធ ។ ពួកគេបាននិយាយថា ស្ថានការណ៍នេះបានបង្ខំឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារបោះបង់ចោលលំនៅដ្ឋាន ទ្រព្យសម្បត្តិ និង ស្រែចម្ការ ដែលជាប្រភពចំណូល សំខាន់របស់គ្រួសារ ដើម្បីភៀសខ្លួនទៅរកទីជម្រកមានសុវត្ថិភាព ។

 

ប្រជាពលរដ្ឋបានរៀបរាប់ថា រូបភាពមនុស្សចាស់ កុមារ និងស្ត្រី រត់ភៀសខ្លួនចេញពីតំបន់ប្រយុទ្ធ កាត់ផ្សែងអាវុធ និងសំឡេងផ្ទុះ គឺជាបទពិសោធន៍ដ៏ឈឺចាប់ដែលពួកគេ មិនអាចបំភ្លេចបាន ។ សម្រាប់គ្រួសារជាច្រើន ការចាកចេញពីផ្ទះមិនត្រឹមតែមានន័យថាបាត់បង់ទីជម្រកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់ដីធ្លី ស្រែចម្ការ និង ប្រភពជីវភាពដែលពួកគេបានពឹងផ្អែកអស់ជាច្រើនឆ្នាំ ។

 

ប្រជាពលរដ្ឋដែលបានភៀសខ្លួនបានប្រាប់ថា បច្ចុប្បន្នពួកគេកំពុងរស់នៅតាមមជ្ឈមណ្ឌលជម្រកបណ្តោះអាសន្ន ក្រោមស្ថានភាពខ្វះខាតស្បៀងអាហារ ទឹកស្អាត សេវាសុខាភិបាល និងជម្រកសមរម្យមិនដូចផ្ទះខ្លួនធ្លាប់រស់នៅឡើយ ។ ពួកគេបាននិយាយថា ភាពមិនច្បាស់លាស់នៃស្ថានការណ៍សន្តិសុខ ការគំរាមកំហែងពីគ្រាប់មិនទាន់ផ្ទុះ និង ហានិភ័យនៅតាមតំបន់ព្រំដែន នៅតែជាឧបសគ្គដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើន មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋាន និង ស្រែចម្ការរបស់ខ្លួនវិញបាន ។

 

អ្នកភៀសសឹកមួយចំនួនបាននិយាយថា ទោះបីពួកគេចង់វិលត្រឡប់ទៅផ្ទះ និងចាប់ផ្តើមកសាងជីវភាពឡើងវិញក៏ដោយ ប៉ុន្តែការព្រួយបារម្ភអំពីសុវត្ថិភាព និង ភាពមិនប្រាកដប្រជានៃស្ថានការណ៍នៅតាមព្រំដែន បានធ្វើឱ្យពួកគេបន្តរស់នៅក្នុងជម្រកបណ្តោះអាសន្ន ដោយរង់ចាំដំណោះស្រាយប្រកបដោយសន្តិវិធី ។

 

លោក ប្រាក់ សុខុន បានអំពាវនាវឱ្យអាស៊ាន និង សហគមន៍អន្តរជាតិ បន្តគាំទ្រដល់ការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និង គោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និង ធម្មនុញ្ញអាស៊ាន ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និង សន្តិសុខប្រកបដោយចីរភាពនៅក្នុងតំបន់ ។

ព័ត៌មានទាក់ទង

កម្ពុជាអំពាវនាវឱ្យអាស៊ានបង្កើនសម្ពាធលើថៃ ដើម្បីគោរពច្បាប់អន្តរជាតិ និងបញ្ឈប់ភាពតានតឹងតាមព្រំដែន កម្ពុជាច្រានចោលការអះអាងរបស់ថៃ ជំរុញឱ្យបន្តការកំណត់ព្រំដែនគោក ខណៈដំណើរការ UNCLOS បន្តដោយឡែក កម្ពុជារក្សាជំហរដោះស្រាយវិវាទដោយសន្តិវិធីទាំងដែនទឹក និងដែនគោក ខណៈជប៉ុនផ្តល់ជំនួយសន្តិសុខជាតិលើកដំបូង កម្ពុជា-ថៃ ឯកភាពផ្តល់ពេលបន្ថែមដល់អ្នកផ្សះផ្សា ដើម្បីជ្រើសរើសប្រធានគណៈកម្ម​ការ​ផ្សះ​ផ្សា​វិវាទដែនសមុទ្រ ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យស្ថានភាពជនផ្លាស់ទីលំនៅនៅខេត្តព្រះវិហារ គ្រាដែលកម្ពុជាអំពាវនាវឱ្យពន្លឿនការវាស់វែងព្រំដែន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈបោះឆ្នោតបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការអាស៊ានចំនួន៤ ទៅក្នុងសម័យប្រជុំពេញអង្គ មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធ ផ្តល់យោបល់ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តឧត្តរមានជ័យ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម